តាមពិតទៅ ទំរាំមានភាពជោគជ័យមកទល់បច្ចុប្បន្ន មានមនុស្សជាច្រើនបានចាកចោលលោក Elon Musk ដែលភាគច្រើនជាបុគ្គលិកធ្វើការនៅ Tesla។ នេះហើយជាមូលហេតុធ្វើឲ្យមហាជនភាគច្រើនតែងតែសួរបុគ្គលិក ដែលធ្វើការឲ្យលោក Elon Musk នៅសឹងគ្រប់ក្រុមហ៊ុនថា តើការដែលធ្វើការឲ្យកំពូលមហាសេដ្ឋីនោះមានរសជាតិជីវិតយ៉ាងម៉េច ទើបមានមនុស្សជាច្រើនបានចាកចេញជាបន្ដបន្តាប់ដូច្នោះ?
បើក្រឡេកទៅមើលពីវប្បធម៌ការងាររបស់មហាសេដ្ឋីរូបនេះ អាចបង្ហាញថា បុគ្គលិកដែលចាកចេញទាំងនោះ ប្រហែលជាមិនអាចទ្រាំនឹងការធ្វើការយ៉ាងខ្លាំងគ្មានពេលសម្រាកស្រួលបួលនោះទេ ព្រោះសូម្បី Elon Musk ជាម្ចាស់ក្រុមហ៊ុននៅតែមានពេលត្រូវដេកក្នុងរោងចក្រជារឿយៗ។
ទាក់ទងនឹងបញ្ហានេះ ស្រាប់តែមានបុគ្គលិកបានធ្វើការជាមួយលោក Elon Musk តាំងពីSpaceXចាប់ផ្ដើមដំបូង ហើយក៏ជាមេធំរបស់ SpaceX តែម្ដង គឺលោកស្រី Gwynne Shotwell បានធ្វើបង្ហាញពីអារម្មណ៍មួយថាខ្លួនពិតជាចូលចិត្តធ្វើការជាមួយលោក Elon Musk ដោយសារមូលហេតុ ៣ យ៉ាងដូចខាងក្រោម៖
១. Elon Musk នឹងធ្វើឲ្យអ្នកស្រលាញ់ការងាររបស់ខ្លួនកាន់តែខ្លាំង
ស្រីខ្លាំងរូបនោះ បានសម្ដែងនូវអារម្មណ៍មួយថា កាលដើមឡើយលោកស្រីមិនសូវចូលចិត្តការងារនោះប៉ុន្មានទេ តែលោក Elon Musk ធ្វើឲ្យលោកស្រី ក៏ដូចជាបុគ្គលិកផ្សេងទៀតឲ្យចាប់ផ្ដើមស្រឡាញ់ការងាររបស់ខ្លួន ព្រោះគាត់មើលទៅហាក់ដូចជាកំប្លែង និងពូកែនៅក្នុងការជំរុញទឹកចិត្តបុគ្គលិកឲ្យធ្វើការណាស់។
២. Elon Musk នឹងជួយឲ្យអ្នកបង្កើតនូវមហិច្ឆតាធំ
ជាធម្មតា លោក Elon Musk ជាមនុស្សមួយរូបដែលមានភាពមហិច្ចតាខ្ពស់ ហើយគ្មានអ្វីដែលលោកគិតថាធ្វើមិនបាននោះទេ មិនត្រឹមតែមានមហិច្ចតាចំពោះខ្លួនឯងនោះទេ តែគាត់ក៏ជំរុញឲ្យបុគ្គលិកផ្សេងទៀតមានបង្កើននូវមហិច្ចតាខ្ពស់នៅក្នុងការការធ្វើការផងដែរ។ ដោយក្នុងនោះ Elon Musk តែនិយាយថា ប្រាក់ដែលយើងទទួលបាននោះមិនមែនជារឿងមួយដែលងាយស្រួលនោះទេ ដូចនេះអ្នកត្រូវតែធ្វើការឲ្យខ្លាំង ដើម្បីទទួលបានវា ដែលនេះក៏ជាមូលហេតុដែលកំពូលមនុស្សរូបនេះដាក់សម្ពាធទៅលើបុគ្គលិកឲ្យពួកគេធ្វើការច្រើន និងមានល្បឿនលឿនផងដែរ។
៣. Elon Musk នឹងធ្វើការជាមួយអ្នកតែម្ដង
ដូចដែរបានដឹងមកហើយថា លោក Elon Musk ពិតជាមនុស្សម្នាក់ដែលវក់នឹងការងារខ្លាំងមែនទែន ដែលពេលខ្លះគាត់ត្រូវសម្រាកនៅក្នុងរោងចក្រ ឬកន្លែងធ្វើការតែម្ដង ព្រោះគាត់ចង់បាននូវអ្វីដែលល្អបំផុត។ ដូច្នេះ វាពិបាកណាស់ដែលកូនចៅត្រូវឈប់សម្រាក ព្រោះដរាបណាមេនៅធ្វើការយ៉ាងសកម្មបែបនេះ។
អត្ថបទដោយ៖ ច័ន្ទរស្មី
Elon Musk បង្ហើបថា Bill Gates ធ្លាប់ខាតប្រាក់អស់រាប់ពាន់លានដុល្លារ ដោយសារតែមិនជឿ Tesla