ទស្សនដ៏មានតម្លៃចំនួន ៣របស់ William Shakespeare ដែលមានឥទ្ធិពលដល់ការរស់នៅរបស់មនុស្សរហូតដល់ពេលបច្ចុប្បន្ន

William Shakespeare គឺជាអ្នកនិពន្ធរឿង និពន្ធកំណាព្យ និងជាតារាសម្ដែងជនជាតិអង់គ្លេសដ៏ឆ្នើមម្នាក់។ លោកកើតនៅខែ មេសា ឆ្នាំ១៥៦៤ ក្នុងចក្រភពអង់គ្លេស។ បើទោះជាលោកបានលាចាកលោកជាយូរណាស់ទៅហើយក្ដី ពោលគឺនៅថ្ងៃទី២៣ ខែមេសា​ ឆ្នាំ១៦១៦ ក៏កិត្តិនាមរបស់លោកនៅតែល្បីល្បាញ និងដកជាប់ក្នុងដួងចិត្តមហាជន ពិសេសអ្នកដែលនិយមចូលចិត្តអានប្រលោមលោក​​ ហើយស្នាដៃរបស់លោកដែលមានភាពល្បីល្បាញរហូតដល់បច្ចុប្បន្ននោះគឺតាមរយៈការនិពន្ធរឿង Hamlet and Romeo Juliet។ ខាងក្រោមនេះគឺជាទស្សនៈមួយចំនួនរបស់លោកដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃ។

១. មនុស្សល្ងង់គិតថាខ្លួនឯងមានប្រាជ្ញា មនុស្សឆ្លាតគិតថាខ្លួនឯងល្ងង់

ជាការពិតណាស់មិនថាពេលវេលាក្នុងសម័យកាលណាឡើយគឺសុទ្ធតែមាននូវប្រភេទមនុស្សខុសៗគ្នាជាច្រើន។​ ចំពោះផ្នែកចំណេះដឹងយើងសង្កេតឃើញភាគច្រើននៃអ្នកដែលមិនសូវមានចំណេះដឹងឬការអប់រំពួកគេតែងតែគិតថាខ្លួនជាមនុស្សឆ្លាតគ្រប់គ្រាន់មិនត្រូវការអ្នកដទៃមកណែនាំឡើយ។ ទាំងនេះគឺជាហេតុដែលនាំឲ្យពួកគេមិនអាចមានគំនិត ឬការរស់នៅរីកចម្រើនលូតលាស់បាន។ រីឯមនុស្សឆ្លាតពិតប្រាកដគេតែងតែដាក់ខ្លួនទៅតាមកាលៈទេសៈដើម្បីអាចឲ្យពួកគេមានឱកាសបានស្វែងយល់នូវចំណេះដឹងថ្មីបន្ថែមទៀត។

២.គ្មានអ្វីដែលល្អ​ ឬអាក្រក់នោះទេ ប៉ុន្តែការគិតជាអ្នកបង្កើតវាឡើង

រឿងរ៉ាវទាំងអស់នៅលើលោក ល្អឬអាក្រក់គឺអាស្រ័យនៅលើគំនិតរបស់មនុស្សម្នាក់ៗ បើគេគិតថាល្អគឺប្រាកដជាល្អសម្រាប់ខ្លួនគេ។​ ការគិតពិតជាមានឥទ្ធិពលខ្លាំងណាស់ក្នុងការកំណត់លទ្ធផលនៃកិច្ចការនីមួយៗ។ ដូច្នេះ ចូរប្រើនូវភាពឈ្លាសវៃរបស់គិតរឿងល្អៗឲ្យបានច្រើនជាងរឿងអាក្រក់ៗ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកំណត់ភាពសុខុដុម ឬទុក្ខសោកក្នុងជីវិតរស់នៅរបស់បុគ្គលម្នាក់ៗ។

៣.ការគ្រប់គ្រងជោគវាសនារបស់យើងមិនមែនស្ថិតនៅលើផ្កាយទេ​ប៉ុន្តែវាស្ថិតនៅក្នុងខ្លួនរបស់យើង

វាសនារបស់មនុស្សគឺមនុស្សជាអ្នកកំណត់ មិនមែនអ្វីដែលអាចមកកំណត់វាសនាយើងបានក្រៅពីខ្លួនយើងឡើយ។ បើយើងប្រាថ្នាចង់បានជីវិតដ៏ល្អប្រសើរ លុះត្រាតែយើងប្រព្រឹត្តនូវសកម្មភាពដែលមានលក្ខណៈល្អប្រសើរដូចគ្នា ចង់បានភាពស្មោះត្រង់ពីអ្នកដទៃលុះត្រាយើងយើងមានភាពស្មោះត្រង់ចំពោះខ្លួនឯងនិងអ្នកដទៃ​ដូចពាក្យចាស់លោកពោលថា«ដាំពូជអ្វីទទួលបានផ្លែផ្កានោះ»​ ជោគវាសនារបស់យើងគឺស្ថិតនៅលើការគិត និងសកម្មភាពរបស់យើងប្រចាំថ្ងៃនេះឯង។

អត្ថបទ៖ យាន់ ម៉ីហ័ង