ហេតុអ្វីបានជាបុគ្គលជោគជ័យ និងល្បីល្បាញជាច្រើនតែងនិយាយថា “កុំធ្វើអ្វីមួយ ដើម្បីតែប្រាក់”?

បុគ្គលល្បីៗជាច្រើនក្នុងប្រវត្តិសាស្រ្ដរបស់មនុស្សជាតិ​ ដែលទទួលបានជោគជ័យក្នុងជីវិតរបស់ពួកគេ ដោយសារសេចក្ដីព្យាយាម តស៊ូ ក្នុងការសម្រេចក្ដីស្រមៃរបស់ពួកគេ។ ក្នុងនោះដែរ បុគ្គលនីមួយៗតែងតែមាននូវមេរៀន និងបទពិសោធន៍ជីវិតជាច្រើនមុននឹងទទួលបាននូវភាពជោគជ័យ ដែលគេស្រមៃចង់បាន។ បន្ថែមទៀតនោះ បុគ្គលជោគជ័យទាំងនោះតែងតែចែករំលែកនូវពិសោធន៍ទាំងនោះនៅក្នុងការនិយាយជាសាធារណៈ និងបទសម្ភាសន៍ផ្សេងៗ។​ មួយវិញទៀត មានបុគ្គលជោគជ័យជាច្រើន​តែងតែលើកយកនូវពាក្យមួយឃ្លាថា “កុំធ្វើអ្វីមួយ ក៏ព្រោះតែប្រាក់”។

ចំណុចល្អៗ ៥ យ៉ាង ដែលយើងនឹងទទួលបាន ប្រសិនបើយើងមិនធ្វើអ្វីមួយដោយយកប្រាក់ជាធំ៖

១. មានភាពអត់ធ្មត់ តស៊ូ ព្យាយាម​​

ភាពជោគជ័យជាច្រើន កើតឡើងដោយសារការតស៊ូព្យាយាមរបស់បុគ្គលម្នាក់ក្នុងការសម្រេចវា ព្រោះផ្លូវទៅកាន់ភាពជោគជ័យតែងតែមានឧបសគ្គ​ជាច្រើន ដែលយើងមិនអាចស្មានដល់។ ជួនកាល​ ការយកប្រាក់ជាធំ ក៏ជាកត្តា​មួយដែលធ្វើឲ្យមនុស្សគ្មានភាពអំណត់នឹងភាពលំបាក ហើយងាយចុះចាញ់នឹងឧបសគ្គ។ ម៉្យាងទៀត ភាពជោគជ័យរបស់បុគ្គលម្នាក់ៗមិនដូចគ្នាទេ ដោយអ្នកខ្លះប្រើប្រាស់រយៈពេលខ្លី​ ដែលបានក្លាយជាបុគ្គលជោគជ័យក្នុងវ័យ​ ៣០ ឬ៤០ ឆ្នាំ​ តែអ្នកខ្លះទៀតរហូតដល់វ័យ​ ៦០ ឬ៧០ ឆ្នាំក៏មាន។ ជាឧទាហរណ៍ បារ៉ាក់ អូប៉ាមា (Barack Obama) ក្លាយជាប្រធានាធិបតីអាមេរិកនៅវ័យ ៤៨ឆ្នាំ ចំណែកឯ ដូណាល់ត្រាំ (Donald Trump) ក្លាយជាប្រធានាធិបតីនៅវ័យ៧០ឆ្នាំ។

២. ចេះចាប់ឱកាសរៀនសូត្របានច្រើនពីគ្រប់យ៉ាងនៅជុំវិញខ្លួន

នៅពេលយើងធ្វើការអ្វីមួយ ទោះបានប្រាក់ខែបន្ដិចចបន្ដួចក្ដី យើងត្រូវគិតថាយើងមករៀនដោយមិនបង់ប្រាក់ ហើយថែមទាំងទទួលបានប្រាក់ខ្លះៗមកវិញ។ ដូចនេះ យើងនឹងខិតខំធ្វើការ ហើយនឹងទទួលបាននូវលទ្ធផលល្អនៅពេលក្រោយជាក់ជាមិនខាន។ មួយវិញទៀត យើងអាចមានពេលវេលា និងទទួលបាននូវមេរៀន និងបទពិសោធន៍ជីវិតជាច្រើនដែលយើងមិនបានទទួលពីសាលា។

៣. ចេះគោរព និងឲ្យតម្លៃអ្នកដទៃ

ពេលអ្នកយល់ថាប្រាក់គ្រាន់តែជាផ្នែកដ៏តូចសម្រាប់ជីវិតរបស់អ្នក នោះអ្នកនឹងយល់ពីតម្លៃពិតរបស់មនុស្ស ដោយមិនមើលទៅលើតែសម្បកក្រៅរបស់គេនោះទេ។ កត្តានេះហើយ ដែលធ្វើឲ្យអ្នកចេះគោរពនិងឲ្យតម្លៃអ្នកដទៃ និងធ្វើឲ្យខ្លួនឯងមានសេចក្ដីថ្លៃថ្នូរផងដែរ។

៤. មានការប្ដេជ្ញាចិត្តខ្ពស់

ពួកគេតែងតែពុះពារ​ មិនរាថយ និងមិនងាយចុះចាញ់នឹងឧបសគ្គទេព្រោះពួកគេមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនិងក្ដីស្រមៃរបស់ពួកគេ។

៥. ផ្ដល់ក្ដីពិតប្រាកដឲ្យខ្លួនឯង

ដូចលោកដូណាល់ត្រាំ (Donald Trump) បានមានប្រសាសន៍ថា ក្នុងបទសម្ភាសន៍មួយថា “គាត់ចូលចិត្តប្រាក់ ប៉ុន្ដែគាត់មិនមែនធ្វើអ្វីមួយក៏ព្រោះប្រាក់នោះទេ គាត់ធ្វើវាក៏ព្រោះតែគាត់សប្បាយនៅក្នុងការធ្វើវា ពេលខ្លះវាក៏កត្ដាមួយដែលជួយឲ្យគាត់មានប្រាក់ច្រើននៅពេលក្រោយផងដែរ”។ ក្នុងសម្ដីរបស់លោកត្រាំ (Trump) មួយឃ្លានេះ គឺលោកចង់ឲ្យមនុស្សគ្រប់រូបធ្វើអ្វីតាមការស្រលាញ់ និងពេញចិត្តដោយខ្លួនផ្ទាល់ នោះភាពជោគជ័យនិងទ្រព្យសម្បត្តិផ្សេងៗនឹងកើតមានឡើងនៅពេលក្រោយ។

ជារួមមក ប្រាក់​ជាផ្នែកមួយនៃជីវិតរបស់មនុស្សម្នាក់នៅក្នុងជីវភាពរស់នៅសព្វថ្ងៃ ព្រោះមនុស្សត្រូវការប្រើប្រាស់វាក្នុងដំណើរការដោះដូរនូវរបស់ផ្សេងៗក្នុងសម័យទំនើបនេះ។ ផ្ទុយទៅវិញ មនុស្សម្នាក់ៗមិនគួរធ្វើអ្វីៗ ដោយយកប្រាក់ជាធំនោះទេ គឺយើងត្រូវធ្វើវាដោយចេញពីចិត្ត និងក្ដីស្រលាញ់របស់យើង៕

អត្ថបទដោយ៖ រស្មី