ប្រវត្តិសង្ខេបសំខាន់ៗរបស់ក្រុមហ៊ុនអេឡិចត្រូនិច LG ដែលអ្នកគួរដឹង

LG ជាក្រុមហ៊ុនបច្ចេកវិទ្យាទាន់សម័យលំដាប់ទី៤ មួយរបស់ប្រទេសកូរ៉េខាងត្បូង។ ផលិតផលរបស់ LG ​មានគ្រប់យ៉ាងទៅតាមតម្រូវការទីផ្សារ ទាំងថ្នាក់ទាប់ ថ្នាក់កណ្តាល និងលំដាប់ថ្នាក់អភិជន និងមាន​ការិយាល័យ​កណ្ដាល​នៅ​អគារ​ភ្លោះ Twin-Tower ក្នុង​សង្កាត់ Yeongdeungpo-gu ទីក្រុង​សេអ៊ូល។ អត្ថបទខាងក្រោមនេះ ជាប្រវត្តិសង្ខេបនៃការកកើតរបស់ក្រុមហ៊ុន LG៖

លោក Koo In-Hwoii គឺជាស្ថាបនិករបស់ក្រុមហ៊ុន​ LG បានកើតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩០៦​ នៅប្រទេសកូរ៉េ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ១៩២៤ លោកក៏បានវិលត្រលប់មកស្រុកកំណើតវិញ នឹងបានធ្វើជាប្រធានសហករណ៍អាជីវកម្មក្នុងភូមិ។ នៅឆ្នាំបន្ទាប់ លោកបានក្លាយជាប្រធានការិយាល័យសាខារបស់កាសែតដុងអាអ៊ីបូប (Dong-A Ilbo) នៅជីស៊ី (Jisu) ។ រហូតមកដល់ឆ្នាំ ១៩៣១ លោកបានបើកហាងមួយរួមជាមួយប្អូនប្រុស Koo Chul-hwoi នៅ Jin Jin, South Gyeongsang ។ ហើយអ្វីៗគ្រប់យ៉ាង វាមិនបានដូចការគ្រោងទុកទេ វាបានខាតបង់យ៉ាងច្រើន។ ប៉ុន្តែ លោកមិនដែលរាថយនៅរឿងទាំងនេះទេ បន្ទាប់មកលោកក៏បានដាក់ប្រាក់កម្ចីដោយទ្រព្យសម្បត្តិគ្រួសារជាវត្ថុបញ្ចាំ។

លោក Koo​ បានចាប់ផ្តើមអាជីវកម្មសារជាថ្មីម្តងទៀត យ៉ាងណានោះអាជីវកម្មមួយនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយមកដោយចេះតែមានការអភិវឌ្ឍន៍​ ប្អូនប្រុសរបស់លោកក៏បានផ្តល់គំនិតឲ្យលោកបង្កើតអាជីវកម្មគ្រឿងសំអាង មិនយូរប៉ុន្មានលោកបានសម្រចចិត្តធ្វើតាមគំនិតប្អូនប្រុសរបស់ខ្លួន។ ចាប់តាំងពីពេលនោះហើយដែលក្រុមហ៊ុន LG បានកើតឡើងគឺនៅក្នុងឆ្នាំ១៩៤៧។ដំបូងឡើយលោកបានចាប់ផ្តើមដាក់លក់ក្រែមលាបមុខ(face cream)ដែលមានឈ្មោះថា Lucky បានលក់ដាច់យ៉ាងច្រើន។ បើទោះបីជាលក់ដាច់យ៉ាងណា លោកក៏បានជួបបញ្ហាដ៏ធំមួយគឺអតិថិជនមិនពេញចិត្តនឹងគម្របក្រែម។ ​ក្រោយមកនៅឆ្នាំ១៩៥២ លោកបានបង្កើតរោងចក្រផលិត​ប្លាស្ទិក ដើម្បីដោះស្រាយបញ្ហាគម្របក្រែមគឺយកផ្លាស្ទិកធ្វើជាគម្រប។

ការងារចេះតែដំណើរការទៅមុខ រហូតដល់ឆ្នាំ១៩៥៨​ លោកបានចាប់ផ្តើម Goldstar ដែលជាក្រុមហ៊ុន LG អេឡិចត្រូនិច។ Goldstar ​បានចាប់ផ្តើមបង្កើតវិទ្យុភ្លាមៗនៅឆ្នាំ ១៩៥៩ វិទ្យុដែលអាចប្រើប្រាស់នៅផ្ទះដោយខ្លួនឯងបាន ដំបូងបង្អស់របស់ប្រទេសកូរ៉េបានចាប់ផ្តើមដំណើរការ។ ក្រោយមក លោកក៏បានផលិតទូរសព្ទ កង្ហារ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងទូទឹកកក ហើយមួយវិញទៀតនោះ លោកក៏បានផលិតថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន និងរបស់ផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ថា លោកបានរួមបញ្ចូលក្រុមហ៊ុនទាំងពីរជាមួយគ្នាគឺ Lucky និង GoldStar។

បន្ទាប់មកនៅឆ្នាំ១៩៩៥ ក្រុមហ៊ុន LG ចង់ប្រកួតប្រជែងទៅ​ក្នុង​ទីផ្សារ​លោក​ខាង​លិចក៏បានប្តូរឈ្មោះ Lucky-GoldStar Corporation ​ទៅ​ជា​ឈ្មោះ LG ដែល​អក្សរ​ពីរ​តួ​នេះ​តំណាង​ឲ្យ​ពាក្យថា “Life’s Good” ។ នៅឆ្នាំ ២០០១ ក្រុមហ៊ុន LG បាន​ចូល​រួម​បណ្ដាក់​ទុនអាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Royal Philips Electronics ដែល​មាន LG Philips Display និង LG Philips LCD ។ រហូត​មកដល់​ឆ្នាំ ២០០៥ ទើប ក្រុមហ៊ុន LG បន្ត​សហការ​ជាមួយ Nortel Network បង្កើត​បានជា​ក្រុមហ៊ុន LG-Nortel Co. Ltd មក​ទល់​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ក្រោយមកនៅចុងឆ្នាំ២០០៨ ​ក្រុមហ៊ុន LG បាន​លក់​ភាគហ៊ុន​ទាំង​អស់ទៅវិញ។​ មួយវិញទៀត ត្រឹមរយៈពេលតែ១ឆ្នាំ គឺនៅឆ្នាំ២០០៩ ក្រុមហ៊ុន LG បាន​ប្រើប្រាស់ Domain Name ផ្ទាល់​ខ្លួន​មួយ​ប្រចាំ​គេហទំព័រ LG.com។

ក្រុមហ៊ុន LG បាន​វិវត្ដ​ខ្លួន​ចូល​ក្នុង​ទីផ្សារ​ស្មាតហ្វូន Touchscreen ដំបូង​បង្អស់​នៅ​ឆ្នាំ២០០៧ ស្រប​ពេលដែលក្រុមហ៊ុន Apple ក៏បានចេញផលិតផល iPhone ​ដំបូងដែរ។ នៅ​ពេល​នោះ​ទើបតែ​មាន​ម៉ូដែល LG Prada ហើយក្នុង​អំឡុង១៨ខែ ក្រុមហ៊ុន LG ​លក់​ដាច់​បាន១លាន​គ្រឿង បើធៀប​នឹង Apple បាន​ដល់៦.១លាន​គ្រឿង ​ត្រឹម​រយៈ​ពេលតែ១៥ខែ ប៉ុណ្ណោះ។

ភាពជោគជ័យនៅតែបន្តមាន ក្រោយ​ ៨ ខែ​នៃ​ការ​ប្រកាស​បង្ហាញផលិតផល ក្រុមហ៊ុន LG បានលក់​ដាច់ Smart TV បាន​ជាង ៥ លាន​គ្រឿង​។ ​​ការ​ចូល​ដល់​ត្រកូល G ខណៈ​ម៉ូដែល G Flex ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​មាន​រាង​កោងបានបង្ហាញ​នៅ​ថ្ងៃ​ទី ២៧ តុលា​ឆ្នាំ ២០១៣ ហើយនៅឆ្នាំដដែលនេះក្រុមហ៊ុន LG Electronics ក៏បាន​ប្រកាស​បង្ហាញនូវ​ទូរទស្សន៍​ប្រើ​អេក្រង់ OLED ដំបូង​បង្អស់​ទំហំ​អេក្រង់ ៥៥ អ៊ីញ។ ក្រោយ​​មក​ទើប​មាន​ម៉ូដែល G2 ចេញ​លក់​នៅ​ទីផ្សារ​អាមេរិក​នា​ពិព័រណ៍​ CES ឆ្នាំ ២០១៤ រហូតមានការ​វិវត្ត​ដល់​ម៉ូដែល G6 និង V30 នា​ពេល​បច្ចុប្បន្ន ជា​ស្មាតហ្វូន​ជំនាន់​ក្រោយ​បង្អស់​របស់​ខ្លួន។​

បន្ទាប់មកទៀត ក្រុមហ៊ុន​ LG បានដាក់លក់​ម៉ូដែល Optimus G បាន​ជាង១លាន ​គ្រឿង​នៅ​ទីផ្សារ​អាមេរិក​ខាង​ជើង និង​បាន​ជាង១០លាន ​គ្រឿង​នៃ L-Series ទៅលើ​ទីផ្សារ​សកល។ ក្រុមហ៊ុន Samsung​ បាន​ចំណែក​ទីផ្សារ​៣៣ភាគរយ ខណៈដែលក្រុមហ៊ុន LG ទទួលបាន១៣ភាគរយ និង Apple បានត្រឹមតែ១២ភាគរយប៉ុណ្ណោះ។

សរុបជារួមមក លោក Koo In-Hwoii ​បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទម្រាំ ក្រុមហ៊ុន LG បានចេញជារូបរាងឡើងមក និងទទួលបានជោគជ័យរហូតដល់សព្វថ្ងៃ។ ប៉ុន្តែ យ៉ាងណានោះរឿងដែលគួរឲ្យសោកស្តាយបំផុតគឺលោកបានទទួលមរណភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៦៩។

អត្ថបទដោយ៖ មាលា