យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្ដិចបាន បង្ហើបប្រាប់ឲ្យដឹងថា របរចិញ្ចឹមត្រីមួយប្រភេទ ពោលគឺត្រី កន្ធរ អាចធ្វើឲ្យកសិករម្នាក់រស់នៅក្នុងខេត្តត្បូងឃ្មុំអាចរកប្រាក់ចំណូលបាន ៤០០០ ដុល្លារក្នុងមួយខែ។
លោក គឹម តារារិទ្ធ គឺជាម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែងស្ថិតនៅក្នុងឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ លោកបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណ៧ប្រភេទ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅ រាជធានី-ខេត្តផ្សេងៗទៀត។
លោកបញ្ជាក់ថា មុខរបរចិញ្ចឹមត្រីកន្ធរគឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុន ពីបច្ចេកទេសនៃការចិញ្ចឹមឱ្យមានសុវត្ថិភាព ជាដំបូងយើងត្រូវសិក្សាទៅលើប្រភេទទឹកដែលជាប្រភេទទឹកធម្មជាតិ ពិសេសគឺត្រូវសិក្សាស្វែងយល់ពីការបង្កាត់ពូជ និងការឱ្យចំណីឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យខាតបង់ថវិកា។
លោកបន្ថែមថាក្នុងមួយខែ លោកអាចរកចំណូលបានពីចន្លោះ ៤០០០ ដុល្លារហូតដល់៥០០០ដុល្លារ ពីការលក់ពូជត្រីទាំងអស់នៅក្នុងកសិដ្ឋាននេះ។
លោក គឹម តារារិទ្ធ បានចាប់យកមុខរបរចិញ្ចឹមត្រីនេះ រយៈពេល២ឆ្នាំមកហើយ ដែលមានសមាជិក១០នាក់ ចូលរួមនិងមានចិញ្ចឹមពូជត្រីជាច្រើនប្រភេទផ្សេងទៀតដូចជា កូនត្រីប្រា កូនត្រីក្រាញ់ ត្រីឆ្ពិន ត្រីទីឡាព្យ៉ា ត្រីរ៉ស់ និង ត្រីឆ្ដោជាដើម។
សូមបញ្ជាក់ដែរថា បច្ចុប្បនុ្ន ត្រីប្រភេទនេះកំពុងតែមានតម្រូវការគួរសមណាស់ដែរ សម្រាប់អ្នកបរិភោគ និងអ្នកយកទៅចិញ្ចឹមលក់បន្ត។ ដូច្នេះហើយក្រៅពីប្រភេទត្រីដែលពេញនិយមដូចជា ប្រា កូនត្រីក្រាញ់ ត្រីឆ្ពិន ត្រីទីឡាព្យ៉ា ត្រីរ៉ស់ និង ត្រីឆ្ដោ បងប្អូនប្រជាពលរដ្ឋក៏អាចសាកល្បង ងាកមកចិញ្ចឹមនូវត្រី កន្ធរ នេះផងដែរ៕
ដោយ៖ ស្រីពេជ្រ