ពីក្មេងកំព្រាឪពុក និងជាអ្នកដើរលក់នាឡិកាតាមដងផ្លូវ បានតស៊ូរហូតក្លាយជាមហាសេដ្ឋីហុងកុង

លោក Li Ka-Shing គឺជាបុគ្គលជោគជ័យម្នាក់ដែលត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថាជាមហាសេដ្ឋីរបស់ហុងកុងមួយរូប ហើយបច្ចុប្បន្នរូបលោកមានទឹកប្រាក់រហូតដល់២៩.៤ពាន់លានដុល្លារអាមេរិក លោកបានកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩២៨ នៅក្នុងខេត្តក្វាងទុង នៃប្រទេសចិន។

លោក Ka-Shing ដែលជាឪពុករបស់មហាសេដ្ឋីរូបនេះ គឺជានាយកសាលានៃសាលាបឋមមួយកន្លែង ប៉ុន្ដែទោះបីជាឪពុករបស់លោកធ្វើជានាយកសាលាក្ដី ក៏លោកគ្មានឱកាសច្រើនដើម្បីក្រេបយកចំណេះដឹងពីសាលារៀននោះដែរ។ ដោយសារតែនៅពេលដែលលោក Li មានអាយុ១២ឆ្នាំ គឺគ្រួសារទាំងមូលត្រូវបានរត់ភៀសខ្លួនទៅកាន់ទីក្រុងហុងកុង ព្រោះតែស្ថានភាពនៅពេលនោះគឺប្រទេសចិនត្រូវបានឈ្លានពានដោយប្រទេសជប៉ុន ដែលស្ថិតនៅក្នុងឆ្នាំ១៩៤០។

ក្រោយពេលដែលក្រុមគ្រួសាររបស់លោក Li Ka-Shing បានទៅដល់ទីក្រុងហុងកុងបាន៣ឆ្នាំ ឪពុករបស់លោកក៏បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ដោយសារជម្ងឺរបេង ចំណែកឯគ្រួសារក៏មិនមានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាល ដូច្នេះហើយទើបឪពុករបស់លោកក៏បានស្លាប់នាពេលនោះទៅ។ បន្ទាប់ពីឪពុកបានស្លាប់ទៅ បន្ទុកដ៏ធ្ងន់ធ្ងរទាំងអស់ក៏បានធ្លាក់មកលើលោក Li ដែលមានអាយុទើបតែ១៥ឆ្នាំនៅឡើយ។ ដើម្បីអាចផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ ក្មេងកំព្រាឪពុករូបនេះក៏បានសម្រេចចិត្តដើរលក់នាឡិកាជ័រ និងខ្សែក្រវ៉ាត់ជ័រនៅតាមដងផ្លូវ ដើម្បីយកប្រាក់ទាំងនោះមកដោះស្រាយបញ្ហាជីវភាព។ នៅក្នុងកំឡុងពេលដែលមហាសេដ្ឋីហុងកុងរូបនេះ បានដើរលក់របស់របរបន្ដិចបន្តួចនៅតាមដងផ្លូវគឺលោកទទួលបាននូវមេរៀនជីវិត និងចំណេះដឹងយ៉ាងច្រើន ជាពិសេសវាក៏បានបណ្ដុះទឹកចិត្តឲ្យលោកចង់ក្លាយខ្លួនជាអ្នកជំនួញដ៏ជោគជ័យម្នាក់នាពេលអនាគតផងដែរ។

នៅក្នុងឆ្នាំ១៩៥០ លោក Li Ka-Shing ក៏បានសម្រេចចិត្តបើកមុខជំនួញដោយខ្លួនឯងដើម្បីសម្រេចនូវមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាអ្នកមានម្នាក់នៅក្នុងទឹកដីហុងកុង។ នៅពេលដែលលោកចាប់ផ្ដើមអាជីវកម្មដំបូងគឺលោកមានអាយុត្រឹមតែ២២ឆ្នាំប៉ុណ្ណោះ ចំពោះដើមទុនវិញគឺមួយចំនួនបានមកពីប្រាក់ដែលលោកបានសន្សំនៅពេលដែលលោកបានដើរលក់នាឡិកានិងខ្សែក្រវ៉ាត់អស់រយៈពេលជាច្រើនឆ្នាំ ចំណែកឯដើមទុនមួយផ្នែកទៀតគឺលោកបានខ្ចីពីមិត្តភក្ដិ និងក្រុមគ្រួសាររបស់លោក។ សម្រាប់អាជីវកម្មដំបូងរបស់លោក Li គឺជាការជួលរោងចក្រមួយកន្លែងដើម្បីផលិតផ្កាជ័រ ដែលរោងចក្រមួយនោះមានឈ្មោះថា Cheung Kong។

ក្រោយពីបានបើកដំណើរការរោងចក្រផលិតផ្កាជ័ររួច អាជីវកម្មរបស់លោក Li កាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបន្ទាប់មកនៅក្នុងឆ្នាំ១៩៥៨ មហាសេដ្ឋីជើងចាស់រូបនេះក៏បានទិញយកនូវរោងចក្រ និងដីដែលជួលទាំងនោះមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនតែម្ដង។

នៅទសវត្សឆ្នាំ៦០លោក Li Ka-Shing  ក៏បានផ្លាស់ប្ដូរមុខជំនួញរបស់ខ្លួន ដោយបានផ្លាស់ប្តូរពីក្រុមហ៊ុនផលិតផ្កាជ័រ មកជាក្រុមហ៊ុនប្រភេទអចលនទ្រព្យវិញ។ នៅពេលនោះផងដែរ ចំពោះយុទ្ធសាស្ដ្រសំខាន់ដែលមហាសេដ្ឋីរូបនេះអនុវត្តន៍គឺ ការជៀសវាងនូវរាល់បំណុលដែលមានទំហំធំ ព្រោះវាអាចប៉ះពាល់ដល់ក្រុមហ៊ុននៅពេលក្រោយ ប្រសិនបើម្ចាស់ក្រុមហ៊ុនជំពាក់បំណុលគេច្រើនពេក។ ព្រោះតែយុទ្ធសាស្ដ្រដ៏អសា្ចរ្យមួយនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនអចលនទ្រព្យរបស់លោកទទួលបានជោគជ័យយ៉ាងខ្លាំង។

បន្ទាប់មកនៅក្នុងឆ្នាំ១៩៧១ មហាសេដ្ឋីលំដាប់ទី២របស់ហុងកុងរូបនេះក៏បានបង្កើតក្រុមហ៊ុនមួយបន្ថែមទៀតដែលមានឈ្មោះថា Cheung Kong Holdings ដែលជាក្រុមហ៊ុនមួយដ៏ធំជាងគេនៅក្នុងហុងកុង។ បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះបានដំណើរការនៅតាមបណ្ដារប្រទេសចំនួន៥០ និងមានបុគ្គលិកសរុបទាំងអស់ប្រមាណជាង២៤ម៉ឺននាក់។

ទោះបីជា ខ្លួនបានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បិត្តរាប់ពាន់លានដុល្លារក៏ពិតមែន ប៉ុន្ដែលោកមិនដែលភ្លេចដើមកំណើតរបស់លោកនោះទេ។ សម្រាប់ប្រវត្តិដ៏ជូរចត់របស់លោក Li គឺធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងស្គាល់នូវការលំបាកស្ទើររាប់មិនអស់ ជាពិសេសគឺជីវិតជាក្មេងកំព្រាឪពុកតាំងពីតូច ដូច្នេះហើយ ធ្វើឲ្យលោកយល់យ៉ាងច្បាស់អំពីការលំបាករបស់ជនក្រីក្រ។ ដោយអាស្រ័យហេតុនេះហើយទើបនៅក្នុងឆ្នាំ១៩៨០ លោកបានបង្កើតមូលនិធិមួយមានឈ្មោះថា Li Ka-Shing Foundation ដែលបង្កើតឡើងដើម្បីជួយដល់ជនក្រីក្រ និងអ្នកដែលជួបការលំបាកផ្សេងៗនៅក្នុងជីវិត។ បើគិតមកដល់ពេលបច្ចុប្បន្ន មូលនិធិមួយនេះបានចំណាយទឹកប្រាក់អស់ប្រមាណជាង២ពាន់លានដុល្លាររួចមកហើយ ដើម្បីពង្រឹងផ្នែកអប់រំ និងផ្នែកវិទ្យាសាស្ដ្រ នៅតាមតំបន់ផ្សេងៗក្នុងពិភពលោក ជាពិសេសគឺតំបន់ដាច់ស្រយាលនៅប្រទេសចិន៕

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា