មូលហេតុទាំងនេះ ដែលធ្វើម្ចាស់អាជីវកម្ម B2C កើបលុយជាច្រើនពីទីផ្សារក្នុងពេលបច្ចុប្បន្ន

នៅក្នុងទីផ្សារ Business to Consumer (B2C) គឺចាប់យកឥរិយាបថរបស់អតិថិជនជាមូលដ្ឋានគ្រឹះក្នុងការលក់ទំនិញ ឬសេវាកម្ម។ នៅពេលដែលអ្នកយល់ដឹងពីតម្រូវការ និងរបៀបនៃការលើកទឹកចិត្តអតិថិជនឱ្យទិញទំនិញ នោះអាជីវកម្មរបស់អ្នកនឹងដំណើរការទៅបានយ៉ាងរលូន ហើយនឹងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ ដោយសារតែការសម្គាល់ពីអ្វីដែលជាតម្រូវការរបស់អតិថិជន និងដឹងពីរបៀបនៃការសម្រេចចិត្តរបស់អតិថិជនក្នុងការទិញទំនិញ ឬសេវាកម្មនេះហើយ ទើបតម្រូវឱ្យអ្នកលក់ត្រូវការសិក្សាស្រាវជ្រាវផ្នែកទីផ្សារឱ្យខ្លាំងសម្រាប់អាជីវកម្មមួយនេះ។

តើអ្វីទៅជាអាជីវកម្ម B2C?

B2C (Business to Consumer)គឺជាប្រភេទអាជីវកម្មមួយនៃទីផ្សារអេឡិចត្រូនិច(E-Commerce)ដែលជាអាជីវកម្មលក់ផលិតផល ឬសេវាកម្មដោយផ្ទាល់ទៅកាន់អតិថិជននៅលើប្រព័ន្ធអ៊ីនធឺណេត។ ដែលជាទម្លាប់ ឬជាប្រពៃណីពីមុនរបស់អាជីវកម្ម B2C នេះ គឺជាការលក់នៅនឹងកន្លែងដូចជា៖ ការលក់សម្លៀកបំពាក់នៅក្នុងហាង ការលក់ម្ហូបអាហារនៅតាមភោជនីយដ្ឋាន និងការលក់វត្ថុអនុស្សាវរីយជាដើម។ យ៉ាងណាមិញនៅក្នុងអាជីវកម្ម B2C នេះនឹងផ្ដល់ជូនអតិថិជននូវការលក់លើប្រព័ន្ធអ៊ីនធឺណិត  មិនថានៅកន្លែងរោងចក្រផលិត ឬលក់ផលិតផលបោះដុំឡើយ ដែលអាជីវកម្មនេះគឺបង្កជាភាពងាយស្រួលទៅដល់អតិថិជន និងអ្នកលក់បន្តយ៉ាងខ្លាំង ព្រោះថាអតិថិជនអាចធ្វើការបញ្ជាទិញផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននៅផ្ទះបានដោយមិនចាំបាច់ទៅដល់ទីកន្លែង។ ជាក់ស្ដែងដូចជាក្រុមហ៊ុន Foodpanda អតិថិជនអាចបញ្ជាទិញម្ហូបអាហារនៅលើប្រព័ន្ធអ៊ីនធឺណេតបានយ៉ាងងាយស្រួល ហើយខាងក្រុមហ៊ុននឹងដឹកជញ្ជូនផលិតផលរបស់ខ្លួនឱ្យទៅដល់ទីកន្លែងរបស់អតិថិជនបានយ៉ាងឆាប់រហ័ស។

គុណសម្បត្តិរបស់អាជីវកម្ម B2C មានដូចខាងក្រោម

ទី១. ការផ្ដល់ជូនអតិថិជននូវសេវាកម្មមួយដែលល្អឥតខ្ចោះ

អតិថិជនអាចសន្ទនាជាមួយអ្នកលក់បានតាមរយៈគេហទំព័រ នៅពេលដែលអតិថិជនបញ្ជាទិញទំនិញ អ្នកអាចដឹកទំនិញនោះទៅដល់ទីតាំងជូនអតិថិជនបានយ៉ាងឆាប់រហ័ស។ ក្រុមហ៊ុនរបស់អ្នកនឹងទទួលបានការសរសើរ និងសេចក្ដីពេញចិត្តពីអតិថិជនដោយការផ្ដល់ជូននូវសេវាកម្មមួយដែលល្អទៅកាន់អតិថិជន ពេលនោះហើយដែលអ្នកអាចឆក់យកបេះដូងរបស់អតិថិជនបាន។

ទី២. ភាពរីកចម្រើនរបស់អាជីវកម្ម

ផលិតផលរបស់អ្នកដែលដាក់លក់នៅលើប្រព័ន្ធអ៊ីនធឺណេតនឹងត្រូវបានមនុស្សជាច្រើនមើលឃើញ ហើយអាចបញ្ជាទិញទំនិញបាននៅគ្រប់ទីកន្លែង។ ដោយសារតែចំណែកទីផ្សារធំធ្វើឱ្យការលក់មានការកើនឡើង ដែលជាហេតុធ្វើឱ្យអាជីវកម្មមួយនេះអាចពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស។

ទី៣. ចំណាយថ្លៃដើមតិចជាងអាជីវកម្មបែបប្រពៃណី

អាជីវកម្មបែបប្រពៃណីគឺត្រូវការមានទីកន្លែងមួយដែលល្អដែលតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវចំណាយយ៉ាងច្រើនទៅលើការជួល ឬទិញទីកន្លែងពីគេដាច់តែម្ដងសម្រាប់ការដាក់លក់ទំនិញ ក៏ប៉ុន្តែសម្រាប់អាជីវកម្ម B2C វិញមិនផ្ដោតទៅលើទីកន្លែងទេ អ្វីដែលសំខាន់នោះគឺផលិតផលមានគុណភាព ហើយផ្ដល់ជូនអតិថិជននូវសេវាកម្មមួយដែលល្អឥតខ្ចោះជាការស្រេច៕

អត្ថបទដោយ៖ អ៊ីង ប៉េងហ៊ាង