រឿង ៣យ៉ាងដែលយុវជនគួរជៀសវាងធ្វើ ដើម្បីកុំឲ្យមានភាពស្ដាយក្រោយនៅក្នុងជីវិត

ជីវិត គឺខ្លីណាស់!ហើយយុវភាពគឺមានដែនកំណត់។ អ្នកអាចមានឱកាសនិងពេលវេលាជាច្រើនក្នុងពេល បច្ចុប្បន្ន ប៉ុន្តែចូរចាំថារាល់ទង្វើ និងជម្រើសរបស់អ្នកថ្ងៃនេះ អាចឲ្យអ្នកមានភាពសោកស្ដាយនៅពេលអនាគតប្រសិនបើអ្នកប្រើប្រាស់ពេលវេលាដោយខ្ជះខ្ជាយ។

ខាងក្រោមជារឿង៣យ៉ាងដែលអ្នកគួរពិចារណាក្នុងការជៀសវាង៖

១. ការទន្ទឹមរង់ចាំពេលវេលាដ៏ល្អមួយ

សូមកុំរង់ចាំរហូតដល់អ្វីគ្រប់យ៉ាងត្រឹមត្រូវឬល្អប្រសើរទាំងអស់ ព្រោះថាលើលោកនេះគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ អ្វីគ្រប់យ៉ាងតែងតែមានបញ្ហាប្រឈម​ ដូច្នេះត្រូវចាប់ផ្ដើមវាពីឥឡូវ តាមជំហ៊ានមួយៗ ពេលនោះអ្នកនឹងអភិវឌ្ឍខ្លួនកាន់តែរឹងមាំ និងមានជំនាញកាន់តែច្រើនជាងមុន។ ប្រសិនបើអ្នកមិនចាប់ផ្ដើមធ្វើវាហើយទុកឲ្យពេលវេលាគន្លងហួសទៅអត់ប្រយោជន៍​ នោះអ្នកពិតជាមានវិប្បដិសារី ព្រោះថាយើងមិនអាចបង្វែរពេលវេលាបានទេ។​

៣. ការរស់នៅក្នុងក្ដីសុបិន្តរបស់អ្នកដទៃ

ពេលវេលារបស់អ្នកគឺមានកំណត់,​​ ចូរកុំខ្ជះខ្ជាយវាទៅលើការរស់នៅដើម្បីអ្នកដទៃ​ កុំរស់រង់ចាំតែការចង្អុលផ្លូវពីអ្នកដទៃ​។ សូមកុំឲ្យគំនិតរបស់អ្នកដទៃមកគ្របដណ្ដប់លើគំនិតខ្លួន​​ ត្រូវមានភាពក្លាហានធ្វើអ្វីៗតាមបេះដូងឬក្ដីស្រមៃប្រកបដោយវិចារណញ្ញាណរបស់អ្នក។ ជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃនិងកាតព្វកិច្ចរៀងៗខ្លួន។ ដូច្នេះកុំរស់នៅសម្រាប់តែធ្វើតាមការចង់បានរបស់អ្នកដទៃ ត្រូវហ៊ានធ្វើ​ ហ៊ានគិត ហ៊ានសម្រេចកិច្ចការដោយខ្លួនឯងខ្លះ នោះបើទោះជាមិនបានល្អគ្រប់គ្រាន់ក៏យើងអាចទទួលយកបាន ព្រោះថាយើងបានប្រឹងប្រែងធ្វើវាដោយចេញពីចិត្ត ពីបេះដូងរបស់យើង។

៣. ព្យាយាមហើយបរាជ័យប៉ុន្តែសូមកុំបរាជ័យក្នុងការព្យាយាម

គ្រប់ការព្យាយាមទាំងអស់មិនមែនសុទ្ធតែអាចទទួលជោគជ័យបានទាំងអស់នោះទេ។ មនុស្សភាគច្រើន​នៅពេលដែលព្យាយាមធ្វើអ្វីមួយហើយបែរជាទទួលបរាជ័យពួកគេតែងតែមានចិត្តចង់បោះបង់ ហើយលែងមានកម្លាំងចិត្តក្នុងការតស៊ូធ្វើវាបន្តទៀត។ ប៉ុន្តែពួកគេមិនបានគិតថាភាពបរាជ័យអាចជួយឲ្យពួកគេរឹងមាំជាងមុន​ ទទួលបានបទពិសោធន៍និងចំណេះដឹងថ្មីៗ ព្រោះថាគ្មានភាពជោគជ័យឯណាបានមកដោយងាយស្រួលនិងមិនធ្លាប់ឆ្លងកាត់ភាពបរាជ័យឡើយ។

អត្ថបទដោយ៖ ម៉ីហ័ង​

SHARE