បុរសខ្លាំង Alibaba លោក Jack Ma ផ្ដល់ដំបូលន្មាន ៣ចំនុចជូនយុវជនជំនាន់ក្រោយកុំឲ្យភ្លេច

ក្មេងជំនាន់ក្រោយគឺជាស្នូលនៃការដើរឆ្ពោះទៅរកភាពជោគជ័យដ៏ប្រសើរមួយ ក្មេងជំនាន់ក្រោយគឺជាអ្នកដោះស្រាយបញ្ហានូវថ្ងៃខាងមុខ។ ពួកគេមានឥទ្ធិពលនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ ដូច្នេះពួកគេត្រូវការដំបូន្មានដែលល្អសម្រាប់ជាការដាស់តឿនដើម្បីឲ្យពួកគេក្លាយជាមនុស្សដែលរឹងមាំនិងមានប្រយោជន៏ម្នាក់។ ខាងក្រោមនេះគឺជាដំបូន្មានរបស់លោកJack Ma ដែលផ្តាំទៅក្មេងៗជំនាន់ក្រោយ៖

១. រៀនអភិវឌ្ឍន៍ខ្លួនជាប្រចាំ

គ្មាននរណាកើតមកចេះស្រាប់ និងគ្មានអ្វីដែលងាយស្រួលនោះឡើយ អ្វីៗគ្រប់យ៉ាងសុទ្ធតែលំបាក​ ហើយតម្រូវឲ្យមនុស្សគ្រប់រូបមានការរៀនសូត្រ​។ ប្រសិនបើអ្នកចង់ជោគជ័យ អ្នកត្រូវតែខិតខំឲ្យអស់ពីកម្លាំងកាយចិត្តមិនត្រូវបោះបង់ចោលដោយងាយស្រួលនោះឡើយ។​ បុគ្គលដែលជោគជ័យគឺពួកគេធ្វើការងារច្រើនដោយសុទ្ធសឹងតែគ្មានពេលវេលាសម្រាក ឬទំនេរច្រើននោះទេ មិនថាយប់ឬថ្ងៃឡើយ ពួកគេតែងប្រើពេលវេលាឲ្យមានប្រយោជន៍ជានិច្ច។​

២. រៀនគិតអ្វីដែលថ្មី

មនុស្សគ្រប់រូបតែងគិតអ្វីដែលងាយស្រួលធ្វើ និងបោះបង់ចោលអ្វីដែលពិបាកធ្វើ។ ពេលខ្លះគំនិតដែលងាយស្រួលអាចមានគេគិតឃើញច្រើន​ ផ្ទុយទៅវិញបើយើងគិតឃើញគំនិតល្អតែពិបាកក្នុងការធ្វើ យើងអាចរិះរកវិធីនិងដំណោះស្រាយបានហើយយើងអាចបង្កើតគំនិតដែលប្លែកថ្មីបានទៀតផង។ នៅពេលដែលអ្នកជួបបញ្ហាអ្វីដែលលំបាក គប្បីយកពេលវេលាមករិះរកមធ្យោបាយដែលអាចធ្វើឲ្យគំនិតនោះច្នៃប្រឌិតឲ្យខុសប្លែកនិងមានប្រសិទ្ធិភាពទើបល្អប្រសើរ។

៣. រៀនតស៊ូ និងអត់ធ្មត់

យើងត្រូវគិតថាប្រសិនបើថ្ងៃនេះលំបាក ថ្ងៃស្អែករឹតតែលំបាក ប៉ុន្តែបន្ទាប់ពីថ្ងៃស្អែកទៅគឺនឹងប្រសើរឡើងវិញមិនខាន តែមនុស្សភាគច្រើនបានបោះបង់ចោលនៅពាក់កណ្តាលផ្លូវបាត់ទៅហើយ។​ នៅពេលដែលអ្នកជួបឧបសគ្គអ្វីមួយ អ្នកត្រូវហ្វឹកហាត់ខ្លួនឯងឲ្យសម្របខ្លួនក៏ដូចជាបង្កើនសមត្ដភាពក្នុងការដោះស្រាយបញ្ហាបន្តបន្ទាប់បានទើបជាការល្អ។​ នៅពេលដែលអ្នករៀនចប់ ជីវិតពិតរបស់អ្នកនឹងចាប់ផ្តើមជួបបញ្ហាពិតប្រាកដ ហើយអ្នកត្រូវចេះរៀនដោះស្រាយនោះដោយខ្លួនឯង។

អត្ថបទដោយ​៖ ពេជ្រតា