រៀនពីឧកញ៉ា អ៊ុច សម្បត្តិ៖ ៦ចំណុច ក្នុងការចាប់ផ្ដើម និងពង្រីកក្រុមហ៊ុនគ្រួសារកក់ក្តៅឲ្យល្បីពេញទីផ្សារកម្ពុជា

លោកឧកញ៉ា អ៊ុច សម្បត្តិ ជាអគ្គនាយកយីហោគ្រឿងសម្អាងគ្រួសារកក់ក្តៅ ដែលជាយីហោល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ក្នុងការផលិតនិងចែកចាយគ្រឿងសម្អាងជាច្រើនប្រភេទ ហើយកំពុងតែទទួលបានការគាំទ្រខ្លាំងពីទីផ្សារកម្ពុជានិងទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Dr. business លោកបានឲ្យដឹងថា ក្រុមហ៊ុនគ្រួសារកក់ក្តៅបានចាប់ផ្តើមឡើងនៅទី០៤ មិថុនា ឆ្នាំ២០១៥។ ប៉ុន្តែ ថៅកែគ្រឿងសម្អាងដ៏ល្បីឈ្មោះរូបនេះ ធ្លាប់បានហែលឆ្លងបទការលំបាក និងភាពជូរចត់យ៉ាងច្រើន នៅក្នុងការចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក។ ខាងក្រោមនេះ ជាបទពិសោធន៍ខ្លះៗក្នុងការចាប់ផ្តើមអាជីវកម្មដំបូងរបស់លោក៖

១. មានក្តីស្រមៃនៅក្នុងវិស័យជំនួញ

មនុស្សគ្រប់រូបតែងមានក្តីស្រមៃតរៀងៗខ្លួន ព្រោះថាវាជាប្រភពថាមពលដែលអាចជួយផ្ដល់កម្លាំងចិត្តឲ្យអ្នកកាន់តែមានភាពរឹងមាំ​ និងមុតមាំបន្ថែមទៀត។ យ៉ាងណាមិញ បើតាមលោកឧកញ៉ាបានលើកឡើងថា ការដែលអ្នកមានចិត្តចង់ធ្វើជំនួញមួយមុខមិនគ្រប់គ្រាន់នោះទេ ពោលគឺ អ្នកត្រូវមានសុបិន្តនៃជំនួញផងដែរដោយសារវាជាឥទ្ធិពលដ៏អស្ចារ្យក្នុងការសម្រេចលទ្ធផលមួយនេះ។ សម្រាប់លោកផ្ទាល់មានសុបិន្តមួយ គឺចង់ធ្វើខួបរយៈពេល៥០ឆ្នាំ នៃក្រុមហ៊ុនគ្រួសារកក់ក្តៅ។

២. កុំរកស៊ីបែបឆក់ឱកាស ឬខ្យល់ព្យុះ

មានអាជីវករជាច្រើនដែលបានរកស៊ី ព្រោះតែប្រាក់មួយពេលៗប៉ុណ្ណោះ។ ឧទាហរណ៍ អំឡុងពេល Covid19 មានអាជីវករជាច្រើនបានបោះចោលការងាររកស៊ីរបស់ខ្លួនទៅលក់ម៉ាស់ និងទឹកអាល់កុល ព្រោះវាជាតម្រូវការរបស់មនុស្សភាគច្រើន ដូច្នេះ ពួកគេនឹងទទួលបានប្រាក់យ៉ាងច្រើន។ យ៉ាងណាមិញ បើអ្នកនៅតែរកស៊ីតាមព្យុះភ្លៀងបែបនេះ អ្នកនឹងគ្មានថ្ងៃរីកចម្រើនឡើយ។

៣.​ មានចក្ខុវិស័យវែងឆ្ងាយ

បើតាមកិច្ចសម្ភាសន៍ជាមួយលោកឧកញ៉ាបានលើកឡើងថា អ្នកត្រូវមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ព្រោះថា វាជាកត្តាជំរុញអ្នកឲ្យកាន់តែមានភាពតស៊ូ អត់ធ្មត់បន្ថែមទៀតផងដែរ។ តួយ៉ាង ដូចលោកមានចក្ខុវិស័យចង់ពង្រីកអាជីវកម្មរបស់ខ្លួនទៅបណ្តាប្រទេសផ្សេងៗ។ ម្យ៉ាងទៀតនោះ លោកចង់ឲ្យប្រទេសជិតខាងស្គាល់ពីកេរ្តិ៍ឈ្មោះរបស់ខ្មែរយើងដែលបានផលិតផលិតផលដ៏មានគុណភាពមួយនេះ។

៤. ផែនការអាជីវកម្ម

គ្រប់ការធ្វើអាជីវកម្មទាំងអស់ គឺត្រូវមានផែនការជានិច្ច ព្រោះ វានឹងបង្កើតនៅភាពងាយស្រួលដល់អ្នក។ យ៉ាងណាមិញ ផែនការនឹងជួយអ្នកក្នុងការមើលលើទីផ្សារ តើអតិថិជនអ្នកនៅឯណា? ហើយនរណាជាអតិថិជនរបស់អ្នក ទាំងត្រូវធ្វើឲ្យទំនិញមកដល់ក្នុងដៃ បន្ទាប់មកផ្តល់ទំនិញទៅអតិថិជន។ ដូចនេះហើយ បានជាការបំពេញការងារតម្រូវឲ្យមានផែនការច្បាស់។

៥. យុទ្ធសាស្ត្រក្នុងការនាំចេញផលិតផល

អ្នកអាចបង្កើតផលិតផលឲ្យមានក្នុងដៃតែមួយមុខមិនគ្រប់គ្រាន់នោះទេ ពោលគឺ ត្រូវតែមានវិធីក្នុងនាំទៅកាន់អតិថិជនផងដែរ។ ដូចនេះហើយ អ្នកត្រូវរៀបចំយុទ្ធសាស្ត្រយ៉ាងណាដើម្បីនាំចេញ​ផលិតផលខ្លួនទៅឲ្យអតិថិជនប្រើប្រាស់ ឬ ទាក់ទាញពួកគេឲ្យហ៊ានសាកល្បងផលិតផលខ្លួន។

៦. ត្រូវមានយុទ្ធសាស្រ្តការពារ ដៃគូប្រកួតប្រជែង

ការរកស៊ីតែងមានការប្រកួតប្រជែងជារឿងធម្មតានោះទេ ប៉ុន្តែ អ្នកក៏ត្រូវតែមានយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ផងដែរ។ ព្រោះថា វាអាចនឹងមានរឿងល្អនឹងរឿងអាក្រក់។ ឧទាហរណ៍ ដូចជាការក្លែងបន្លំផលិតផលក្លែងក្លាយ ដែលវាធ្វើឲ្យខូចឈ្មោះដល់ក្រុ​មហ៊ុនរបស់អ្នក។ យ៉ាងណាមិញ សម្រាប់លោកផ្ទាល់ក៏ធ្លាប់ជួបរឿងបែបនេះផងដែរ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត