ពិតជាអស្ចារ្យមែន! ស្ដ្រីជនជាតិចិនមួយរូប អាចលក់ឡានអស់ ១០០គ្រឿងក្នុងរយៈពេលតែ ៤នាទីប៉ុណ្ណោះ

Becky Li​ ជា Influencer ជនជាតិចិនមួយរូប ដែលមានភាពល្បីល្បាញ និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងទីផ្សារអនឡាញនៅប្រទេសចិន។ បើយោងការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី ២០ កុម្ភៈ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ស្រ្ដីរូបនេះមានសមត្ថភាពអាចលក់ឡានបានរហូតដល់ ១០០ គ្រឿងក្នុងរយពេលតែ​៤ នាទីតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការដែល Li អាចលក់ឡានបានច្រើនគ្រឿងដូច្នេះ គឺមកការសរសេរនូវអត្ថបទមួយរបស់គាត់នៅបណ្ដាញសង្គម ដែលបកស្រាយអំពីលក្ខណៈសម្បត្តិរបស់ឡាននោះ ហើយធ្វើឲ្យអ្នកអានជាច្រើនធ្វើការ Comment ទិញភ្លាមៗតែម្ដង។ ក្រៅពីនេះ Li ក៏បានធ្វើការយ៉ាងសកម្មទៅលើការផ្សព្វផ្សាយផលិតផលផ្សេងៗ ដោយមានការបង្ហោះនូវរូបភាព និងវិដេអូខ្លីៗ នៅលើ WeChat, Weibo និង Twitter ជាដើម ដោយពេលខ្លះ Li បង្ហោះនូវអត្ថបទវែងៗរហូតដល់ ៥០០០ពាក្យជាភាសាចិនក៏មានដែរ ប៉ុន្ដែនៅតែមានអ្នកគាំទ្រជាច្រើនបានអានវារហូតដល់ចប់។

ដោយសារតែឥទ្ធិពលនៃការសរសេរអត្ថបទរបស់គាត់មានការទាក់ទាញយ៉ាងខ្លាំង រួមជាមួយនឹងរូបសម្រស់ស្រស់ស្អាតរបស់ស្ដ្រីរូបនេះ បានធ្វើឲ្យប៊្រេនល្បីៗជាច្រើនដូចជា Chanel, Dior និងក្រុមហ៊ុន​គ្រឿងសម្អាងផ្សេងៗ បានធ្វើការទាក់ទង ដើម្បីផ្សព្វផ្សាយផលិតផលឲ្យពួកគេនៅក្នុងប្រទេសចិន។

ទាក់ទិននឹងអាជីពមួយនេះ Li បាននិយាយថា មូលហេតុដែលធ្វើឲ្យគាត់មានភាពជោគជ័យនោះមកពី គាត់ស្គាល់អំពីតម្រូវការ និងការចូលចិត្តរបស់អ្នកគាំទ្រគាត់ នោះគាត់នឹងធ្វើការណែនាំផលិតផលនោះឲ្យពួកគេ តាមរយៈអត្ថបទ ដែលគាត់បានសរសេរ។ ក្នុងនោះផងដែរ មិនមែនត្រឹមតែការលក់ឡាននោះទេ Li ក៏ធ្លាប់បានធ្វើឲ្យហាងលក់ទំនិញមួយមានការរីកចម្រើនយ៉ាងខ្លាំងផងដែរ ដោយក្នុងរយៈពេលមិនដល់ ១ ខែស្រួលបួលផង ហាងនោះអាចរកប្រាក់ចំណូលបានរហូតដល់ជាង ៣.១ លានដុល្លារអាមេរិកពីការលក់ផលិតផលរបស់ពួកគេ។

គូរបញ្ជាក់ថា នៅលើបណ្ដាញសង្គម Li  មានអ្នកគាំទ្ររហូតដល់ជាង ២០​លាន ហើយអ្វីដែលពិសេសនោះ គឺអ្នក Follow ទាំងអស់នោះហាក់ដូចជាមានការជឿជាក់យ៉ាងខ្លាំងចំពោះ Li ព្រោះពួកគេតែងតែជួយគាំទ្រ Li គ្រប់ពេលទាំងអស់។​ យ៉ាងណាមិញ Li មិនដែលបង្ហាញពីជីវិតឯកជនរបស់គាត់នៅលើបណ្ដាញសង្គមឡើយ បើទោះបីជាអ្នកគាំទ្រទទូចចង់ដឹងយ៉ាងណាក្ដី៕

អត្ថបទដោយ៖ ច័ន្ទរស្មី

- Advertisment -

ព័ត៌មានថ្មីបំផុត