លោក Lee Kuan Yew តែងប្រកាន់យកគោលការណ៍ទាំង ៤នេះ ដើម្បីផ្លាស់ប្ដូរប្រទេសសិង្ហបុរីឲ្យខ្លាំងខ្លា

លោក Lee Kuan Yew គឺជាឥស្សរជនឆ្នើមមួយរូបដែលមានមុខតំណែងជានាយករដ្ឋមន្ដ្រីដំបូងគេបង្អស់របស់ប្រទេសសិង្ហបុរី និងបានដឹកនាំប្រទេសមួយនេះឲ្យក្លាយជាខ្លាសេដ្ឋកិច្ចអស់រយៈពេលជាង៣ទសវត្សរ៍។ លោក Lee កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩២៣ និងបានទទួលមរណភាពនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ លោកជានាយកមន្ដ្រីទីមួយក្នុងប្រវត្តិសាស្ដ្រដែលធ្វើឲ្យប្រទេសរបស់លោកមានការផ្លាស់ប្ដូរ និងរីកចម្រើនយ៉ាងខ្លាំង។

ចំពោះគោលការណ៍ និងគោលគំនិតដ៏មានតម្លៃដែលធ្វើឲ្យនាយករដ្ឋមន្ដ្រីរូបនេះអាចដឹកនាំប្រទេសឲ្យក្លាយជាខ្លាសេដ្ឋកិច្ចមានដូចជា៖

. អ្នកដឹកនាំត្រូវមានចក្ខុវិស័យ និងឆន្ទៈមោះមុត

លោក Lee Kuan Yew តែងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីការពារប្រទេសសិង្ហបុរីសូម្បីតែ នៅពេលដែលលោកបានលាលែងពីតំណែងជានាយកមន្ដ្រីនៅក្នុងឆ្នាំ១៩៩០ ក៏ដោយ ក៏លោកនៅតែធ្វើជាទីប្រឹក្សា និងជាអ្នកដែលផ្ដល់ដំបូន្មានដល់អ្នកស្នងតំណែងជំនាន់ក្រោយ។ អ្វីដែលលោកអាចជួយប្រទេសដ៏តូចមួយនេះបាន គឺឆន្ទៈក្នុងការលះបង់ដ៏មហិមារ និងការបេ្ដជ្ញាចិត្តដើម្បីរក្សាទង់ជាតិសិង្ហបុរីឲ្យឡើងខ្ពស់ជាប្រទេសមួយអសា្ចរ្យនៅក្នុងពិភពលោក។

. បង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពរឹងមាំ

បើទោះបីជាមេដឹកនាំរូបនេះឈានជើងចូលក្នុងវ័យ៧០ឆ្នាំហើយមានរាងកាយចាស់ទ្រុឌទ្រោមបន្តិចក្ដី ប៉ុន្ដែលោកនៅតែបន្តហាត់ប្រាណជារៀងរាល់ថ្ងៃមិនដែលខកខានម្ដងណាឡើយ។ លោកបានហាត់ប្រាណតាមរយៈ ប្រើប្រាស់ម៉ាស៊ីនរត់ ហែលទឹក និងលេងកីឡាដែលជាផ្នែកមួយធើ្វឲ្យកាយ   សម្បទារមានភាពមាំមួន។ លោក Lee បានធ្លាប់មានប្រសាសន៍ថា បើខ្ញុំមិនជឿជាក់ថាការហាត់ប្រាណជាប្រចាំគ្មានប្រយោជន៍ទេនោះ ម្លោះហើយខ្ញុំមិនអាចនៅឈរមើលភាពរីកចម្រើននៃប្រទេសរបស់ខ្ញុំបានដល់អាយុ ៨៩ឆ្នាំឡើយ។

. អ្នកដឹកនាំចេះច្រើនភាសាទើបបញ្ញាដើរទាន់សម័យកាល

លោក Lee បានបន្ដទៀតថា សេដ្ឋកិច្ចរបស់ប្រទេសយើងមិនអាចរីកចម្រើនបាននោះទេ ប្រសិនបើប្រជាជនយើងនៅខ្សោយផ្នែកភាសានៅឡើយ ក្នុងការធ្វើទំនាក់ទំនងជាមួយបណ្ដាប្រទេសធំៗនៅលើពិភពលោក។ អាស្រ័យហេតុនេះហើយទើបចាប់តាំងពីឆ្នាំ១៩៦៦មក រាល់សិស្សនិសិត្សនៅក្នុងប្រទេសសិង្ហបុរីទាំងអស់គឺតម្រូវឲ្យរៀនជាពីរភាសា គឺភាសាអង់គ្លេស ​និងភាសាកំណើត។ នេះគឺជាផ្នែកមួយដែលធ្វើឲ្យប្រទសសិង្ហបុរីអាចរក្សាអត្តសញ្ញាណជាតិ និងគុណតម្លៃវប្បធម៌អាស៊ីរបស់ខ្លួនដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់លោកខាងលិច។

. ការដែលភាពជាម្ចាស់ការលើខ្លួនឯងនឹងធ្វើឲ្យប្រទេសអ្នករីកចម្រើន

អស់រយៈពេលជាច្រើនឆ្នាំនៃការដឹកនាំប្រទេស បុគ្គលដ៏ឆ្នើមរបស់សិង្ហបុរីរូបនេះបានធ្វើការយ៉ាងលំបាកជារៀងរាល់ថ្ងៃ។ រាល់មុនពេលដែលលោកចូលគេង លោកតែងតែដាក់នូវសំបុត្រមួយច្បាប់ចូលទៅប្រអប់ពណ៌ក្រហមដែលនៅក្បែរគ្រែ ក្នុងគោលបំណងចង់បង្ហាញប្រាប់ដល់អ្នកស្នងតំណែងជំនាន់ក្រោយនូវអ្វីដែលពួកគេត្រូវធើ្វ។ នៅក្នុងសំបុត្រទាំងអស់នោះក៏មានពាក្យមួយឃ្លាដែលលោក Lee បានសរសេរថា “ពិភពលោកនេះប្រែប្រួលលឿនណាស់ បើអ្នកមិនអាចក្លាយជាម្ចាស់ការលើខ្លួនឯងទេ តើឲ្យប្រទេសជាតិរបស់អ្នកជឿនលឿនដូចម្ដេច?”

ពាក្យសម្ដីមួយឃ្លានេះ បានស្ដិតនៅក្នុងការចងចាំរបស់ប្រជាជនសិង្ហបុរីគ្រប់រូប ហើយក៏បានកែប្រែជោគវាសនាប្រទេសមួយនេះ ក្លាយជាប្រទេសមួយមានការរីកចម្រើនយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត