ប្រយោគដ៏មានតម្លៃទាំង ៤ របស់ លោក Jim Rohn ដែលអាចជួយបង្កើតភាពជឿជាក់លើខ្លួនឯងក្នុងការបំពេញការងារ

លោក Jim Rohn គឺជាអ្នកនិពន្ធ ជាសហគ្រិន  និងអ្នកលើកទឹកចិត្តដ៏ជំនាញ និងល្បីល្បាញបំផុត​នៅ​ស​ហរដ្ឋអាមេរិក។ ជីវិតរបស់លោក Jim Rohn គឺជាគំរូដ៏អស្ចារ្យមួយនៃការប្តេជ្ញាចិត្ត។​ អស់រយៈពេលជាង៤០ឆ្នាំ លោក Jim Rohn​ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកពូកែនិយាយខាងលើកទឹកចិត្ត និងជាមនុស្សដែលមានសម្តីពោរពេញដោយឥទ្ធិពលសម្រាប់មនុស្សដែលស្វែងរកដំបូន្មានខាងអភិវឌ្ឍខ្លួន។ យ៉ាងណាមិញ លោកក៏មានការសរសេរសៀវភៅជាច្រើនទៀតដែរ ដូចជា The Power of Ambition  និង​ My Philosophy For Successful Living ជាដើម។ ខាងក្រោមនេះ ជាដំបូន្មានដ៏មានតម្លៃរបស់លោក៖

១. ផ្តោតលើរឿងតែមួយ៖

មានមនុស្សជាច្រើនកំពុងតែធ្វើរឿងមួយ ប៉ុន្តែចិត្តគំនិតគិតទៅដល់រឿងអ្វីផ្សេងទៅវិញ។ ការដែលអ្នកធ្វើបែបនេះ វាប្រៀបបាននឹងអ្នកកំពុងតែបំផ្លាញគោលដៅរបស់ខ្លួនឯង។ ដូច្នេះហើយ បើសិនអ្នកជាអ្នកលក់នោះ គឺត្រូវតែផ្តោតទៅលើតែអតិថិជនមួយមុខប៉ុណ្ណោះ។

២. កុំរស់កំដរពេលស្លាប់៖

ជីវិត​ត្រូវស្លាប់ វា​ជា​រឿង​ដែល​មនុស្ស​មិនអាច​គេចផុត​ឡើយ។ ហើយក៏​មិនមែន​រស់នៅ ដើម្បី​រង់ចាំតែ​ថ្ងៃ​ស្លាប់ និង​ដើម្បី​តែ​កំដរ​ជីវិត​នោះទេ។ អ្វីដែល​អ្នក​គួរ​ធ្វើ​ពេលដែល​នៅរស់​នោះ គឺ​ត្រូវ​រស់នៅ​ដោយមាន​ក្តីសង្ឃឹម​ជាមួយនឹង​គោលដៅ​ច្បាស់លាស់ ហើយ​ចាប់ផ្តើម​លើកទឹកចិត្ត​ខ្លួនឯង ជឿជាក់​លើ​ខ្លួនឯង និង​ស្វែងរក​ជំនួយ​ជា​គំនិត​ពី​អ្នកដទៃ​មក​ត្រិះរិះ បន្ទាប់មក​អនុវត្តន៍​សកម្មភាព​ប្រចាំថ្ងៃ​ទៅតាម​ផែនការ​របស់​អ្នក។​

៣.  ធ្វើអ្វីក៏ដោយអ្នកត្រូវតែបញ្ចប់កិច្ចការនោះ ឲ្យរួចរាល់សិន សឹមបន្តទៅធ្វើរឿងមួយផ្សេងទៀត៖

ការធ្វើបែបនេះវាបានស្តែងចេញឲ្យឃើញថា អ្នកគឺជាមនុស្សដែលមានភាពច្បាស់លាស់ និង ប្រាកដប្រជាទៅលើរឿងរបស់ខ្លួនកំពុងធ្វើ។ វាក៏អាចបង្កើតជាទម្លាប់ល្អមួយផងដែរ សម្រាប់អ្នកមិនថាអ្នកមានការងារច្រើនប៉ុណ្ណាក៏ដោយ ក៏អ្នកអាចបែងចែកពេលវេលាក្នុងការធ្វើវាបានដែរ។ ប៉ុន្តែ បើគំនិតអវិជ្ជមានវិញ អ្នកនឹងត្រូវបរាជ័យទាំងអស់ ព្រោះថាការចាប់មិនចំពោះត្រង់ណា វាបានខាតទាំងពេលវេលា និង កម្លាំងអត់ប្រយោជន៍។

៤. រកស៊ីប្រៀបបាននឹងរដូវ៖

បើយើងនិយាយពីរដូវវិញ មនុស្សគ្រប់គ្នាច្បាស់ជាបានស្គាល់ហើយថា មានរដូវអ្វីខ្លះ គឺរដូវប្រាំង និង​ រដូវវស្សា។ រដូវវស្សា គឺជាពេលវេលាដែលប្រជាកសិករដាំដុះ និង ប្រមូលទិន្ន័យ។ រីឯ រដូវប្រាំងវិញ បើយើងនិយាយតាមការមើលឃើញទៅ វាក៏ជារដូវមួយដែលកសិករធ្វើការដាំដុះដែរ ប៉ុន្តែ អត្រានៃការដាំាដុះគឺមានភាគរយតិចតួចខ្លាំងណាស់។ ព្រោះ តែរដូវប្រាំងជាពេលមួយមិនសូវសម្បូរធនធានទឹកសម្រាប់ការប្រើប្រាស់។ យ៉ាងណាមិញ បើយើងបកមកលើការរកស៊ីវិញក៏ដូចគ្នា ពាក្យថា​ រកស៊ី គឺតែងតែមានដាច់ និង មិនដាច់គឺជារឿងធម្មតា។ ដូចនេះ វាមិនអាច គ្រាន់តែការធ្លាក់ចុះអតិថិជន ធ្វើឲ្យអ្នកមានចិត្តចង់បញ្ឈប់ការងារមួយនេះឡើយ។

ជាចុងក្រោយ រឿងដែលគួរឲ្យសោកស្តាយបំផុតនោះគឺ លោក Jim Rohn បានស្លាប់ក្នុងឆ្នាំ ២០០៩ ប៉ុន្តែគំនិតរបស់លោក នៅតែបន្តពង្រីកវិសាលភាពនៃលទ្ធភាព និង ជួយឲ្យមនុស្ស ទទួលបានការលើកទឹកចិត្ត ដើម្បីរក្សាជំហរ នៅពេលជួបការបាក់ទឹកចិត្ត៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វិមាលា