ក្នុងគោលដៅបន្តអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ហានិភ័យននៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”។ តាមរយៈប្រព័ន្ធនេះ សាធារណជនអាចស្គេននៅពេលចូលទីតាំងដែលមានមនុស្សចេញ-ចូលច្រើន ហើយអាចទទួលបានដំណឹងឆាប់រហ័ស ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺ។
ទន្ទឹមនេះ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើម ចំនួន២៨ ៨០៩ទីតាំង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ហើយប្រជាពលរដ្ឋបានប្រើប្រាស់រហូតដល់ ១៥៥ ១៧៣ នាក់ គិតត្រឹមម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ជាមួយគ្នានេះដែរ អនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏បានកំណត់អត្ថន័យរបស់ពណ៌ក្រោយពេលស្គេន QR Code លើក្រដាស “ទប់ស្កាត់កូវីដ-១៩” ៖
-ពណ៌បៃតង គឺ បញ្ជាក់ពីបុគ្គលចុះឈ្មោះលើកដំបូង ហើយបុគ្គលនោះមិនត្រូវបានកត់ត្រាថាពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩
-ពណ៌លឿង គឺ បញ្ជាក់ពីបុគ្គលសង្ស័យអាចមានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ឬធ្លាប់បានចូលទៅទីតាំងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩
-ពណ៌ក្រហម គឺ បញ្ជាក់ពីបុគ្គលបានកើតជំងឺកូវីដ១៩ ឬបុគ្គលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ។
សូមបញ្ជាកផងដែរ សម្រាប់គ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” សម្រាប់អង្គភាពរបស់ខ្លួន អាចធ្វើតាមការណែនាំដូចខាងក្រោម៖
ជំហានទី១៖ ចូលទៅកាន់គេហទំព័រ stopcovid.gov.kh
ជំហានទី២ ៖ ចុចលើពាក្យថា “ស្នើសុំ QR Code”
ជំហានទី៣ ៖ បំពេញឈ្មោះ លេខទូរសព្ទទំនាក់ទំនង អ៊ីម៉ែល និងអាសយដ្ឋានអង្គភាព រួចចុចពាក្យថា “ស្នើសុំ QR Code” បន្ទាប់មកចុចពាក្យថា “Download” ដើម្បីទទួលបាន QR Code មួយសន្លឹក
ជំហានទី៤ ៖ ព្រីន QR Code ដែលបានបង្កើត រួចយកទៅដាក់នៅច្រកចេញ-ចូលទីតាំងរបស់អង្គភាពសាមីដែលផ្តល់ភាពងាយស្រួលដល់ការស្កេន៕
ដោយ៖ ស្រីពេជ្រ