តើអ្នកដឹងទេ នរណាជាអ្នកដែលនៅពីក្រោយក្រុមហ៊ុនរថយន្ដទំនើបលើលោកទាំង៧នេះ?

ជាការពិតណាស់រថយន្ដគឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែស្រមៃប្រាថ្នាចង់បាន ទោះបីជារថយន្ដខ្លះតម្លៃរបស់វារាងថ្លៃបន្ដិចក៏ដោយ ។ ម្យ៉ាងវិញទៀតរថយន្ដទាំងនោះត្រូវបានបង្កើតឡើងជាមួយរូបរាងដ៏ល្អឥតខ្ចោះ និងមានច្រើនប្រភេទសម្រាប់ឲ្យយើងជ្រើសរើស តែពួកយើងមិនទាន់បានដឹងថានណារជាអ្នកគ្រប់គ្រង ឬក៏ជាអ្នកបង្កើតរថយន្ដទាំងអស់នោះឡើយ។

ខាងក្រោមនេះនឹងបង្ហាញអ្នកពីប្រភេទរថយន្ដល្បីៗមួយចំនួន ជាមួយនឹងស្ថាបនិកដែលបានបង្កើតវាឡើង ៖

ទី១ រថយន្ដ Aston Martin

រថយន្ដ Aston Martin ដែលមានឈ្មោះក្រុមហ៊ុនពេញ Aston Martin Lagonda Global Holding plc គឺជាក្រុមហ៊ុនដែលផលិតរថយន្ដស្ព័រ និងរថយន្ដប្រភេទ SUV ដ៏ប្រណិតមួយ ។ វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៣ ដោយលោក Lionel Martin និងលោក Robert Bamford  ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Gaydon នៃប្រទេសអង់គ្លេស ។

ទី២ រថយន្ដ BMW

ក្រុមហ៊ុន Bayerische Motoren Werke AG ដែលត្រូវបានគេស្គាល់ជាទូទៅថាជា BMW វាជាក្រុមហ៊ុនដែលផលិតរថយន្ដប្រភេទSUV និងម៉ូតូដ៏ទំនើប ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១៦ ដោយស្ថាបនិកចំនួន៣រូបគឺលោក Camillo Castiglioni​  លោកFranz Josef Popp និងលោក Karl Rapp ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ ។

ទី៣ រថយន្ដ Ferrari

ក្រុមហ៊ុន Enzo Ferrari ជាក្រុមហ៊ុនមួយដែលផលិតរថយន្ដស្ព័រឈានមុខគេនៅក្នុងពិភពលោក។ ក្រុមហ៊ុនមួយនេះបានបង្កើតឡើងដោយលោក Enzo Ferrari នៅក្នុងឆ្នាំ ១៩៣៩ ដែលស្ថិតក្នុងទីក្រុង Modena នៃប្រទេសអ៊ីតាលី ។

ទី៤ រថយន្ដ Ford

ក្រុមហ៊ុន Ford Motor Company គឺជាក្រុមហ៊ុនមួយដែលផលិតរថយន្ដមានលក្ខណៈចម្រុះ វាត្រូវបានបង្កើតឡើងដោយលោក Henry Ford នៅក្នុងឆ្នាំ ១៩០៣។  ក្រុមហ៊ុននេះមានទីស្នាក់ការកណ្ដាលនៅក្រុង Dearborn ស្ថិតក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិក។ Ford ក៏មានដៃគូរបណ្ដាក់ទុនជាមួយប្រទេសជាច្រើនទៀតដូចជា ប្រទេសចិន តៃវ៉ាន់ ថៃ តួកគី និងរុស្សីផងដែរ ។

ទី៥ រថយន្ដ Honda

ក្រុមហ៊ុន Honda Motor Company, Ltd  គឺជាក្រុមហ៊ុនដែលផលិតយាន្ដយន្ដ រថយន្ដ ហើយនិងឧបករណ៍ផ្សេងៗទៀតដែលប្រើប្រាស់ដោយថាមពល ។ វាត្រូវបានបង្កើតឡើងដោយស្ថាបនិកពីររូបគឺលោក Soichiro Honda និងលោកTakeo Fujisawa នៅក្នុងឆ្នាំ ១៩៤៨ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Tokyo នៃប្រទេសជប៉ុន ។

ទី៦ រថយន្ដ Hyundai

ក្រុមហ៊ុន Hyundai Motor Company ជាក្រុមហ៊ុនផលិតគ្រឿងយន្ដចម្រុះមួយរបស់ប្រទេសកូរ៉េ ដែលត្រូវបានបង្កើតឡើងដោយលោក Chung Ju-yung នៅក្នុងឆ្នាំ ១៩៦៧ ។ វាមានទីស្នាក់ការកណ្ដាលនៅក្រុង ស៊េអូល នៃកូរ៉េខាងត្បូង ។

ទី៧ រថយន្ដ Tesla

រថយន្ដ Tesla ត្រូវបានបង្កើតឡើងដោយស្ថាបនិកចំនួន ៤ រូបគឺលោក Martin Eberhard , លោកMarc Tarpenning , លោក Elon Musk និងលោក J.B. Straubel នៅក្នុងឆ្នាំ ២០០៣ ។ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Palo Alto នៃរដ្ឋ California ដែលស្ថិតក្នុងប្រទេសអាមេរិក ។

សរុបមកវិញ ខាងលើគឺជាឆ្នាំដែលក្រុមហ៊ុនរថយន្ដនីមួយៗបានបង្កើតឡើង ព្រមទាំងជាមួយនឹងស្ថាបនិក និងទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនទាំងអស់នោះ៕

អត្ថបទដោយ ៖ ចន្ថា