ទំព័រដើម ព័ត៌មាន រដ្ឋាភិបាល កំ...

រដ្ឋាភិបាល កំពុងសិក្សាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួន ៤៣ គម្រោង នៅច្រកទ្វារអន្ដរជាតិ

រដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ បានកំពុងសិក្សារៀបចំគម្រោង ចំនួន៤៣ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតាមច្រកទ្វារអន្តរជាតិ ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍។

នេះបើយោងតាមកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី២ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងបានសហការ ជាមួយស្ថាប័នពាក់ព័ន្ធសិក្សា និងរៀបចំគម្រោងចំនួន៤៣ ដើម្បីអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកទន់ និងផ្នែករឹង នៅតាមច្រកទ្វារអន្តរជាតិដទៃទៀត ក្នុងទិសដៅកាត់បន្ថយភាពស្មុគស្មាញ និងការកកស្ទះចរាចរណ៍នៅតំបន់នោះ ដែលនាំឲ្យរំខាន ដល់សង្វាក់ពាណិជ្ជកម្មរបស់ពាណិជ្ជករ»។

ដោយឡែកវឌ្ឍភាព នៃការរៀបចំគម្រោង ធ្វើឲ្យប្រសើរឡើង នូវចក្រទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ ប៉ោយប៉ែត-អារញ្ញប្រាថេត ស្ទឹងបត់-បានណងអៀន និងព្រៃវល្លិ៍-ប៊ិញហៀប លោក ស៊ុន ចាន់ថុល បានបង្ហាញថា ច្រកទ្វារព្រំដែន អន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀប (កម្ពុជា-វៀតណាម) ត្រូវបានសាងសង់អគាររដ្ឋបាលរួចរាល់ ព្រមទាំងបានដាក់ឲ្យដំណើរការ បណ្ដោះអាសន្ន ផងដែរ។

សូមបញ្ជាក់ ទាក់ទងនឹងគម្រោង ធ្វើឲ្យប្រសើរឡើង ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃ និងកម្ពុជា-វៀតណាម លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា គម្រោងបន្ទាន់ ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត និងឲ្យបានទាន់ពេលវេលា។ ចំណែកឯ គម្រោងសម្រាប់រយៈពេលខ្លី និងមធ្យម លោក បានផ្ដល់គោលការណ៍សិក្សា ឲ្យកាន់តែលម្អិត បន្ថែមទៀត៕

ដោយ៖ ស្រីពេជ្រ

- Advertisment -

ព័ត៌មានថ្មីបំផុត