សម្រាប់ការបើកអាជីវកម្មដំបូង តើអ្នកគួរ ជួល ទិញ ឬសាងសង់ទីតាំងមួយថ្មីដោយខ្លួនឯង?

ការបើកដំណើរការអាជីវកម្ម មិនថាអាជីវកម្មមួយនោះជាប្រភេទអ្វីក៏ដោយ ពោលគឺសុទ្ធតែត្រូវការទីតាំង​និងទីកន្លែងដើម្បីអាចដំណើរការទៅមុខបាន។ សម្រាប់អ្នកដែលមានបំណងក្នុងការចេញរកស៊ីជាលើកដំបូង ពួកគេប្រាកដជាមិនដឹងថាគួរជ្រើសរើសជម្រើសមួយណារវាង ការជួល ការទិញ ឬសាងសង់ទីតាំងថ្មីតែម្ដង។

មុននឹងយើងសម្រេចចិត្តជ្រើសរើសយកជម្រើសណាមួយ ជាដំបូងយើងគួរស្វែងយល់ពីគុណវិបត្តិ  និងអត្ថប្រយោជន៍នៃជម្រើសនីមួយៗជាមុនសិន៖

. ការជួលទីតាំង

ប្រសិនបើអ្នកចង់ចេញរកស៊ីភ្លាមៗ ការជួលទីតាំងជាជម្រើសដ៏ល្អមួយ ព្រោះវាលឿនជាងការទិញផ្ដាច់ដោយមិនចាំបាច់ត្រូវធ្វើឯកសារពាក់ព័ន្ធច្រើន ហើយអ្នកក៏អាចចរចាជាមួយម្ចាស់ទីតាំងក្នុងការជួលរយៈពេលខ្លី ឬវែងទៅតាមតម្រូវការរបស់អ្នក។ មួយវិញទៀត ការជួលគឺវាចំណាយតិចជាងការទិញ ឬសាងសង់ថ្មី ជាពិសេសអ្នកក៏អាចជួសជុលនិងកែលម្អចំណុចមួយចំនួនដើម្បីឲ្យសមស្របនឹងអាជីវកម្មរបស់អ្នកផងដែរ។ ប៉ុន្ដែសម្រាប់គុណវិបត្តិនៃការជួលនេះគឺ អ្នកពិបាកក្នុងការរកទីតាំង ឬអាគារដែលមានទំហំសមស្រប ទៅនឹងតម្រូវការរបស់អ្នក ហើយពេលខ្លះអ្នកក៏អាចជួលប៉ះម្ចាស់ទីតាំងដែលពិបាកនឹងសហការជាមួយគ្នាក៏មានដែរ។

. ការទិញយកផ្ដាច់

នៅពេលដែលអ្នកទិញផ្ដាច់នូវទីតាំងណាមួយ គឺមានន័យថាអ្នកចំណាយប្រាក់តែមួយលើកនោះអ្នកនឹងក្លាយទៅជាម្ចាស់កម្មសិទ្ធិរហូត។ ក្រៅពីនេះអ្នកក៏អាចជួសជុល តុបតែង​ សាងសង់បន្ថែម ឬវាយអាគារចាស់ៗនោះចោលនៅថ្ងៃក្រោយ​ ដោយមិនបាច់ភ័យខ្លាចការបដិសេធពីម្ចាស់អចលទ្រព្យដូចការជួលនោះទេ។ ក្នុងនោះផងដែរការទិញយកនេះក៏មានគុណវិបត្តិមួយចំនួនដូចជា អ្នកអាចនឹងចំណាយប្រាក់ច្រើនជាងការជួល ដែលអាចប៉ះពាល់ដល់ដើមទុនរកស៊ីរបស់អ្នក មួយវិញទៀតអ្នកក៏ត្រូវធ្វើឯកសារជាច្រើន​ និងត្រូវស្វែងរកអ្នកជំនាញមកត្រួតពិនិត្យមើលគុណភាពសំណង់ផងដែរ។ ម្យ៉ាងទៀត បើអ្នកសម្រេចចិត្តទិញយកទីតាំងណាមួយ អ្នកគួរគិតគូរឲ្យបានវែងឆ្ងាយលើអនាគតអាជីវកម្មរបស់អ្នក ព្រោះថាការចំណាយប្រាក់លើការទិញអចលនទ្រព្យមួយនេះជាការវិនិយោគរយៈពេលវែង។

. ការសាងសង់ទីតាំងថ្មី

ប្រសិនបើអ្នកមានដើមទុនគ្រប់គ្រាន់សម្រាប់រកស៊ី និងមានពេលវេលាមួយសមរម្យ អ្នកគួរតែសាងសង់ទីតាំងថ្មីព្រោះអ្នកអាចជ្រើសរើសការរចនាម៉ូតរបស់ហាងទៅតាមអ្វីដែលអ្នកចង់បាន មួយវិញទៀត អ្នកនឹងទទួលបានសំណង់មួយថ្មីដែលអាចជឿទុកចិត្តបាន និងមានគុណភាពល្អ។ ប៉ុន្ដែសម្រាប់គុណវិបត្តិរបស់ការសាងសង់ថ្មីមួយនេះគឺ បើអ្នកចង់ចេញរកស៊ីភ្លាមៗ ការសាងសង់នឹងធ្វើឲ្យអ្នកខាតពេលអស់រាប់ខែ ឬឈានដល់ឆ្នាំ ដោយកំឡុងពេលដែលសាងសង់នោះអ្នកនឹងមិនមានលំហូរសាច់ប្រាក់អ្វីឡើយ។ ប្រសិនបើអ្នកគ្រាន់តែមានថិវិការត្រឹមតែសម្រាប់ចេញរកស៊ី ជម្រើសមួយនេះមិនមែនជាជម្រើសល្អសម្រាប់អ្នកនោះទេ។

ជារួមមក រវាងជម្រើសទាំងបីខាងលើគឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន បើសិនជាអ្នកចង់ជ្រើសយកជម្រើសណាមួយអ្នកគួរតែមើលទៅលើធនធានដែលអ្នកមាន ឲ្យសមស្របជាមួយនឹងស្ថានភាពនៅក្នុងជម្រើសនីមួយៗ នោះនៅពេលដែលអ្នកបើកអាជីវកម្មនឹងមិនងាយដួលរលំ៕

©រក្សាសិទ្ធិគ្រប់យ៉ាង

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត