មានយុវវ័យជាច្រើនដូចជាមិនសូវមានការយកទុកដាក់ទៅការលេងទីផ្សារភាគហ៊ុន ឬការទិញភាគហ៊ុនប៉ុន្មាននោះទេ ព្រោះពួកគេយល់ថាវាជារបស់មួយដែលមិនអាចប៉ះបាន ហើយមានរយៈវែងដើម្បីទាញយកផលចំណេញពីភាគហ៊ុននោះ។ យ៉ាងណាមិញ យុវវ័យបែរជាចំណាយប្រាក់របស់ពួកគេទៅលើការទិញនូវសម្ភារៈប៊្រេនៗផ្សេងៗរួមមាន ការឡើងស៊េរីទូរសព្ទ ការទិញការបូប ឬសម្លៀកបំពាក់ថ្លៃៗជាដើម។ ទាំងនេះជាសកម្មភាពមួយ ដែលនាំឲ្យពួកគេមានបញ្ហាហិរញ្ញវត្ថុដោយសារតែ ការប្រើប្រាស់ប្រាក់មិនបានត្រឹមត្រូវ ហើយវាក៏អាចជាមូលហេតុដែលធ្វើឲ្យពួកគេមានការស្ដាយក្រោយនៅពេលដែលពួកគេមានវ័យចំណាស់ផងដែរ។
មែនទែនទៅ ការយល់ដឹងពីវិធីសាស្រ្ដនៃការប្រើប្រាស់ប្រាក់ជាចំណេះដឹងមួយដែលល្អសម្រាប់មនុស្សគ្រប់គ្នាមិនថាអ្នកស្ថិតនៅក្នុងវ័យណានោះទេ។ ម៉្យាងទៀត វាក៏មានឥទ្ធិពលទៅលើជីវិតរស់នៅនាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ ជាក់ស្ដែង មានស្ដ្រីជនជាតិអាមេរិកវ័យ ៣៨ ឆ្នាំម្នាក់ បានបើកបង្ហាញ ពីកំហុសនៃការប្រើប្រាស់របស់គាត់នៅពេលគាត់អាយុជាង ២០ ឆ្នាំ ដែលធ្វើឲ្យគាត់មានវិប្បដិសារីរហូតដល់បច្ចុប្បន្នផងដែរ។ ក្នុងនោះ គាត់បានបង្ហាញពីភាពខុសគ្នារវាងការចំណាយប្រាក់របស់គាត់ទៅលើការទិញកាបូបថ្លៃៗ និងការទិញភាគហ៊ុន៖
១. ការទិញកាបូបថ្លៃៗ
ស្ដ្រីរូបនោះ បាននិយាយថាកាលគាត់នៅវ័យជាង ២០ឆ្នាំ គាត់អាចរកប្រាក់ចំណូលបានយ៉ាងច្រើន។ ក៏ប៉ុន្ដែ គាត់បានចំណាយប្រាក់ទាំងនោះទៅទិញកាបូបម៉ាក ឆានែល (Channel) ដែលមានតម្លៃរាប់ពាន់ដុល្លារ។ ក្រោយពីទិញមួយហើយ គាត់នៅតែបន្ដទិញជាបន្ដបន្ទាប់ព្រោះគាត់មិនអាចប្រើម៉ូតដដែលៗនោះទេ។ ១០ ឆ្នាំក្រោយមក គាត់ដឹងថាគាត់បានចំណាយប្រាក់អស់រាប់ពាន់ដុល្លារគ្រាន់តែទៅលើការទិញកាបូបមកដាក់ក្នុងទូ ហើយកាបូបទាំងនោះហួសសម័យទៀតផង ទោះគាត់អាចលក់ចេញបានតែតម្លៃទាបប៉ុណ្ណោះ បើធៀបនឹងការទិញភាគហ៊ុន។
២. ការទិញភាគហ៊ុន
បើក្រឡេកមកមើលការទិញភាគហ៊ុនវិញ ស្ដ្រីរូបនោះបានបង្ហាញពីភាពសោកស្ដាយរបស់គាត់ថា បើពេលនោះគាត់យកប្រាក់ជាង ២ ពាន់ដុល្លារនោះមកទិញភាគហ៊ុនរបស់ Amazon នៅឆ្នាំ ២០១០ សមម្ល៉េះគាត់អាចបង្កើតបានប្រាក់ចំណូលប្រមាណ ៤ម៉ឺនដុល្លារអាមេរិកនៅឆ្នាំ ២០២០នេះ។
ជារួមមក បើតាមការបទពិសោធន៍ជាក់ស្ដែងរបស់ស្រ្ដីវ័យ ៣៨រូបនេះ អ្នកអាចធ្វើការសិក្សាពីភាពខុសគ្នារវាងការទិញសម្ភារៈប៊្រេនៗ និងការទិញភាគហ៊ុនក្នុងរយៈពេលវែង។ ដូចនេះ អ្នកអាចធ្វើការសិក្សាពីកំហុសរបស់អ្នកដទៃ ដើម្បីកែខៃខ្លួនឯងឲ្យមានភាពប្រសើរជាងមុន និងកុំឲ្យដើរធ្លាក់ក្នុងគន្លងនៃភាពសោកស្ដាយអំពីបញ្ហាហិរញ្ញវត្ថុនៅពេលក្រោយ៕
©រក្សាសិទ្ធិគ្រប់យ៉ាង
អត្ថបទដោយ៖ ច័ន្ទរស្មី
អ្នកឧកញ៉ា សៀ ឫទ្ធី៖ កុំឲ្យសោះ រឿងខ្ចីលុយធនាគារ យកទៅទិញដីទុកចោល!
សន្សំយូរសល់តែកូនជ្រូក! មកដឹងក្បួនទាំង ៤នេះ អ្នកនឹងសន្សំលុយបានទិញផ្ទះក្រោមអាយុ ៣០ឆ្នាំ
ឧកញ៉ា គួច ម៉េងលី៖ ២ចំណុចដោះស្រាយបញ្ហាបង្វិលលុយមិនទាន់សម្រាប់អាជីវកម្មខ្នាតតូច