លោក ជួន ថាបូរា៖ ប្តូរខ្លួនពីបុគ្គលិកធ្វើការឲ្យគេ ក្លាយទៅជាម្ចាស់ចម្ការទំពាំងបាយជូរ

ប៉ុន្មានឆ្នាំកន្លងមកនេះយើងឃើញថា វិស័យកសិកម្មកំពុងមានសន្ទុះឡើងគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាផលិតផលដែលមិនធ្លាប់ដាំក្នុងស្រុកក៏ដោយ តែក៏មានកសិករខ្មែរយើងអាចធ្វើវាបាន។ ជាក់ស្តែង លោក ជួន ថាបូរា ដែលជាកសិករដំបូងគេដាំដំណាំទំពាំងបាយជូរនៅភូមិទឹកល្អក ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្លាប់បានចែករំលែកនូវបទពិសោធន៍ខ្លះៗទាក់ទងនឹងវិស័យកសិកម្មប្រភេទនេះ និងគន្លឹះដែលធ្វើឲ្យលោកទទួលបានជោគជ័យក្នុងវិស័យនេះដូចខាងក្រោម៖

១. រៀនសូត្រពីបទពិសោធន៍ដែលធ្លាប់ធ្វើការងារ៖ លោក ថាបូរា ជាអតីតបុគ្គលិកម្នាក់បម្រើការងារនៅក្នុងក្រុមហ៊ុនផលិតផលស្រាទំពាំងបាយជូរមួយកន្លែង។ អំឡុងពេលធ្វើការងារលោកក៏ទទួលបាននូវបទពិសោធន៍ជាច្រើនទាក់ទងការផលិតផលស្រាទំពាំងបាយជូរ ទើបជាកត្តាមួយដែលជំរុញឲ្យលោកចាប់ផ្តើមបង្កើតអាជីវកម្មមួយនេះឡើង។ ដោយហេតុថាអ្វីដែលខ្លួនទទួលបានពីការងារគឺសមល្មមដែលអាចយកទៅបង្កើតអាជីវកម្មដោយខ្លួនឯង។

២. មានច្រើនតម្រូវការ៖ បើយើងនិយាយពីប្រភេទកសិកម្មទំពាំងបាយជូរ​វិញ គឺវាមិនត្រឹមតែជាផ្លែឈើហូបផ្លែប៉ុណ្ណោះទេ តែយើងអាចឆ្នៃវាធ្វើជាស្រាបានថែមទៀតផង។ នេះបើតាមការលើកឡើងរបស់លោក ថាបូរា​ នៅក្នុងកម្មវិធី 1Post ។

៣. បង្កើនការងារដល់ប្រជាជនខ្មែរយើង៖ ជាការពិតណាស់ លោកក៏ជាបុគ្គលម្នាក់ដើរតួយ៉ាងសំខាន់ក្នុងការជួយប្រជាជនខ្មែរយើងផងដែរ ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមដល់ពួកគេ។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ ពួកគេក៏មានពេលវេលាក្នុងការដាំដុះស្រូវចំការផងដែរ។ ដូច្នេះកសិករក៏មិនចាំបាច់ចំណាកស្រុកទៅក្រៅប្រទេសទៀតដែរ។

៤. មិនបោះបង់៖ ដូចដែលបានលើកឡើងហើយថា អាជីវកម្មរបស់លោកបានចាប់ផ្តើមអស់រយៈពេល៤ឆ្នាំ មកហើយប៉ុន្តែនៅមិនទាន់ទទួលបានផលចំណេញស្រួលបួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏លោកនៅតែមិនចុះចាញ់ឬមួយចង់បោះវាឡើយ។

អត្ថបទដោយ៖ វិមាលា

- Advertisment -

ព័ត៌មានថ្មីបំផុត