រដ្ឋាភិបាល ទម្លាក់នូវកញ្ចប់ថវិកា ៩០០លានដុល្លារ រៀងរាល់ ៥ឆ្នាំម្ដង សម្រាប់គម្រោងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល បានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ ៩០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំម្ដង ដោយថវិកាទាំងនេះ ត្រូវបានបង្កើនរហូតដល់៤ដង បើធៀបនឹងប៉ុន្មានឆ្នាំមុន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» លោក នេត្រ ភត្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា កញ្ចប់ថវិកានេះ រាជរដ្ឋាភិបាលបានទម្លាក់ទៅឲ្យក្រសួង និងស្ថាប័ន ចំនួន ១៤ ដើម្បីធ្វើការងាររួមគ្នាលើការងារបម្រែបម្រួលអាកាសធាតុ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន រាជរដ្ឋាភិបាលពិតជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ប្រែប្រួលអាកាសធាតុ ដោយកម្រិតនៃថវិកា គឺបានបង្កើនរហូតដល់៤ដង នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។ ចំណែក ថវិកា៩០០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ក្នុងគម្រោងដែលយើងធ្វើជាមួយក្រសួងស្ថាប័ន១៤នេះ គឺមានអនុគម្រោងជាច្រើនទៀត នៅក្រោមចំណុះនេះ។

លោក នេត្រ ភត្ដ្រា បានថ្លែងយ៉ាងដូច្នេះទៀតថា កញ្ចប់ថវិកានេះបានដោះស្រាយរួមនូវអ្វីដែលជាផលប៉ះពាល់។ លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើកើតមានទឹកជំនន់ ដែលបង្កបំផ្លាញផ្លូវ ថ្នល់ ដូច្នេះត្រូវការកញ្ចប់ថវិកាដើម្បីជួសជុលឡើងវិញ។ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ អ្នកដែលមានបញ្ហារាំងស្ងួត ខូចខាតនូវផលដំណាំស្រូវ គឺត្រូវការប្រើប្រាស់ថវិកាទាំងនេះ ដើម្បីបូមទឹក ឬចំណាយផ្សេងដើម្បីជួយពួកគាត់។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា ទាក់ទិននឹងការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីកត្តាពីរយ៉ាងគឺ កត្តាធម្មជាតិ  និងកត្តាមនុស្ស ហើយការប្រែប្រួលនេះ បានជះផលប៉ះពាល់យ៉ាងច្រើនដូចជា ទឹកជំនន់ ការរាំងស្ងួត ខ្យល់ព្យុះជាដើម។

សូមបញ្ជាក់ គម្រោងថវិកានេះនឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំម្ដង ក្នុងនោះរាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ផ្សេងៗផងដែរ។ ហើយចំពោះ គម្រោងការបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុនេះ នឹងត្រូវអនុវត្តបន្ដរហូតដល់ឆ្នាំ២០៣០ ទើបបញ្ចប់៕

ដោយ៖ ស្រីពេជ្រ