ហេតុអ្វីស្លាកសញ្ញា Intel តែងតែត្រូវបានគេយកទៅបិទភ្ជាប់នៅលើកុំព្យូទ័រភាគច្រើន?

អ្នកប្រហែលជាឧស្សាហ៍ឃើញផ្នែកតូចមួយ ដែលមានស្លាក Intel នៅពីលើកុំព្យូទ័រ និងម៉ាស៊ីនអេឡិចត្រូនិចជាច្រើន​ បើទោះបីជាវាមានម៉ាកខុសគ្នាក៏ដោយ ហើយប្រហែលជាឆ្ងល់ថា តើស្លាកសញ្ញានោះជាអ្វី? ជាការពិតណាស់ស្លាកនេះមិនមែនជាស្លាកយីហោស្ព័នស័រ (Sponcer) របស់ក្រុមហ៊ុនណាទេ វាជាស្លាកសញ្ញាដែលបង្ហាញថាកុំព្យូទ័រ និងម៉ាស៊ីនអេឡិចត្រូនិចទាំងនោះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការអង្គចងចាំជាមួយនឹងក្រុមហ៊ុន Intel។

Intel ជាក្រុមហ៊ុន ដែលធ្វើការផលិតបន្ទះលោហៈអេឡិចត្រូនិចរបស់កុំព្យូទ័រ។ Intel ត្រូវបានស្ថាបនាឡើងនៅឆ្នាំ ១៩៦៨ ដោយស្ថាបនិក ២រូប គឺលោក Gordon E. Moore និង​Robert Noyce។ វាមានទីស្នាក់ការកណ្ដាលនៅ សាន់តា ក្លារ៉ា (Santa Clara) រដ្ឋកាលីហ្វរញ៉ា (California)។ ដំបូងក្រុមហ៊ុននេះមានឈ្មោះថា Moore Noyce ប៉ុន្ដែវាស្ដាប់ទៅដូចទៅនឹងពាក្យ More Noise ដែលមានន័យថាមានភាពរញ៉េរញ៉ៃ គួរឲ្យរំខាន ទើបលោកទាំងពីរសម្រេចថារកឈ្មោះថ្មីឲ្យត្រូវជាមួយបរិបទរបស់ក្រុមហ៊ុន។ ជាចុងក្រោយ លោក Gordon E. Moore និងRobert Noyce សម្រេចយកឈ្មោះIntel ជាឈ្មោះ បានមកពីពាក្យកាត់ INTegrated Electronics ដែលមានន័យពាក់ព័ន្ធនឹងបច្ចេកវិទ្យានិងអេឡិចត្រូនិចមកដាក់ជាឈ្មោះក្រុមហ៊ុននិងម៉ាករបស់ផលិតផល។

ដំបូងឡើយ  Intel បានបង្កើតនូវបន្ទះលោហៈនៃអង្គចងចាំ (Memory chip) ប៉ុន្ដែមិនសូវទទួលបានការគាំទ្រប៉ុន្មានទេ។​ បន្ទាប់មក ក្រុមការងាររបស់ Intel បានបន្ដការអភិវឌ្ឍន៍នៃការផលិតរបស់ខ្លួនរហូតពួកគេអាចបង្កើតបាននូវបន្ទះលោហៈថ្មីមួយដែលមានសមត្ថភាពអាចផ្ទុកនូវទិន្នន័យបានច្រើន។ នៅឆ្នាំ ១៩៨៣ ដោយមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារ ក្រុមហ៊ុន Intel បានបង្កើតនូវបន្ទះលោហៈធាតុរូបរាងថ្មីមួយ ដែលមានរាងតូច ឬ microprocessor ដើម្បីមានភាពកាន់តែទំនើបក្នុងប្រតិបត្តិការរបស់កុំព្យូរទ័រ។ ក្នុងឆ្នាំនេះដែរ ក្រុមហ៊ុន Intel បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន IBM ក្នុងប្រតិបត្តិការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួនជាលើកដំបូងរបស់IBMផងដែរ។

Intel មានភាពជោគជ័យកាន់តែខ្លាំងក្រោយពេលដែលបានបង្កើត Intel 8088​ ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីរបស់ Intel ក្នុងការដាក់ឲ្យប្រតិបត្តិការជាមួយនឹងប្រព័ន្ធគ្រប់គ្រងនៃអង្គចងចាំ (memory management) ។ នៅឆ្នាំ២០០៦​ ក្រុមហ៊ុនដ៏ល្បីល្បាញផ្នែកបច្ចេកវិទ្យាអេឡិចត្រូនិចអេបផល (Apple) របស់លោក ស្ទីវ ចប (Steve Job) បានសហការជាមួយនឹងក្រុមហ៊ុន Intel ក្នុងការប្រើប្រាស់ប្រព័ន្ធក្ដារបន្ទះលោហៈធាតុអេឡិចត្រូនិចរបស់ Intel នេះ។

សព្វថ្ងៃ Intel ក៏បានសហការជាមួយក្រុមហ៊ុនផលិតកុំព្យូទ័រក្នុងការផ្គត់ផ្គង់នូវ Microprocessor ដូចជា ឌែល(Dell) អេបផល(Apple) អេកភី(HP) លេណូវូ(Lenovo) និង អេហ្សូស (ASUS) ជាដើម៕

អត្ថបទដោយ៖ រស្មី