ផ្នត់គំនិតទាំង ៤ ដែលធ្វើឲ្យមេដឹកនាំបាត់បង់បុគ្គលល្អៗជុំវិញខ្លួនដោយមិនដឹងខ្លួន

ភាពជា​អ្នកដឹកនាំ គឺ​សំដៅលើ​បុគ្គល​ដែលមាន​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ ព្រមទាំង​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នកក្រោមបង្គាប់​អនុត្ត​ន៍​តាម​ប្រកបដោយ​​ប្រសិទ្ធភាព​នៅក្នុង​ការងារ។ ដូច្នេះហើយ ក្នុងនាមជាមេដឹកនាំម្នាក់ អ្នកមិនអាចធ្វើអ្វីបានគ្រប់យ៉ាងនោះទេ ជាពិសេសការប្រព្រឹត្តមិនគប្បីទៅលើមនុស្សនៅក្រោមឱវាទ។ យ៉ាងណាមិញ ថ្ងៃនេះ Dr. business នឹងលើកយកនៅចំណុចអវិជ្ជមានខ្លះៗរបស់មេដឹកនាំ មកចែកជូនមិត្តៗអ្នកអានទាំងអស់គ្នា៖

១/ ប្រើអំណាចទឹកប្រាក់ជាធំ៖

មិនថាអ្នកមានលុយច្រើនយ៉ាងណាក៏ដោយ អ្នកក៏មិនអាចទិញអ្វីៗគ្រប់យ៉ាងបានដែរ ជាពិសេសនោះគឺទឹកចិត្តរបស់មនុស្ស។ ម្យ៉ាងវិញទៀតនោះ គ្រប់ការបំពេញការងារទាំងអស់ អ្នកមិនត្រូវនិយាយរឿងប្រាក់ដាក់មុខរហូតទេ ព្រោះ វានឹងធ្វើឲ្យអ្នកដទៃគិតថាអ្នកជាមនុស្សយកប្រាក់ទិញទឹកចិត្តពួកគេ។

២/ ប្រើអំណាចជិះជាន់អ្នកដទៃ៖

បើទោះបី ជាអ្នកមានអំណាចធំយ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវមើលងាយមនុស្សក្រោមឋានៈដែរ។ ឧទាហរណ៍ អ្នកប្រធានក្រុមហ៊ុនមួយ ដែលមានការនាំចេញនៅផលិតផលជាច្រើនទៅក្រៅស្រុក។ ដូច្នេះហើយ ទើបជាហេតុដែលធ្វើឲ្យកម្មករ ឬ បុគ្គលិកទាំងអស់ត្រូវបន្ថែមម៉ោងធ្វើការងារដោយមិនមានថ្ងៃឈប់សម្រាក។ វាជាបញ្ហាមួយចំពោះអ្នក ដែលក្លាយខ្លួនជាមនុស្សប្រើអំណាចជិះជាន់អ្នកដទៃ។

៣/ ប្រើប្រាក់បង្កើតមិត្តភាព៖

បើសិនជា អ្នកប្រើប្រាក់ដើម្បីទាក់ទាញមនុស្សជុំវិញខ្លួនឲ្យមកគោរពស្រលាញ់ និង បង្កើតជាទំនាក់ទំនងមិត្តភក្តិ នោះអ្នកនឹងត្រូវក្លាយជាមនុស្សដែលបរាជ័យនៅថ្ងៃណាមួយជាមិនខាន។ ព្រោះថា ពេលដែលអ្នកអស់ផលប្រយោជន៍ ឬ អត់ប្រាក់ពួកគេនឹងបោះបង់អ្នកចោល។ ម្យ៉ាងវិញទៀតនោះ បើសិនជាអ្នកចង់បង្កើតមិត្តភាពតាមរយៈប្រាក់ អ្នកត្រូវតែប្រើវាធ្វើឲ្យបុគ្គលជុំវិញខ្លួនមានមោទនភាពចំពោះប្រាក់របស់អ្នក និង តម្លៃនៃមិត្តភាពមួយនេះ។

​៤/ មិនឲ្យតម្លៃលើពេលវេលាអ្នកដទៃ៖

ពេលវេលាសម្រាប់មនុស្សគ្រប់គ្នា គឺមានតម្លៃស្មើៗគ្នាមិនថាអ្នកជាបុគ្គលមានឋានៈខ្ពស់យ៉ាងណាក៏ដោយ។ ឧទាហរណ៍  នាយកប្រតិបតិ្តម្នាក់បានណាត់ការប្រជុំមួយនៅម៉ោង៩ ព្រឹកទៅកាន់ម្ចាស់ភាគហ៊ុន ប៉ុន្តែ លោកបានមកដល់នៅម៉ោង៩: ៣០ នាទី ក្នុងពេលដែលមនុស្សជាច្រើនបានរងចាំលោកយ៉ាងយូរ។ ដូច្នេះ កត្តាទាំងនេះហើយដែលធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នក មានភាពកត់សម្គាល់ពីការងាររបស់អ្នកថា ពួកគេនឹងមិនអាចផ្ញើអាជីវកម្មដែលបានសាងឡើងដោយញើសឈាម ទៅកាន់មនុស្សប្រភេទនេះឡើយ។

សរុបមក បើអ្នកមិនចង់បាត់បង់ធនធានមនុស្សជុំវិញខ្លួននោះទេ អ្នកគួរគប្បីរៀបចំឥរិយាបទឡើងវិញ មិនថា ពាក្យសម្តី កាយវិការ  និងអត្តចរិក។ ព្រោះ កត្តាទាំងនេះជាគ្រឿងអលង្ការដើម្បីឲ្យអ្នកក្លាយជាមេដឹកនាំដ៏អស្ចារ្យ និង មានឥទ្ធិពលម្នាក់។

អត្ថបទដោយ៖ មាលា