ទំព័រដើម បច្ចេកវិទ្យា លើកទីមួយហើយដែ...

លើកទីមួយហើយដែល Apple បានយកឈ្នះ Samsung ក្លាយជាក្រុមហ៊ុនដែលលក់ទូរសព្ទ បានច្រើនជាងគេ បើគិតចាប់តាំងពីឆ្នាំ២០១៦ មក

បើយោងតាមរបាយការណ៍នៃទិន្នន័យថ្មីរបស់ក្រុមអ្នកស្រាវជ្រាវ Gartner បានបង្ហាញឲ្យឃើញថា គិតត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២០ កន្លងទៅក្រុមហ៊ុន Apple បានផ្ដួលរំលំក្រុមហ៊ុន Samsung ដោយបានក្លាយខ្លួនជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនឈានមុខគេរបស់ពិភពលោក ខណៈដែលតំណែងមួយនេះត្រូវបាន Samsung កាន់កាប់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ នេះយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន CNBC។

ជាមួយគ្នានេះ បើតាមការប៉ាន់ប្រមាណរបស់ក្រុមអ្នកស្រាវជ្រាវ Gartner បានឲ្យដឹងទៀតថា Apple​ បានលក់ទូរសព្ទដៃរបស់ពួកគេបានចំនួន ៧៩,៩៤លានគ្រឿងនៅក្នុងត្រីមាសនេះ ខណៈដែល Samsung ឯណោះវិញ គឺលក់បានត្រឹមតែ ៦២,១៧លានគ្រឿងប៉ុណ្ណោះបើគិតនៅក្នុងត្រីមាសដូចគ្នា ហើយមួយរយៈចុងក្រោយនេះក្រុមហ៊ុនផលិតទូរសព្ទដៃរបស់កូរ៉េខាងត្បូងមួយនេះក៏ហាក់ដូចជាមិនទាន់បញ្ចេញម៉ូឌែលថ្មីរបស់ខ្លួនទៀតនោះដែរ។

យ៉ាងណាមិញ គេបានសង្កេតឃើញទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យ Apple កើនឡើងអត្រានៃការ លក់បែបនេះគឺដោយសារតែ iPhone 12 ដែលបានចេញលក់កាលពីចុងឆ្នាំ២០២០ កន្លងទៅ ដែលមានបំពាក់ជាមួយសេវាអ៊ីនធើណេត 5G គឺបានធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះម៉ូឌែលចុងក្រោយមួយនេះ។ លើសពីនេះទៀត ក៏ដោយសារតែទូរសព្ទ Huawei របស់ចិនដែល ធ្លាប់តែមានវត្តមាននៅលើទឹកដីអាមេរិកក៏ត្រូវ Donald Trump ដកចេញពីទឹកដីរបស់ខ្លួន ដែលជាហេតុបណ្ដាលឲ្យប្រជាជនអាមរិកមួយភាគតូចបានងាកមកប្រើផលិតផលរបស់ Apple វិញ។

ចំណែកឯ ចំពោះការធ្លាក់ចុះអត្រានៃការលក់របស់ Samsung វិញ គឺដោយសារតែក្រុមហ៊ុនរបស់កូរ៉េ ខាងត្បូងមួយនេះកំពុងតែមានដៃគូប្រជែងជាច្រើននៅលើទីផ្សារដែលមានដូចជា Xiaomi, OPPO និង Vivo ខណៈដែលក្រុមហ៊ុនទាំងបីនេះសុទ្ធសឹងកើនឡើងអត្រានៃការលក់ទាំងអស់នៅក្នុងឆ្នាំ២០២០។ ក្នុងនោះផងដែរ គេមើលឃើញថា ភាគរយនៃការលក់របស់ Samsung បានធ្លាក់ចុះប្រមាណជាង ១៤,៦% សម្រាប់ការលក់ស្មាតហ្វូនសរុបទាំងអស់នៅក្នុងឆ្នាំ២០២០ ដែលទើបតែកន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីឆ្នាំ២០១៦ មក Samsung គឺតែងតែយកឈ្នះលើ Apple ស្ទើរតែគ្រប់ ឆ្នាំទៅហើយដែលឈរជាដំណែងលេខមួយសម្រាប់ក្រុមហ៊ុនដែលលក់ទូរសព្ទដៃបានច្រើនជាងគេ ហើយក៏នេះជាលើកទីមួយហើយដែរដែលក្រុមហ៊ុនផលិតទូរសព្ទដៃរបស់អាមេរិកខាងលើនេះបានផ្ដួលរលំក្រុមហ៊ុនផលិតទូរសព្ទរបស់កូរ៉េខាងត្បូងមួយនេះវិញ៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត