ទស្សនៈអាជីវកម្ម៖ ហេតុផលទាំង ៥ចំណុចនេះនឹងជំរុញឲ្យអ្នកហ៊ានបើកអាជីវកម្មដោយខ្លួនឯង

ការចាប់ផ្តើមអាជីវកម្មខ្នាតតូចគឺជាជំហានដ៏ធំមួយសម្រាប់បុគ្គលគ្រប់រូបក្នុងការចាប់ផ្តើមអាជីវកម្មដំបូង ព្រោះវាទាមទារឲ្យអ្នកលះបង់នូវភាពសុខស្រួល និងសុវត្ថិភាពនៃការងារប្រចាំថ្ងៃរបស់អ្នក និងដើម្បីប្រឈមនឹងអនាគតហិរញ្ញវត្ថុដែលមិនប្រាកដប្រជាមួយ។ អាជីវកម្មខ្នាតតូចតម្រូវឱ្យមានផែនការច្រើន ហើយដើមទុនដំបូងគឺសំខាន់ណាស់ដើម្បីទ្រទ្រង់អាជីវកម្មក្នុងអំឡុងពេលចាប់ផ្តើម។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗមួយចំនួនដែលធ្វើឱ្យមនុស្សហ៊ានលះបង់ការងារប្រចាំថ្ងៃមកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនវិញ៖

១ សក្តានុពលនៃប្រាក់ចំណូល

នៅពេលអ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកមានឱកាសទទួលបានប្រាក់ចំណូលមិនកំណត់ដោយផ្អែកលើការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់អ្នក។ វាមានភាពខុសគ្នាពីការធ្វើការឱ្យក្រុមហ៊ុនដែលប្រាក់ចំណូលរបស់អ្នកអាចត្រូវបានកំណត់ដោយប្រាក់ខែឬការវាយតម្លៃលើការអនុវត្តការងាររបស់អ្នកដោយថ្នាក់លើ។

២ ដេញតាមចំណង់ចំណូលចិត្ត

ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនបានអនុញ្ញាតឱ្យអ្នករកប្រាក់ចំណូលបានស្របពេលដែលអ្នកអាចស្វែងរកអ្វីដែលខ្លួនឯងស្រឡាញ់និងមានចំណង់ចំណូលក្នុងការធ្វើវាឡើង។ អ្នកអាចចាប់យកអ្វីដែលអ្នកស្រឡាញ់មកធ្វើជាជំនាញក្នុងអាជីវកម្មបានព្រោះការធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្តនោះ វានឹងជំរុញឲ្យអ្នកធ្វើអ្វីមួយបានកាន់តែល្អប្រសើរ​ហើយធ្វើបានយូរសអង្វែងទៀតផង។

គំនិតល្អ

អ្នកប្រហែលជាមានគំនិតដែលល្អៗនៃផលិតផលឬសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទីផ្សារ។ តាមរយៈការប្រែក្លាយគំនិតរបស់អ្នកទៅជាអាជីវកម្ម អ្នកអាចមានគំនិតដែលល្អមួយដែលទាក់ទាញឲ្យមានការបណ្តាក់ទុនពីអ្នកវិនិយោគមកលើក្រុមហ៊ុនរបស់អ្នកបាន។ ជាមួយនឹងបទពិសោធន៍ដែលអ្នកនឹងទទួលបាននោះ អ្នកអាចរកប្រាក់ចំណេញបានច្រើនជាងមុនដោយបង្កើតគំរូអាជីវកម្មដែលអ្នកអាចប្រែក្លាយជាម្ចាស់កម្មសិទ្ធិអាជីវកម្មបានទៀតផង។

របៀបរស់នៅថ្មី

អាស្រ័យលើប្រភេទអាជីវកម្មដែលអ្នកជ្រើសរើស អ្នកអាចមានភាពបត់បែននៃការធ្វើការបាន ហើយវាអាចឱ្យអ្នកមានពេលវេលាច្រើនជាងមុនសម្រាប់ចំណាយជាមួយគ្រួសារនិងមិត្តភក្តិ។ អាជីវកម្មគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តធ្វើការសម្រេចចិត្តដោយខ្លួនឯងដោយគ្មានការបញ្ជាពីអ្នកដទៃ។

៥ ការបញ្ចេញមតិដោយខ្លួនឯង

ការកាន់កាប់អាជីវកម្មអនុញ្ញាតឱ្យអ្នកមានភាពច្នៃប្រឌិតនិងបង្ហាញពីគំនិតខ្លួនឯងបានច្រើន។ នៅពេលអ្នកគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងនោះ អ្នកមិនចាំបាច់ត្រូវធ្វើអ្វីតាមរបៀបនៃការធ្វើការងារដែលបានកំណត់ហើយអ្នកអាចផ្លាស់ប្តូរដំណើរការការងាររបស់អ្នកបានប្រសិនបើអ្នកចង់។ អ្នកក៏អាចបង្កើតផលិតផលឬសេវាកម្មបន្ថែមដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនទៀតផង។

អត្ថបទដោយ៖ ពេជ្រតា