រឿងរ៉ាវដែលទាក់ទងនឹងបណ្ដាញសង្គម Wechat ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន

នាពេលបច្ចុប្បន្ននេះ យើងអាចសន្មតបានថាជាសម័យកាលមួយដែលមានបច្ចេកវិទ្យាខ្ពស់ និងមានភាពជឿនលឿន ដូច្នេះរាល់បណ្ដាញសង្គមទំនាក់ទំនងក៏មានច្រើនសម្រាប់ឲ្យមនុស្សគ្រប់គ្នាជ្រើសរើសក្នុងការប្រើប្រាស់។ ដោយឡែក នៅក្នុងចំណោមកម្មវិធីបណ្ដាញសង្គមទាំងនោះ តែងតែមានកម្មវិធីមួយដែលមានភាពល្បីល្បាញខ្លាំង និងលេចធ្លោជាងគេ តើវាបណ្ដាលមកពីមូលហេតុអ្វី?

បើយើងងាកមកសង្កេតមើលនៅក្នុងប្រទេសចិនវិញ យើងនឹងបានឃើញថាមានកម្មវិធីមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនរបស់ខ្លួន នោះគឺ Wechat។ តើកម្មវិធី Wechat  មានមុខងារ និងមានអត្ថប្រយោជន៍អ្វីខ្លះបានជាវាទទួលបានប្រជាប្រិយយ៉ាងខ្លាំងនៅក្នុងប្រទេសចិន?

Wechat គឺជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានមុខងារពហុជំនាញដ៏ពេញនិយមមួយ ហើយវាមាននៅស្ទើរតែគ្រប់ទូរសព្ទចល័តទាំងអស់របស់ប្រជាជនចិន។ កម្មវិធីមួយនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ ដោយលោក Ma Huateng (Pony Ma) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tencent និងជាមហាសេដ្ឋីលំដាប់ទី២របស់ប្រទេសចិនផងដែរ។

កម្មវិធីដ៏ពេញនិយមមួយនេះ គឺមានលក្ខណៈស្រដៀងនឹង Facebook, Twitter, និងInstagram។ ប៉ុន្ដែបន្ថែមពីការផ្ញើសារ និងព័ត៌មានសង្គមដែលជាមូលដា្ឋន វាក៏មានមុខងារផ្សេងទៀតដូចជាសម្រាប់ឲ្យអ្នកធ្វើអាជីវកម្មអាចផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើការងារនៅក្រុមហ៊ុន ដោយអាចផ្ញើសារតាមកម្មវិធីមួយនេះជំនួសដោយការផ្ញើសារតាមអ៊ីម៉ែលបាន ជាពិសេសវាក៏អាចបង់វិក័យប័ត្រ និងកក់សំបុត្រផ្សេងៗបានផងដែរ។ នៅក្នុងឆ្នាំ២០១៧ Wechat ជាកម្មវិធីដែលត្រូវបានគេប្រើញឹកញាប់បំផុត និងមានអ្នកប្រើប្រាស់ចំនួន ៨៧.៦% នៃប្រជាជនចិនសរុប ហើយអ្នកដែលប្រើប្រាស់ច្រើនជាងមួយម៉ោងក្នុងថ្ងៃមានចំនួន ៨១.៥%។

ក្រោយពីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការអស់រយៈពេល ៨ឆ្នាំ ពោលគឺនៅក្នុងឆ្នាំ ២០១៨ Wechat បានក្លាយជាកម្មវិធីទូរស័ព្ទមួយដែលធំជាងគេនៅក្នុងពិភពលោក រួមជាមួយអ្នកប្រើប្រាស់ប្រមាណជាង ១ពាន់លាននាក់ ក្នុងមួយខែ។ កម្មវីធីទូរស័ព្ទមួយនេះត្រូវបានប្រជាជនចិនជាច្រើននាក់បានដាក់រហ័សនាមថា “ កម្មវីធីដែលមានអ្វីៗគ្រប់យ៉ាង និងជាកម្មវិធីដែលទំនើបបំផុត” ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Wechat ត្រូវបានបកប្រែជា ១៧ភាសាផ្សេងៗគ្នា និងបានដាក់អោយប្រើប្រាស់នៅក្នុងប្រទេសចំនួន ៤៩​ នៅក្នុងពិភពលោក ៕

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា

SHARE