មហាសេដ្ឋី ២រូបចែករំលែកគន្លឺះសំខាន់ៗ ក្នុងការថែរក្សាបុគ្គលិក ដើម្បីឲ្យពួកគេធ្វើការឲ្យអស់ពីលទ្ធភាព

ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា នៅក្នុងលោកយើងនេះមានហេតុរមែងតែងតែមានផលជានិច្ច។ យ៉ាងណាមិញនៅក្នុងអាជីវកម្មក៏ដូចគ្នា ការយកចិត្តទុកដាក់ ឬមិនសូវខ្វល់ខ្វាយចំពោះបុគ្គលិកគឺជាកត្តាកំណត់ការស្លាប់រស់របស់អាជីវកម្មមួយហ្នឹងហើយ។​ ការយកចិត្តទុកដាក់ចំពោះបុគ្គលិកជាអាទិភាពទី១ជាដើមហេតុដំបូងដែលធ្វើឱ្យអ្វីៗនៅក្នុងក្រុមហ៊ុនមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយខាងក្រោមនេះគឺជាទស្សនៈរបស់ក្រុមហ៊ុនធំៗនៅក្នុងពិភពលោកបានប្រកាន់យក៖

ទី១៖ Richard Branson ដែលជាស្ថាបនិករបស់ក្រុមហ៊ុនដ៏ល្បីល្បាញមួយនៅទូទាំងពិភពលោកគឺ Virgin Group។ បើយោងទៅតាមកិច្ចសម្ភាសរបស់ទស្សនាវដ្ដី Inc. ជាមួយលោក Sir Richard Branson លោកបានមានប្រសាសន៍ថា “ខ្ញុំមានភាពជឿជាក់យ៉ាងមុតមាំថា នៅពេលដែលបុគ្គលិកទាំងអស់មានការពេញចិត្តទៅលើការងាររបស់ពួកគេ ហើយរួមផ្សំទៅនឹងក្រុមហ៊ុនផ្ដល់ឱ្យពួកគេពីរបៀបនៃការធ្វើការងារល្អ ការមានមោទកភាពទៅលើកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមហ៊ុនទៀតនោះនឹងធ្វើឱ្យពួកគេធ្វើការដោយស្នាមញញឹម”។​

ស្នាមញញឹមរបស់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុននឹងក្លាយទៅជាកត្តាយ៉ាងសំខាន់បំផុតក្នុងការផ្ដល់ជូនអតិថិជននូវសេវាកម្មមួយដែលល្អឥតខ្ចោះ ពេលនោះហើយដែលអតិថិជននឹងមានបទពិសោធន៍ល្អៗជាមួយក្រុមហ៊ុនរបស់អ្នក។ ទន្ទឹមគ្នានឹងនោះផងដែរអតិថិជននឹងផ្សព្វផ្សាយកេរ្តិ៍ឈ្មោះល្អក្នុងក្រុមហ៊ុនរបស់អ្នកទៅគ្រប់ទីកន្លែង និងគ្រប់មនុស្សដែលគាត់មានទំនាក់ទំនងជាមួយ។ ដូចមានពាក្យមួយឃ្លាដែលលោក Sir Richard Branson បានលើកឡើងថា អតិថិជនមិនមែនមកមុនទេ តែបុគ្គលិកគឺមកមុនដំបូងគេបង្អស់ ប្រសិនបើអ្នកយកចិត្តទុកដាក់លើបុគ្គលិករបស់អ្នក នោះពួកគេនឹងយកចិត្តទុកដាក់ចំពោះអតិថិជនបន្ត

ទី២. លោក Howard Schultz ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន STARBUCKS បានធ្វើការចែករំលែកអំពីបទពិសោធន៍ក្នុងការចាត់ទុកបុគ្គលិកជាអាទិភាពទី១នៅក្នុងក្រុមហ៊ុន។ លោកបានមានប្រសាសន៍ថា សម្រាប់ក្រុមហ៊ុន STARBUCKS បើទោះបីជាមានការចម្លងទៅលើផលិតផលក៏ដោយ តែក៏មិនអាចចម្លងបុគ្គលិកនៅក្នុងក្រុមហ៊ុនដែលផ្ដល់សេវាកម្មជូនអតិថិជនបានឡើយ។ ជាក់ស្ដែងដូចលោកបានលើកឡើងថា យើងកសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជាមួយមនុស្សរបស់ពួកយើង មិនមែនជាមួយអតិថិជនទេ ពីព្រោះយើងជឿថាវិធីសាស្រ្តដែលល្អបំផុតដើម្បីជួប និងបំពេញការរងចាំដ៏យូររបស់អតិថិជននោះគឺ ជួល និងបណ្ដុះបណ្ដាលមនុស្សនៅក្នុងក្រុមហ៊ុនឱ្យល្អប្រសើរបំផុត។ ការយកចិត្តទុកដាក់ចំពោះបុគ្គលិកនឹងធ្វើឱ្យពួកគេផ្ដល់ជូនអតិថិជននូវសេវាកម្មមួយដែលល្អឥតខ្ចោះ និងដោយក្ដីរីករាយ។

សរុបសេចក្ដីមកតាមរយៈក្រុមហ៊ុនដែលល្បីៗនៅលើពិភពលោកបានយកចិត្តទុកដាក់ខ្ពស់ទៅលើបុគ្គលិក ព្រោះពួកគេយល់ឃើញថានៅពេលដែលបុគ្គលិកសប្បាយចិត្តនោះអតិថិជនក៏សប្បាយចិត្តដែរ៕

អត្ថបទដោយ៖ អ៊ីង ប៉េងហ៊ាង