ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឲ្យ ជប៉ុន វិនិយោគបន្ថែមនៅ កម្ពុជា និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឲ្យជប៉ុន មកធ្វើការវិនិយោគបន្ថែមនៅ កម្ពុជា លើគ្រប់វិស័យ និងបង្កើនទំហំពាណិជ្ជកម្មរវាងគ្នា និងគ្នាឲ្យកាន់តែមានទំហំធំធេងថែមទៀត ដើម្បីសមស្របនឹងសក្ដានុពលសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ការស្នើរយ៉ាងដូច្នេះធ្វើឡើង ខណៈលោក Masahiro MIKAMI អញ្ជើញបានទទួលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបញ្ជាក់ថា «រហូតមកដល់សព្វថ្ងៃនេះប្រទេសយើងទាំងពីរ មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ហើយរដ្ឋាភិបាលជប៉ុន តែងតែផ្ដល់ការគាំទ្រ និងជំនួយដល់កម្ពុជាលើគ្រប់វិស័យដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ»

ឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា ទោះជានាយករដ្ឋមន្ត្រីថ្មីណាក៏ដោយដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតរវាងកម្ពុជា និងជប៉ុនក៏នៅតែបន្ដរីកចម្រើនលើគ្រប់វិស័យ។

ដោយឡែក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងជាអាទិ៍ថា៖ ទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន តាំងពីថ្ងៃ០៩ មករា ១៩៥៣, ភាគីទាំង២ បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព នៅឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៥៩ កម្ពុជា-ជប៉ុន ក៏បានចុះហត្ថលេខាកិច្ចព្រមប្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស រយៈពេល២១ឆ្នាំ លោកបានចុះហត្ថលេខាយ៉ាងច្រើនលើកិច្ចព្រមព្រៀងអំពីជំនួយរបស់ជប៉ុនដល់កម្ពុជាផងដែរ។

គិតត្រឹមខែ កក្កដា ឆ្នាំ ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន១៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២.៨ ពាន់លានដុល្លារអាមេរិក។ ដោយក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក។

សូមបញ្ជាក់ ភាគី ជប៉ុន ក៏បានប្តេជ្ញាចិត្តនឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានានៅ កម្ពុជា ជាពិសេសជំរុញការវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្ម។ ហើយកម្ពុជា និងជប៉ុន បានពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជា រួមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ និងផ្លូវជាតិលេខ៥ ដែលនឹងរួមចំណែកដល់ការពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាបានប្តេជ្ញាបន្តខិតខំកែលំអបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ៖ ស្រីពេជ្រ