បើយោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយគេហទំព័រសារព័ត៌មាន The Times of London បានឲ្យដឹងថា ការវិនិយោគទឹកប្រាក់ប្រមាណជាង ១.៥ពាន់លានដុល្លាររបស់ Tesla ទៅលើ Bitcoin កាលពីចុងខែមករា កន្លងទៅ គឺបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តមួយនេះទទួលបានប្រាក់ចំណេញជាច្រើន ដែលអាចនិយាយបានថាច្រើនជាងប្រាក់ចំណេញដែល Tesla រកបានពីការលក់រថយន្តនៅក្នុង ឆ្នាំ២០២០ ទៅទៀត។
យ៉ាងណាមិញ ដូចដែលយើងដឹងហើយថាកាលពីថ្ងៃទី៣១ ខែមករា កន្លងទៅ Elon Musk ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla ផ្ទាល់បានចំណាយប្រាក់វិនិយោគប្រមាណជាង ១.៥ពាន់លានដុល្លារ ទៅលើរូបិយវត្ថុអេឡិចត្រូនិច Bitcoin ដើម្បីបម្រើឲ្យជាការទូទាត់សាច់ប្រាក់នៅក្នុងក្រុមហ៊ុនរបស់ខ្លួននាពេលអនាគត។
ដោយសារតែការចំណាយប្រាក់ទិញយក Bitcoin ដ៏ច្រើនសន្ធឹកបែបនេះហើយ ទើបបានជាធ្វើឲ្យតម្លៃ របស់ Bitcoin ឡើងថ្លៃយ៉ាងគំហុក ដោយគិតត្រឹមថ្ងៃសុក្រ កាលពីសប្ដាហ៍មុន រូបិយវត្ថុអេឡិចត្រូនិកមួយនេះមានតម្លៃរហូតដល់ទៅ ៥៥០០០ដុល្លារឯណោះក្នុងមួយ Bitcoin ដែលវាជាតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រនៃរូបិយវត្ថុអេឡិចត្រូនិក។
ក្នុងន័យនេះដែរ បន្ទាប់ពី Bitcoin កើនឡើងនូវតម្លៃយ៉ាងខ្ពស់កប់ពពកបែបនេះ ក្រុមអ្នកវិភាគបានព្យាករណ៍ថា Tesla អាចកើបផលចំណេញប្រមាណជាង ៩៣០លានដុល្លារ ដោយផលចំណេញនេះគឺលើស ៣០% នៃចំណូលសរុបរបស់ Tesla កាលពីឆ្នាំ២០២០ ព្រោះកាលនោះក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកមួយនេះរកចំណូលបានត្រឹមតែ ៧២១លានដុល្លារ ប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ការកើនឡើងតម្លៃរបស់ Bitcoin ដ៏ខ្ពស់ក្នុងរយៈពេលដ៏ខ្លីបែបនេះគឺបានធ្វើឲ្យក្រុមអ្នក វិនិយោគមួយចំនួនមានការព្រួយបារម្ភ ដោយខ្លាចពពុះសេដ្ឋកិច្ចត្រូវបានផ្ទុះនឹងធ្វើឲ្យតម្លៃរបស់ Bitcoin ធ្លាក់មកនៅចំណុចដើមវិញ តែបើតាមការអះអាងរបស់ Elon Musk គឺលោកបាននិយាយថា លោកមិនឲ្យរឿងមួយនេះកើតឡើងជាដាច់ខាត៕
អត្ថបទដោយ៖ វ៉ាន់ ចន្ថា