ទំព័រដើម បច្ចេកវិទ្យា ពេលនេះក្រសួងប...

ពេលនេះក្រសួងបានដំណើរការប្រព័ន្ធ QR Code ដើម្បីតាមដានទីតាំងប្រជាពលរដ្ឋរាល់ចូលកន្លែងនីមួយៗ ដើម្បីពិនិត្យ និងតាមដានសុខភាពពួកគេម្នាក់ៗ

ក្រោយផ្ទុះការរីករាលឆ្លងជំងឺ Covid-19 ក៏ដូចជាព្រឹត្តិការណ៍នៃការឆ្លងចូលសហគមន៍ជាថ្មីនាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដើម្បីទប់ស្កាត់ និងតាមដានទីតាំងដែលបុគ្គលគ្រប់រូបអាចពាក់ព័ន្ធជាមួយ អ្នកដែលឆ្លងផ្ទាល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បានសម្រេចដាក់ឲ្យដំណើរការនៃប្រព័ន្ធ បច្ចេកវិទ្យា QR Code ដែលជាបច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយដើម្បីដឹងពីទីកន្លែងដែលយើងម្នាក់ៗបានទៅ។

ប្រព័ន្ធបច្ចេកវិទ្យា QR Code នេះមានឈ្មោះថា “ទប់ស្កាត់កូវីដ ១៩” ឬជាភាសាអង់គ្លេស stopcovid.gov.kh ហើយនេះជាគេហទំព័រមួយដែលបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការចេញ ឬចូលនៃអ្នកដំណើរនានាមិនថា នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ឬអាគារស្នាក់នៅ (Condo) នោះទេ ពោលគឺត្រូវតែបិទក្រដាសដែលមានសញ្ញា QR Code នេះនៅតាមច្រកចេញ ឬចូល ដើម្បីផ្ដល់ភាពងាយស្រួលដល់ការស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធ ឬប៉ះពាល់ ប្រសិនបើទីតាំងនោះមានរកឃើញករណីវិជ្ជមាននៃជំងឺឆ្លង Covid-19 នេះ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលដោយមានដាក់ស្កេន QR Code នេះ នៅតាមច្រកចេញចូលដើម្បីដឹងពីសកម្មភាពរបស់អ្នកដំណើរ។

សម្រាប់របៀបក្នុងការស្កេន QR Code នេះ គឺជំហានទីមួយ យើងគ្រាន់តែបើកម្មវិធីកាមេរ៉ា ដែលមាននៅក្នុងទូរសព្ទដៃរបស់យើង ហើយយើងធ្វើការស្កេនទៅលើកូដមួយនោះ។ ជំហានទីពីរ  វានឹងលោតផ្ទាំងមួយផ្សេងទៀតដើម្បីឲ្យយើងបញ្ចូលលេខទូរសព្ទរបស់យើង ចំណែកឯ ជំហានទីបី គឺទូរសព្ទរបស់យើងនឹងទទួលបានលេខកូដចំនួន ៦ខ្ទង់ ហើយយើងគ្រាន់តែបញ្ចូលលេខកូដទាំង ៦ខ្ទង់នោះចូលទៅក្នុងកន្លែងដែលវាត្រូវការជាការស្រច។

សូមបញ្ជាក់ដែរថា ចំពោះប្រព័ន្ធមួយនេះគឺនឹងធ្វើការកត់ត្រាទុកនូវទីតាំងរបស់បុគ្គលដែលចេញ ឬចូលកន្លែងផ្សេងៗនៅតាមទីសាធារណៈលក្ខណៈជាប្រព័ន្ធហើយក៏មិនមានការតាមដានឯកជនភាពរបស់បុគ្គលណាម្នាក់ឡើយ។ សម្រាប់របៀបប្រើប្រាស់សូមចូលទៅកាន់គេហទំព័រ stopcovid.gov.kh ឬទាក់ទងទៅកាន់មជ្ឈមណ្ឌលបឋមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍តាមរយៈលេខទូរសព្ទ 123, 099 888 516/ 012 979 079 ដោយឥតគិតថ្លៃ៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត