ប្រវត្តិមហាសេដ្ឋីឥណ្ឌូនេស៊ីលោក Sodono Salim ដែលសហគ្រិនគ្រប់រូបអាចរៀនសូត្រតាម

លោក Sodono Salim មានឈ្មោះដើមថា Liem Sioe Liong បានកើតនៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ១៩១៦ នៅស្រុក Fuqing ខេត្ត Fujian ប្រទេសចិន។ នៅឆ្នាំ ១៩៣៦ លោក Sodono Salim បានចាកចេញពីស្រុកកំណើតរបស់ខ្លូន ដើម្បីទៅរស់នៅជាមួយបងប្រុសរបស់លោកនៅទីក្រុង Medan ភាគខាងជើងនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។ កំឡុងពេលលោករស់នៅនៅទឹកដីបរទេស លោកបានចាប់ផ្តើមអាជីវកម្មតូចមួយជាមួយគ្រួសារលោក និងបានពង្រីកអាជីវកម្មរបស់ លោកក្លាយជាអ្នកផ្គត់ផ្គង់ផលិតផលទំនិញ និងគ្រឿងវេជ្ជសាស្រ្តដល់ពួកកងទ័ពក្នុងស្រុកកំឡុង ពេលសង្រ្គាមទាមទារឯករាជ្យជាមួយហូឡង់។ ក្នុងពេលនោះផងដែរ លោកបានធ្វើជាទាហានឲ្យបដិវត្តន៍ជាតិឥណ្ឌូនេស៊ី។

នៅឆ្នាំ១៩៤៩ លោកបានបង្កើត Salim Group ប៉ុន្តែនៅពេលនេះអាជីវកម្មរបស់លោកមិនទាន់ធំ និងមិនមានក្រុមហ៊ុនច្រើននៅក្នុង Salim Group នៅឡើយទេ។ រហូតដល់ពេលបច្ចុប្បន្ននេះ Salim Group គឺជាប្រភេទក្រុមហ៊ុនដែល​រួមបញ្ជូនដោយក្រុមហ៊ុនឯកជន និងក្រុមហ៊ុនរដ្ឋជាច្រើន ដែលប្រតិបត្តិការណ៍នៅក្រោមឆ័ត្រនៃគ្រួសារ Salim ហើយវិនិយោគទៅវិស័យធានាគា ធានារ៉ាប់រង  ចំនីអាហារ យានយន្ត ស៊ីម៉ង់ និងពពួក Chemical។

នៅឆ្នាំ១៩៥២ លោកបានផ្លាស់ទីលំនៅទៅទីក្រុងចាកាតា នៅក្នុងកំឡុងពេលនោះផងដែរលោក បានពង្រីកជំនួញរបស់លោកដោយបង្កើតដៃគូសហការជាមួយអ្នកជំនួញជនជាតិចិននៅសិង្ហបុរី និង ហុងកុង។ នៅឆ្នាំនេះដដែលលោកបានពង្រីកអាជីវកម្មទៅក្នុងវិស័យវាយភ័ណ្ឌ និងធានាគា ដែល តាមរយៈនេះលោកបានបង្កើតធានាគាឯកជនមួយនៅឥណ្ឌូនេស៊ី ដោយមានឈ្មោះថា The Bank Central Asia។ នៅឆ្នាំ១៩៦៨ លោកបានទទួលសិទ្ធផ្តាច់មុខក្នុងការនាំចូល Clove គឺជាប្រភេទ គ្រឿងទេស ដែលត្រូវបានគេប្រើដើម្បីធ្វើម្ហូបអាំង និងប្រើដើម្បីបន្ថែមរស់ជាតិដល់ភេសជ្ជៈ។

នៅក្នុងកំឡុងទសវត្សរ៍១៩៧០ ប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមធ្វើកំណែទម្រង់មូលធន និងបរិយាកាសក្នុងការវិនិយោគឲ្យមានភាពល្អប្រសើរជាងមុន ដោយមើលឃើញពីឳកាសនេះលោកបាន ចាប់ផ្តើមវិនិយោគលើវិស័យស៊ីម៉ង់ ដោយបានបង្កើត The Cement Giant Inducement និងបានបង្កើត Bogasari ដែលក្រុមហ៊ុនផលិតពពួកម្សៅស្រូវសាលី។

នៅឆ្នាំ១៩៩០ លោកក៏ចាប់ផ្តើមវិនិយោគលើវិស័យចំនីអាហារ ដោយបានបង្កើត Indofood ដោយបច្ចុប្បន្ននេះបានក្លាយជាអ្នកផលិតមីកញ្ចប់ដ៏ធំជាងគេនៅក្នុងប្រទេស។ លោក Sodono Salim បានចាប់ផ្តើមប្រគល់ការគ្រប់គ្រងក្រុមហ៊ុនជាបន្តើៗឲ្យកូនប្រុសរបស់លោកឈ្មោះ Anthoni Salim នៅឆ្នាំ​១៩៩២ ដោយលោក Anthoni មានទស្សនៈវិស័យផ្ទាល់ខ្លួនថា លោកចង់ធ្វើទំនើបកម្មអាជីវកម្មលក្ខខណ្ឌគ្រួសារមួយនេះឲ្យកាន់តែអភិវឌ្ឍ និងកាត់បន្ថយការពឹងផ្អែកទៅលើរដ្ឋាភិបាល។

លោក Sodono Salim បានដឹកនាំ Salim Group ពីអាជីវកម្មយ៉ាងតូចមួយ បានប្រែក្លាយជាអាជីវកម្ម មួយដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ បើគិតត្រឹមឆ្នាំ ១៩៩៧ Salim Group មានទ្រព្យ សម្បត្តិដល់ទៅ ២០ ពាន់លានដុល្លារអាមេរិក មានក្រុមហ៊ុនមិនតិចជាង ៥០០ រាប់បញ្ជូនទាំង Salim Group មានភាគហ៊ុនជាមួយអាជីវកម្មដទៃទៀត និងមានបុគ្កលិកដល់ទៅ ២០០,០០០ នាក់។ ប៉ុន្តែបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ដែលបានកើតឡើងនៅឆ្នាំ ១៩៩៧ Salim Group បានជំពាក់បំណុលដល់ទៅ ៤.៨ ពាន់លានដុល្លារអាមេរិក និងត្រូវលះបង់ការគ្រប់គ្រង The Bank Central Asia ឲ្យទៅរដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រប់គ្រង។

លោក Sodono Salim ជាបុគ្គលដែលមានជាងគេលំដាប់ទី២៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយ មានទ្រព្យសម្បត្តិដល់ទៅ ៦៥៥ លានដុល្លារអាមេរិច ដោយគិតត្រឹមឆ្នាំ២០០៤ បើយោងតាមទស្សនាវដ្តី Forbes។ លោក Sodono បានស្លាប់នៅអាយុ ៩៦ឆ្នាំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ នៅមន្ទី ពេទ្យ Raffles ប្រទេសសិង្ហបុរី៕

ដោយ៖ ហ៊ន សុខលាង