មុនបើកអាជីវកម្ម! អ្នកចាំបាច់សិក្សា ៥ចំនុចនេះ ទើបអាជីវកម្មរបស់អ្នកមិនជួបហានិភ័យ

ការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងគឺជាល្អមួយពីព្រោះនេះជាជំហាននៃការកសាងផ្នែកហិរញ្ញវត្ថុរបស់អ្នកឲ្យឯករាជ្យ ក៏ដូចជាកសាងខ្លួនឲ្យកា្លយជាបុគ្គលមានសេរីភាពផ្នែកហិរញ្ញវត្ថុផងដែរ។​ ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងជារឿងពិបាកនិងស្មុគស្មាញខ្លាំង ជាពិសេសចំពោះសហគ្រិនថ្មោងថ្មី។

ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដែលសហគ្រិនគួរយល់ដឹងសម្រាប់ការចាប់ផ្ដើមធ្វើអាជីវកម្មថ្មីថ្មោង៖

១. សិក្សាពីដៃគូប្រកួតប្រជែង

មុននឹងអ្នកចង់បើកអាជីវកម្មអ្វីមួយមិនថាជាលក្ខណៈផលិតផល ឬសេវាកម្មនោះទេ ដើម្បីកសាងភាពជោគជ័យអ្នកត្រូវតែសិក្សាស្វែងយល់ពីដៃគូប្រកួតប្រជែងជាមុនសិន ដោយហេតុថាប្រសិនបើអ្នកមិនអាចដឹងពីដៃគូប្រកួតប្រជែងទេ នោះអ្នកនឹងពិបាកក្នុងការកសាងភាពមានបាននិងទាក់ទាញអតិថិជនណាស់ ជាពិសេសប្រសិនបើអាជីវកម្មអ្នកជាប្រភេទអាជីវកម្មដែលមាននៅក្នុងទីផ្សាររួចមកហើយ។ ការសិក្សាពីដៃគូប្រកួតប្រជែងមានប្រយោជន៍ដល់អ្នកក្នុងការកសាងទំនិញឬសេវាកម្មរបស់ខ្លួនឲ្យប្រាកដថានិងល្អសម្រាប់អតិថិជនដែលអាចប្រើប្រាស់បាន អ្នកអាចសិក្សាពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គេដើម្បីអភិវឌ្ឍខ្លួនឲ្យល្អប្លែកលើសដៃគូប្រកួតប្រជែងមុននឹងអ្នកឈានចូលទីផ្សារ។ មែនទែនទៅនៅពេលដែលអ្នកបានធ្វើការវិភាគលើដៃគូប្រកួតប្រជែង វាជាគន្លឹះដែលអាចធ្វើឲ្យអ្នកកសាងខ្លួនឲ្យកាន់តែល្អដើម្បីប្រាកដថាពេលដែលអ្នកដំណើរការអាជីវកម្មទំនិញឬសេវាកម្មរបស់អ្នកនឹងត្រូវអតិថិជនទទួលស្គាល់នៅលើទីផ្សារ។

២. កំណត់មានយុទ្ធសាស្រ្តទីផ្សារ

ការដែលកសាងនិងត្រៀមខ្លួនក្នុងការនាំយកផលិតផលរបស់អ្នកទៅក្នុងទីផ្សារគឺជារឿងសំខាន់ហើយ លើសពីនេះអ្នកត្រូវមានយុទ្ធសាស្រ្តទីផ្សារដែលអាចធ្វើឲ្យអ្នកអាចកសាងកេរ្ត៍ឈ្មោះ (Build Brandname) ដើម្បីឲ្យគេស្គាល់ពីអ្នក។ ដំបូងអ្នកត្រូវមានយុទ្ធសាស្រ្តធ្វើយ៉ាងណាដែលអាចធ្វើឲ្យអតិថិជនស្គាល់ពីប្រេនរបស់ផលិតផល ព្រោះនេះជាកត្តាចំបងដែលអាចធ្វើឲ្យអាជីវកម្មថ្មីថ្មោងនេះអាចរស់និងអាចដំណើរការក្នុងទីផ្សារបាន មានន័យថាក្នុងនាមជាម្ចាស់អាជីវកម្មអ្នកត្រូវធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់អ្នកអាចរកចំណូលនិងប្រាក់ចំណេញដុលបានដែលអាចទូរទាត់ជាមួយការចំណាយរបស់អ្នកបាន។ ចំពោះអាចជីវកម្មថ្មីថ្មោងបែបនេះអ្នកគួរតែមានភាពអត់ធ្មត់ ពីព្រោះទាំងការកសាងប្រេនក្នុងទីផ្សារ, និងការកសាងជំនឿពីអតិថិជនគឺជារឿងដែលលំបាននិងត្រូវការពេលវេលា។​ ដូច្នេះសម្រាប់ការ StartUp អាជីវកម្មដំបូងអ្វីដែលអ្នកគួរធ្វើគឺចេះប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារដែលធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់អ្នកអាចរកបាននូវចំណុចរួចខ្លួនជាមុនសិន បន្ទាប់មកចាំស្វែងរកផលចំណេញម្ដងបន្តិចៗ។

៣. ចេះគ្រប់គ្រងលំហូរសាច់ប្រាក់

បន្ទាប់ពីមានចំណូលពីអាជីវកម្មរបស់អ្នក ជំហានបន្ទាប់អ្នកត្រូវចេះគ្រប់គ្រងលើលំហូរសាច់ប្រាក់លើការចំណាយផ្សេងៗឲ្យបានច្បាស់លាស់។ បញ្ហារបស់អាជីវកម្មភាគច្រើនគឺកើតឡើងពីការគ្រប់គ្រងនិងបែងចែកហិរញ្ញវត្ថុមិនសូវបានល្អ។ ការខ្វះភាពយកចិត្តទុកដាក់ឬខ្វះសមត្ថភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ហិរញ្ញវត្ថុជាបញ្ហាចំបងដែលអ្នកគួរប្រុងប្រយ័ត្នឲ្យមែនទែន។ អ្នកត្រូវដឹងខ្ទង់ចំណាយ, ត្រូវដឹងពីចំនួនជាក់លាក់នៃចំណូល, និងប្រាក់ចំណេញដុលរបស់អ្នកឲ្យបានជាក់លាក់ទើបអាចចៀសវាងពីបញ្ហាហិរញ្ញវត្ថុបាន ព្រោះក្នុងនាមជាអ្នកជំនួញឬសហគ្រិនម្នាក់ អ្នកត្រូវតែហ្មត់ចត់ឲ្យមែនទែនចំពោះបញ្ហានេះ។ សុខភាពជំនួញរបស់អ្នកល្អឬអត់ត្រូវពឹងលើហិរញ្ញវត្ថុដែលមាននោះឯង។​

៤. ចេះគ្រប់គ្រងធនធានមនុស្ស

រឿងមួយទៀតដែលជាកត្តាសំខាន់ក្នុងការជួយឲ្យអាជីវកម្មរីកចម្រើនទៅបាននោះគឺការគ្រប់គ្រងធនធានមនុស្ស។​ ការគ្រប់គ្រងធនធានមនុស្សជាភាពស្មុគស្មាញមួយរបស់សហគ្រិនគ្រប់រូប។ ធនធានមនុស្សនៅក្នុងក្រុមហ៊ុនឬក្នុងអាជីវកម្មរបស់អ្នកគឺប្រៀបដូចជាទ្រព្យដ៏មានតម្លៃនិងសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ក្នុងនាមជាសហគ្រិនអ្នកត្រូវមានជំនាញនិងតិចនិចនេះជាចាំបាច់ ដូច្នេះអ្នកត្រូវអភិវឌ្ឍន៍ចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែខ្លាំងទើបអាចដឹកនាំនិងគ្រប់គ្រងធនធានមិនថាធនធានជាទ្រព្យសម្បត្តិនិងធនធានមនុស្សនៅក្នុងអាជីវកម្មរបស់អ្នកបានល្អបាន។

៥. ជាអាជីវកម្មដែលដើរទាន់សម័យ

ដូចដែលយើងដឹងហើយថានេះជាសម័យឌីជីថល មែនទែនទៅរាល់ការបង្កើតសេវាកម្មមួយឬផលិតផលមួយដាច់ខាតត្រូវតែមានបច្ចេកទេសនិងបច្ចេកវិទ្យាគួបផ្សំ។ នៅពេលដែលអាជីវកម្មរបស់អ្នកដើរទាន់សម័យកាលប្រកបដោយបច្ចេកវិទ្យាទំនើបៗនោះមិនត្រឹមតែជួយឲ្យការធ្វើការនៅក្នុងក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកងាយស្រួលជាងមុននោះទេ បន្ថែមពីនេះវាក៏ជាកត្តាមួយដែលអាចទាក់ទាញអតិថិជនផងដែរ ដោយហេតុថារាល់អតិថិជនតែងតែចង់សាកល្បងអ្វីដែលថ្មីនិងទំនើប។ ម្យ៉ាងវិញទៀតនៅពេលដែលទំនិញ ឬសេវាកម្មរបស់អ្នកប្រកបដោយភាពទាន់សម័យអ្នកនឹងងាយស្រួលក្នុងការទាក់ទាញអតិថិជនពីដៃគូប្រកួតប្រជែងតែត្រូវប្រាកដថាបច្ចេកវិទ្យាទាំងនោះមិនស្មុគស្មាញពេក ផ្ទុយទៅវិញវាជាការបម្រើដល់ភាពងាយស្រួលដល់អតិថិជនបានកាន់តែច្រើន ហើយនៅពេលដែលអតិថិជនឬអ្នកប្រើប្រាស់ទម្លាប់ជាមួយភាពងាយស្រួលដែលអ្នកផ្ដល់ឲ្យនោះការពង្រីកទីផ្សាររបស់អ្នកនឹងការតែមានភាពងាយស្រួលឡើង៕

អត្ថបទដោយ៖ លន់ វិជ្ជដាវណ្ណ

- Advertisment -

ព័ត៌មានថ្មីបំផុត