ហេតុអ្វីបានជាគេបង្កើត បាកូដ (Barcode)ឡើង? តើវាបានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

មនុស្សភាគច្រើនបានសង្កេតឃើញថា នៅពេលដែលពួកគេទិញទំនិញមួយចំនួនដែលមានការវេចខ្ចប់ស្របទៅតាមស្ដង់ដារជាតិ និងអន្តរជាតិ​ គឺពួកគេតែងឃើញមាន សញ្ញាឆ្នូតៗពណ៌ខ្មៅ ឬពណ៌ខៀវ ដែលមានផ្ទៃពណ៌ស និងមានតួរលេខមិនក្រោម១០ខ្ទង់ដែលនៅជាប់ជាមួយនឹងសំបកផលិតផលទាំងនោះ។ ចំពោះ សញ្ញាឆ្នូតៗដែលរួមមានជាមួយតួរលេខយ៉ាងច្រើនបែបនោះ ត្រូវបានគេស្គាល់ថាជាប្រភេទបាកូដ (Barcode)។

បាកូដ (Barcode) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៥១ ដោយស្ថាបនិកចំនួនពីររូបគឺ លោក Norman Joseph Woodland និងលោក Bernard Silver។ យ៉ាងណាមិញ ក៏នៅមានមនុស្សមួយចំនួនធំមិនទាន់បានយល់ច្បាស់ពីគោលបំណង និងគុណសម្បត្តិរបស់បាកូដមួយនេះនៅឡើយទេ។

ដូច្នេះ តើអ្វីទៅជាបាកូដ(Barcode)? ហើយគេបង្កើតវាឡើង នៅក្នុងគោលបំណងអ្វី?

បាកូដ (Barcode) គឺជាប្រព័ន្ធបច្ចេកវិទ្យាមួយប្រភេទដែលមាន សញ្ញាឆ្នូត ឬបន្ទាត់ឈរពណ៌ខ្មៅ និងមានរាងជាការ៉េ ឬចតុកោណកែង ដែលនៅពីក្រោមបន្ទាត់ឈរពណ៌ខ្មៅទាំងនោះ មានតួរលេខច្រើនជាង ១០ខ្ទង់។ ក្នុងនោះផងដែរ គេបង្កើត Barcode ឡើងនៅក្នុងគោលបំណង ដើម្បីបង្ហាញពីប្រភព និងដើមកំណើតរបស់ផលិតផលនីមួយៗ មួយវិញទៀតដើម្បីអាចដឹងពីប្រភពដើមរបស់ផលិតផលទាំងនោះបាន គេគ្រាន់តែប្រើប្រាស់ម៉ាស៊ីន ឬកម្មវិធីស្កេន (Scan) ទៅលើផលិតផលទាំងនោះតែប៉ុណ្ណោះ។ នៅពេលដែល​​ស្កេនរួចរាល់ហើយគេនឹងបានដឹងថា ផលិតផលនោះជាប្រភេទផលិតផលដែលមានការវេចខ្ចប់មកពីប្រទេសមួយណា ហើយសហគ្រាសឬក្រុមហ៊ុនមួយណាជាអ្នកបង្កើតវាឡើង។ បន្ថែមលើសពីនេះទៀត តាមរយៈប្រព័ន្ធបាកូដមួយនេះក៏អាចធ្វើឲ្យអ្នកលក់ទំនិញទាំងអស់អាចបញ្ចូលទិន្នន័យ និងតម្លៃផលិតផលរបស់ខ្លួនទៅក្នុងប្រព័ន្ធមួយនោះបាន ដើម្បីជួយសម្រួលដល់ការលក់របស់ពួកគេផងដែរ។ ចំណែកឯ អត្ថប្រយោជន៍ដែលបាកូដនេះបានផ្ដល់ឲ្យមានដូចជា៖

  • កាត់បន្ថយនូវរាល់កំហុសឆ្គង និងហានិភ័យនៅក្នុងសង្វាក់ផលិតកម្ម
  • បង្កើននូវប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងសង្វាក់ផលិតកម្ម
  • ធ្វើឲ្យផលិតផលមានលក្ខណៈស្ដង់ដារ និងមានភាពងាយស្រួលក្នុងការនាំចេញទៅក្រៅប្រទេស
  • បង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងស្តុកទំនិញ
  • ធ្វើឲ្យទំនាក់ទនងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតកាន់តែមានភាពងាយស្រួល
  • និងជាពិសេសវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ម្ចាស់ក្រុមហ៊ុន និងដៃគូផលិតកម្ម។

បើយើងងាកមកមើលក្នុងប្រទេសយើងវិញ យើងនឹងបានឃើញថាមានគេហទំព័រមួយមានឈ្មោះ ជី អេស វ័ន្ត កម្ពុជា (GS1 Cambodia) គឺជាស្ថាប័នមួយដែលជំនួសឲ្យសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបង្កើតចេញនូវ បាកូដ (Barcode) សម្រាប់ម្ចាស់ផលិតផលគ្រប់ប្រភេទ។ ប្រសិនបើលោកអ្នក ចង់បង្កើត Barcode នៅលើផលិតផលរបស់ខ្លួន លោកអ្នកគ្រាន់តែ ចុះឈ្មោះជាសមាជិក និងដាក់ពាក្យស្នើសុំក្នុងការបង្កើត Barcode ជាការស្រេច។ ប៉ុន្ដែបន្ថែមលើពាក្យស្នើសុំនេះផងដែរ លោកអ្នកក៏ត្រូវភ្ជាប់ជាមួយឯកសារ និងពត៌មានដែលចាំបាច់មួយចំនួនដូចជា វិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល វិញ្ញាបនបត្រចុះបញ្ជីសហគ្រាស ឈ្មោះរបស់សហគ្រាស និងអត្តសញ្ញាណបណ្ណរបស់ម្ចាស់សហគ្រាសផ្ទាល់ផងដែរ៕

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា