ហេតុអ្វីបានជាអាជីវកម្មទាំងអស់សុទ្ធតែត្រូវការពាណិជ្ជសញ្ញា (Trademark)?

បើយើងនិយាយអំពីពាក្យ “ពាណិជ្ជសញ្ញា” ឬ “Trademark” មនុស្សមួយចំនួនប្រហែលជាស្ដាប់មើលទៅរាងប្លែកត្រចៀកបន្ដិច ដោយសារពួកគេមិនទាន់ស្គាល់អ្វីទៅជាពាណិជ្ជសញ្ញា។ ការពិតពាណិជ្ជសញ្ញាមួយនេះវាគឺជាអ្វីដែលយើងបានឃើញ និងកាន់វានៅក្នុងដៃស្ទើរតែជារៀងរាល់ថ្ងៃ គ្រាន់តែយើងមិនបានចាប់អារម្មណ៍ប៉ុណ្ណោះ។​

ស្ទើរគ្រប់ផលិតផលទាំងអស់សុទ្ធតែមានពាណិជ្ជសញ្ញានៅជាប់ជាមួយ ហើយពាណិជ្ជសញ្ញានោះទៀតសោតគឺសំដៅលើម៉ាកយីហោផលិតផលនេះឯង។ មុនពេលដែលយើងសម្រេចចិត្តទិញរបស់អ្វីមួយយកមកប្រើប្រាស់ យើងប្រាកដជាធ្វើការវិនិច្ឆ័យថាតើផលិតផលដែលយើងទិញជាផលិតផលប្រភេទអ្វី ហើយជាផលិតផលរបស់ក្រុមហ៊ុនមួយណា។

ដូច្នេះ តើហេតុអ្វីបានជាគេត្រូវបិទពាណិជ្ជសញ្ញានៅជាប់ជាមួយផលិតផល? តើវាបានផ្ដល់ផលអត្ថប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុន និងអាជីវកម្មទាំងនោះ? ខាងក្រោមនេះជាហេតុផលមួយចំនួនដែលបញ្ជាក់ថាពាណិជ្ជសញ្ញាមានសារៈសំខាន់សម្រាប់អាជីវកម្ម ឬក្រុមហ៊ុនរបស់លោកអ្នក៖

. ពាណិជ្ជសញ្ញាជាឧបករណ៍មួយដែលជួយដល់ការធ្វើទំនាក់ទំនង

នៅក្នុងស្លាកយីហោ ឬLogo មួយតែងធ្វើឡើងដើម្បីបង្ហាញពីលក្ខណៈរបស់ក្រុមហ៊ុន កេរ្តិ៍ឈ្មោះផលិតផល និងសេវាកម្មដែលក្រុមហ៊ុនមានក្នុងការផ្ដល់ជូនទៅកាន់អតិថិជន។ ការដាក់ពាណិជ្ជសញ្ញាមិនចាំបាច់ទាល់តែជាពាក្យ ឬឃ្លានោះទេ ពេលខ្លះគ្រាន់តែដាក់ជាអក្សរតំណាង ឬសញ្ញាមួយដែលងាយស្រួលក្នុងចំណាំជាការល្អបំផុត។

. ពាណិជ្ជសញ្ញាបង្ករភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកផលិតផល

អ្នកទាំងគ្នាត្រូវចាំថា នៅក្នុងទីផ្សារមិនមែនមានតែផលិតផលរបស់យើងដែលឈរជើងនោះទេ គឺមានផលិតផលរបស់ក្រុមហ៊ុនផ្សេងៗទៀតស្ទើររាប់មិនអស់។ ហើយពួកគេទាំងនោះគឺជាដៃគូប្រកួតប្រជែងរបស់យើង ដូច្នេះពាណិជ្ជសញ្ញាវាគឺជាឧបករណ៍ទំនាក់ទំនងពាណិជ្ជកម្មដ៏មានប្រសិទ្ធភាពបំផុតក្នុងការទាញយកចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ដើម្បីជួយធ្វើឲ្យផលិតផលរបស់យើងអាចរក្សាតំណែង និងអាចឈរជើងនៅលើទីផ្សារបាន។

. ពាណិជ្ជសញ្ញាជាទ្រព្យដ៏មានតម្លៃ

ហេតុអ្វីបានយើងអាចនិយាយបានថា ពាណិជ្ជសញ្ញាជាទ្រព្យមួយដ៏មានតម្លៃ? យើងអាចធ្វើការសង្កេតបាននៅពេលដែលអាជីវកម្មមួយមានការលក់កើនឡើង ពេលនោះអាជីវកម្មមួយនោះប្រាកដជាមានការរីកចម្រើនកាន់តែខ្លាំង បន្ទាប់មកកេរ្តិ៍ឈ្មោះក៏កាន់តែល្បីល្បាញ  ហើយពេលនោះឯងគឺជាពេលមួយដែលធ្វើឲ្យម៉ាកយីហោអាជីវកម្មរបស់ពួកគេក៏កាន់តែមានតម្លៃផងដែរ។ ដោយសារតែហតុផលនេះហើយ ទើបម្ចាស់អាជីវកម្មមួយចំនួនសុខចិត្តចំណាយប្រាក់ដើម្បីជួលយីហោ ឬទិញសិទ្ធិ និងឈ្មោះអាជីវកម្មពីក្រុមហ៊ុនណាដែលកំពុងតែមានដំណើរការល្អ មកចែកចាយ ឬលក់បន្ត។

អត្ថបទដោយ ៖ វ៉ាន់ ចន្ថា