មហាសេដ្ឋី Bill Gates ៖ យុទ្ធសាស្រ្ត ៣ សម្រាប់អាជីវករក្នុងការពង្រឹងសមត្ថភាពនៃការរកស៊ីរបស់ខ្លួនឲ្យកាន់តែខ្លាំង

Bill Gates ត្រូវបានទទួលស្គាល់ថា​ជាមហាសេដ្ឋីចិត្តសប្បុរសមួយរូប ដែលបានបោះបង់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដើម្បីបំពេញនូវក្ដីស្រមៃរបស់ខ្លួន។ ប៉ុន្ដែ ទោះបីជាលោកបោះបង់ការសិក្សានៅសាលាយ៉ាងណាក៏ដោយ ក៏លោកនៅតែការសិក្សារៀនសូត្រ ស្រាវជ្រាវដោយខ្លួនឯងរហូតដល់លោកបានជោគជ័យក្នុងការបង្កើតកម្មវិធី Microsoft។ លោកបានក្លាយជាមហាសេដ្ឋីនៅវ័យមហាសេដ្ោយការដឹកបន្ន ក្នុងសង្គរយកប្រតិបត្តិ ៣១ឆ្នាំ ជាមួយនឹងភាពជោគជ័យរបស់ក្រុមហ៊ុនម៉ាយក្រូសូហ្វ (Microsoft) របស់លោក។ ក្រៅពី ក្រុមហ៊ុន Microsoft លោកក៏បានបង្កើតនូវមូលនិធិ ប៊ីល ហ្គេត (Bill Gates) សម្រាប់ផ្ដល់នូវជំនួយផ្សេងៗផងដែរ។ បច្ចុប្បន្ន ប៊ីល ហ្គេត (Bill Gates) មានភាពជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញ ហើយលោកតែងតែមានវត្តមាននៅក្នុងកម្មវិធីជាសាធារណជាច្រើនរួមមាន ការចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្សេងៗ។

យុទ្ធសាស្រ្ដ ៣ ដែល ប៊ីល ហ្គេត​ (Bill Gates) តែងតែនិយាយទៅកាន់សាធារណជនក្នុងការពង្រឹងសមត្ថភាពនៃការរកស៊ីរកខ្លួនគឺ៖

១. ស្វែងរកដំបូន្មានពីអ្នកដទៃ

ការសួររកដំបូន្មានពីអ្នកដទៃ អ្នកដែលយើងស្គាល់ ឬបុគ្គលជោគជ័យ មានសារសំខាន់ណាស់ក្នុងការធ្វើកិច្ចការផ្សេងៗ ជាពិសេសក្នុងនាមជាអ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្ម។ មួយវិញទៀត វាធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯង​ ​ក្នុងការបង្កើតនូវសេចក្ដីសម្រេចរបស់យើងមានភាពល្អប្រសើរ។ ក្នុងនោះដែរ លោក ប៊ីលហ្គេត(Bill Gates)  បានមានប្រសាសន៍ថា កាលលោកចាប់ផ្ដើមជំនួញដំបូង លោក​តែងតែសួរមតិយោបល់ និងដំបូន្មានផ្សេងៗពីម្ដាយរបស់លោក (ម្ដាយរបស់លោកជាស្ដ្រីដែលមានកេរ្ដិ៍ឈ្មោះក្នុងបណ្ដាអ្នកជំនួញនៅសហរដ្ឋអាមេរិក ជាពិសេសលោកជាអ្នកដែលបានណែនាំលោកនាយកប្រតិបត្តិ IBM ឲ្យស្គាល់លោក ប៊ីល ហ្គេត)។ បន្ថែមទៀត​នោះ យើងអាចសង្កេតឃើញថា លោក ប៊ីល ហ្គេត តែងតែជួបពិភាក្សាជាមួយលោក Warren Buffet ជាប្រចាំ។

២. រៀននូវចំណេះដឹងថ្មីៗ

ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ មនុស្សតែងតែបង្កើតនូវអ្វីដែលថ្មី។ ដូច្នេះ យើងត្រូវមានភាពបត់បែនទៅតាមកាលៈទេសៈ និងព្យាយាមបង្កើតនូវយុទ្ធសាស្ត្រថ្មីៗនៅក្នុងការរកស៊ី ដើម្បីប្រកួតប្រជែងជាមួយនឹងអ្នករកស៊ីផ្សេងទៀត។ ជាពិសេស ក្នុងកំឡុងនៃការរីករាលដាលជម្ងឺកូវីត១៩ មានអាជីវកម្មជាច្រើនបានដួលរលំ និងមួយចំនួនមានការរីកចម្រើន ដោយសារការប្រើប្រាស់ការលក់តាមប្រព័ន្ធអនឡាញ (Online) និងការបម្រើសេវាកម្មអតិថិជនដោយការដឹកជញ្ជូនរហ័សទាន់ចិត្ត។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីលក្ខណៈពិសេស និងគុណតម្លៃនៃការអភិវឌ្ឍន៍ខ្លួនបានឆាប់រហ័សតាមប្រព័ន្ធបច្ចេកវិទ្យា។  បន្ថែមទៀតនោះ មនុស្សគ្រប់រូបអាចស្វែងរកចំណេះដឹងផ្សេងៗ តាមប្រព័ន្ធអ៊ីនធើណេត(Internet) តាមរយៈការអានសៀវភៅ កាសែត និងការតាមដានព័ត៌មានជាប្រចាំ។

៣. ស្វែងរកដៃគូ ដែលអាចជួយអ្នកបាន

ជាការពិត ការងារភាគច្រើនយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ យើងត្រូវមានមនុស្សផ្សេងទៀតដើម្បីជួយក្នុងប្រតិបត្តិការផ្សេងៗ។ ក្នុងនោះ ការជ្រើសរើសដៃគូសហការគ្នាពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្កើតជាខ្នងបង្អែក ដែលយើងអាចជួយផ្ដល់ជាមតិយោបល់ល្អៗក្នុងការអភិវឌ្ឍន៍និងរកវិធីសាស្រ្តផ្សេងៗក្នុងការប្រកួតប្រជែង។

សរុបមក ការធ្វើជំនួញ​តែងតែមានការប្រកួតប្រជែងអត់ឈប់ឈរ ដែលបុគ្គលម្នាក់ៗត្រូវតែមានការរៀបចំខ្លួនឲ្យបានរៀបរយជាស្រេចក្នុងការប្រកួតប្រជែង។ ជាពិសេសអាជីវករ ឬសហគ្រិនវ័យក្មេងដែលទើបនឹងចាប់ផ្ដើមការរកស៊ី ត្រូវតែពង្រឹងសមត្ថភាពខ្លួនឲ្យបានរឹងមាំ ក្នុងការប្រកួតប្រជែងក្នុងការកាន់កាប់ទីផ្សារ និងទាក់ទាញអតិថិជន៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ រស្មី