បើមិនចង់ឲ្យអាជីវកម្មដំបូងរបស់អ្នកបរាជ័យទេ សហគ្រិនថ្មីថ្មោងគួរស្វែងយល់ ៥ចំនុចនេះ

សង្គមបច្ចុប្បន្នពោរពេញដោយអាជីវកម្មគ្រប់ប្រភេទដែលមានការប្រកួតប្រជែងជាច្រើនដែលធ្វើឲ្យអាជីវកម្មខ្លះអាចយកឈ្នះ និងដើរទៅមុខទៀតបាន ហើយក៏មានអាជីវកម្មមួយចំនួនបរាជ័យផងដែរ។ ម្ចាស់អាជីវកម្មខ្លះមិនទាន់មានវិធីសាស្រ្តក៏ដូចជាការអនុវត្តនៅក្នុងអាជីវកម្មនោះបានត្រឹមត្រូវនៅឡើយទេដែលបណ្តាលឲ្យអាជីវកម្មនោះក្ស័យធន។ ដូច្នេះ អ្នកគួររៀន និងស្វែងយល់ចំណេះដឹងបន្ថែមដើម្បីគ្រប់គ្រង និងបង្ការអាជីវកម្មរបស់អ្នកនៅពេលអនាគត ជាពិសេសចំណុចទាំង ៥ខាងក្រោមនេះអាចផ្តល់ជាគន្លឹះសម្រាប់អាជីវកម្មរបស់អ្នកបាន។

១ ផ្នែកហិរញ្ញវត្ថុ

នៅក្នុងអាជីវកម្ម អ្នកមិនគួរឆាប់ពេញចិត្តលើលទ្ធផល ឬសន្មត់យ៉ាងឆាប់រហ័សពេកនោះទេដោយសារតែប្រាក់ចូលមកក្នុងដំណាក់កាលដំបូង។ ដើម្បីរក្សាលំហូរសាច់ប្រាក់នៃអាជីវកម្មឲ្យនៅឋិតថេរឬកាន់តែមានភាពកាន់ឡើងនោះ អ្នកគួរតែស្វែងយល់ ឬសិក្សាបន្ថែមអំពីផ្នែកហិរញ្ញេវត្ថុនៃអាជីវកម្មឲ្យបានច្បាស់លាស់។

២ ការគ្រប់គ្រង

អ្នកត្រូវដឹងពីអាជីវកម្មរបស់អ្នកទាំងផ្នែកខាងក្នុង និងខាងក្រៅឲ្យបានម៉ត់ចត់។ នៅក្នុងនោះគឺអ្នកគួរដឹងពីរបៀបដែលអាជីវកម្មដំណើរការ និងរបៀបគ្រប់គ្រង ប្រសិនបើមានអ្វីមួយកើតឡើងជាយថាហេតុ។  វាអាចជាការទិញសិទ្ធិផ្តាច់មុខដំបូងរបស់អ្នក ដូច្នេះអ្នកត្រូវដឹងពីរបៀបដំណើរការ និងការគ្រប់គ្រងមុខជំនួញនោះ។

៣ ការជ្រើសរើសបុគ្គលិក

ប្រសិនបើអ្នកចង់ឲ្យទទួលបានជោគជ័យនោះ ការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពគឺពិតជាមានសារៈសំខាន់ណាស់ចំពោះក្រុមហ៊ុនរបស់អ្នក។ នៅក្នុងនោះមានន័យថាអ្នកគួរតែជួលមនុស្សដែលមានសមត្ថភាព និងមានទេពកោសល្យជាអ្នកមកធ្វើការឲ្យអ្នក។ បន្ថែមពីនោះ ប្រសិនបើអ្នកមានចំណុចខ្សោយក្នុងផ្នែកណា អ្នកគួរជួលមនុស្សដែលខ្លាំងក្នុងផ្នែកនោះឲ្យមកធ្វើវាឲ្យបានកាន់តែល្អ។

៤ ការគ្រប់គ្រងហានិភ័យ

គ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានហានិភ័យអាចកើតមានឡើង។ អ្នកត្រូវមានទស្សនៈវិស័យឲ្យបានវែងឆ្ងាយមុននឹងសម្រេចចិត្តធ្វើអ្វីមួយដែលវាអាចផ្តល់ឥទ្ធិពលលើអាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកចេះគ្រប់គ្រង និងទប់ស្កាត់ហានិភ័យនោះបានល្អ អាជីវកម្មរបស់អ្នកនឹងដើរទៅដោយរលូនផងដែរ។

៥ ការផ្តល់ជូន

អ្នកគួរមានអ្វីមួយដែលពិសេសសម្រាប់ក្រុមហ៊ុនរបស់អ្នកដោយការធ្វើអ្វីមួយឲ្យលេចធ្លោរ និងប្រសើរជាងអាជីវកម្មដទៃ។ ការមានភាពពិសេសដែលខុសពីគេនោះអាចទាក់ទាញអតិថិជននិងធ្វើឲ្យពួកគេត្រឡប់មកគាំទ្រអាជីវកម្មរបស់អ្នកនៅពេលក្រោយៗបានទៀតផង។ ប្រសិនបើអ្នកអាចអនុវត្តចំណុចនេះបានល្អនោះ អាជីវកម្មរបស់អ្នកនឹងកាន់តែមានភាពរីកចម្រើនឡើងហើយកាន់តែមានអតិថិជនច្រើនឡើងផងដែរ។

អត្ថបទដោយ៖ ពេជ្រតា