រោងចក្រអគ្គិសនីតម្លៃ ៣៨០ លានដុល្លារ នៅខេត្តកណ្ដាល នឹងរួចរាល់នៅចុងឆ្នាំនេះ

រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ និងឧស្ម័ន ​ដែលមាន​តម្លៃ ៣៨០ លានដុល្លារ ​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ​នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការយ៉ាង​ពេញលេញ​នាខែវិច្ឆិកា​ ខាងមុខ​។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល។

តាមរយៈលោក វ៉ិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល​ បានឲ្យដឹងយ៉ាងដូច្នេះថា គិត​មកត្រឹមពេល​នេះ ​រោងចក្រ​អគ្គិសនី​នេះមួយនេះ​សម្រេចការសាងសង់​បាន​ប្រមាណជា​ ៩០ ​ភាគរយ ហើយគ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។

លោក​និយាយថា​៖ «​ឥលូវយើង​មិន​ខ្វះ​ភ្លើង​ផ្គត់ផ្គង់​ឡើយ ព្រោះដោយសារតែ កូវីដ១៩ ​តម្រូវការ​ថាមពល​យើង​បានកំពុង​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។ ហើយចំពោះរោងចក្រ​អគ្គិសនី​នេះ​នឹង​ដំណើរការ​ពេញលេញ​តែនៅពេលដែល​មាន​តម្រូវការ​អគ្គិសនី​ខ្ពស់​ប៉ុណ្ណោះ»​។

ទាក់ទិននឹងរោងចក្រផលិតអគ្គិសនីអានុភាព ៤០០មេហ្គាវ៉ាត់នេះ លោក កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅថា​ វាមិនត្រឹមតែអាចបំពេញការខ្វះខាតថាមពល ផ្គត់ផ្គង់មួយចំណែកប៉ុណ្ណោះទេ រោងចក្រនេះ ក៏មានតួនាទីជួយគាំទ្រដល់ ការដាក់ពង្រាយ ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីក្នុងប្រទេស និងជួយពង្រឹងគុណភាពថាមពលផ្គត់ផ្គង់ ចូលរាជធានីភ្នំពេញ តាមរយៈការលើកកំពស់ តុងស្យុងបានប្រសើរ។

សម្រាប់គម្រោងសាងសង់រោងចក្រនេះ ត្រូវបានចែកចេញជា២ផ្នែក៖ ទី១ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន Wartsila របស់ប្រទេសហ្វាំងឡង់ សាងសង់ដោយក្រុមហ៊ុន CGGC-UN Power.co.ltd និងផ្នែកទី២ រោងចក្រផលិតអគ្គិសនី ២០០មេហ្គាវ៉ាត់ ប្រើប្រាស់ម៉ាស៊ីន MAN របស់ប្រទេសអាល្លឺម៉ង់ សាងសង់ដោយក្រុមហ៊ុន CHINA NATIONAL HEALY MACHINERY CORPORATION

យ៉ាងណាមិញ បន្ទាប់ពីបើកដំណើរការជាផ្លូវការរោងចក្រ​នេះ​នឹង​ជួយ​បំពេញ​បន្ថែម​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូទាំង​ប្រទេស រួមទាំង​ខេត្តកណ្តាល​។

ជាមួយគ្នាផងដែរ រោងចក្រមួយនេះត្រូវបានសាងសង់​លើ​ផ្ទៃដី​សរុប ៤៣ ហិកតា ​នៅ​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះរះ ស្រុក​ល្វាឯម ខេត្ត​កណ្តាល និងចំណាយថវិកាក្នុងការសាងសង់សរុបប្រមាណចំនួន ៣៨០លានដុល្លារអាមេរិក ដែលក្នុងនោះ ថវិកាសាងសង់រោងចក្រផលិត អគ្គិសនីទាំងពីរ មានប្រមាណ៣៥៥លានដុល្លារអាមេរិក និងថវិកាសាងសង់អនុស្ថានីយអគ្គិសនីរួម សម្រាប់រោងចក្រផលិតអគ្គិសនីទាំងពីរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្រមាណ២៥លានដុល្លារអាមេរិក។

សូមបញ្ជាក់ អគ្គិសនីកម្ពុជា បានទទួលឥណទាន មានការប្រាក់សម្បទានចំនួន ៣០០ លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា ហើយអគ្គិសនីកម្ពុជាបានដាក់ទុនផ្ទាល់ ប្រមាណជាង៨០លានដុល្លារអាមេរិក ដើម្បីបង្គ្រប់សម្រាប់សាងសង់ រោងចក្រផលិតអគ្គិសនីទាំងពីរនេះ៕

ដោយ៖ ស្រីពេជ្រ