ទំព័រដើម បច្ចេកវិទ្យា រថយន្តអគ្គិសន...

រថយន្តអគ្គិសនីរបស់ចិនមួយនេះតម្លៃត្រឹមតែជាង ៥០០០ដុល្លារប៉ុណ្ណោះ ថែមទាំងអាចរត់នៅក្នុងរយៈចម្ងាយ ១២០គីឡូម៉ែត្រ សម្រាប់ការសាកថ្មម្ដងទៀតផង

បច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនីគឺកំពុងតែហក់ឡើងសន្ទុះជាខ្លាំងហើយសូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាដែលផលិតតែទូរសព្ទដូចជា Apple និងក្រុមហ៊ុនដែលផលិតតែរថយន្តដើរដោយប្រងឥន្ធនៈដូចជា Ford ក៏ងាកមកផលិតរថយន្តដែលជាប្រភេទរថយន្តអគ្គិសនីនេះវិញដែរ។

យើងសង្កេតឃើញថា ក្រុមហ៊ុនជាច្រើនកំពុងចាប់ដៃគ្នាយ៉ាងសស្រាក់សស្រាំដើម្បីឲ្យដំណើរការនៃការផលិតរថយន្តអគ្គិសនីរបស់ខ្លួនអា​ចទៅមុខ និងបង្ហាញខ្លួនជាសាធារណៈបាននៅប៉ុន្មានឆ្នាំខាងមុខ​នេះ ខណៈដែល Tesla គឺកំពុងតែក្លាយជាក្រុមហ៊ុនលក់ឡានអគ្គិសនីតែមួយគត់ដែលទទួលបានប្រជាប្រិយភាពខ្លាំងជាងគេនាពេលបច្ចុប្បន្ន។

ទាក់ទិននឹងរឿងនេះដែរ Apple បានប្រកាសថា ខ្លួននឹងបញ្ចេញស្នាដៃរថយន្តអគ្គិសនីដំបូងបំផុតនៅ ក្នុងឆ្នាំ២០២៤ ខាងមុខ ចំណែកឯ Ford ឯណោះវិញបានស្រែកក្ដែងៗថា ខ្លួននឹងលក់តែរថយន្តអគ្គិសនីសុទ្ធតែម្ដងនៅក្នុងឆ្នាំ២០៣០។ នេះបញ្ជាក់ឲ្យឃើញថា ម្នាក់ៗគឺកំពុងតែបង្ហាញឬទ្ធិអំណាចរបស់ខ្លួនរៀងៗខ្លួនជាមួយនឹងការផលិតរថយន្តអគ្គិសនីទាំងនេះ ប៉ុន្ដែនាពេលថ្មីៗនេះយើងក៏ទទួលបានដំណឹងមួយមកបន្ថែមទៀត​ ដោយក្រុមហ៊ុន SAIC-GM-Wuling របស់ចិន បានបញ្ចេញរថយន្តអគ្គសនីរបស់ពួកគេមុនក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះទៅទៀត ចំណែកឯតម្លៃរបស់រថយន្តអគ្គិសនីនោះវិញ គឺខ្ទង់ប្រមាណជាង ៥០០០ ទៅ៦០០០ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា ឡានអគ្គិសនីរបស់ចិនមួយនេះមានឈ្មោះថា Wuling Hongguang Mini EV ដែលវាជាប្រភេទកូនឡានតូច និងអាចផ្ទុកអ្នកដំណើរបាន ៤នាក់ ដោយអាចរត់នៅក្នុងរយៈចម្ងាយ ១២០គីឡូម៉ែត្រ សម្រាប់ការសាកថ្មម្ដង ហើយថែមទាំងអាចបើកបរនៅក្នុងល្បឿន ១០០គីឡូម៉ែត្រក្នុង មួយម៉ោងបានថែមទៀតផង។

យ៉ាងណាមិញ កូនឡានអគ្គិសនី Wuling មួយនេះ គឺមានដាក់លក់នៅវេបសាយ Alibaba.com ជាមួយនឹងតម្លៃ ៤៨០០ដុល្លារ ហើយប្រសិនបើឡានមួយប្រភេទនេះនាំចូលមកលក់នៅស្រុកខ្មែរ ចំពោះតម្លៃវិញយ៉ាងហោចណាស់ក៏ខ្ទង់ជាង ១ម៉ឺនដុល្លារដែរ ដោយបូកបញ្ចូលទាំងតម្លៃពន្ធនាំចូល៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត