ឧបរាជនៃនគរស៊ូ ខុង មិញ បានពោលថា មនុស្សកាន់តែខ្ពង់ខ្ពស់ កាន់តែដាក់ខ្លួន កាន់តែចេះ កាន់តែលាក់សមត្ថភាព

បើនិយាយអំពីរឿងភាគបុរាណចិនមួយដែលមានចំណងជើងថា “សាមកុក” គឺមានមនុស្សតិចណាស់ ដែលមិនស្គាល់ និងមិនធ្លាប់បានទស្សនាខ្សែភាពយន្តមួយនេះព្រោះរឿងមួយនេះមានផ្ដល់នូវតម្លៃអប់រំដល់អ្នកទស្សនាជាច្រើន និងបង្រៀនឲ្យមនុស្សយើងត្រូវចេះបត់បែនទៅតាមកាលៈទេសៈទៀតផង។

រាល់ឈុតឆាកនីមួយៗនៃរឿងភាគបុរាណមួយនេះសុទ្ធតែបង្កប់នូវតម្លៃអប់រំ និងល្បិចគេចកលដើម្បីយកឈ្នះលើសត្រូវហើយរាល់ពាក្យសម្ដីរបស់តួអង្គទាំងអស់គឺសុទ្ធតែមានអត្ថន័យ។ នៅក្នុងចំណោមពាក្យពេចន៍ទាំងអស់ យើងចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីមួយឃ្លា របស់ ខុង មិញ ដែលដើរតួជាឧបរាជនៃនគរស៊ូ និងជាអ្នកប្រាជ្ញរបស់ចិនមួយរូបផងដែរ គឺពោរពេញដោយអត្ថន័យ និងតម្លៃអប់រំ។

ខុង មិញ បាននិយាយថា មនុស្សយើងនៅពេលដែលកាន់តែខ្ពង់ខ្ពស់ គឺកាន់តែដាក់ខ្លួន ហើយនៅពេលដែលពួកគេមានចំណេះដឹងកាន់តែខ្លាំង គឺកាន់តែលាក់សមត្ថភាព។ ពាក្យមួយប្រយោគនេះគឺសមល្មមឲ្យយើងអាចធ្វើការគិតពិចារណាឡើងវិញនូវអ្វីដែលយើងកំពុងតែធ្វើសព្វថ្ងៃនេះថាត្រូវ ឬក៏ខុស។

ងាកមករឿងរបស់យើងវិញ ហេតុអ្វីបានជា ខុង មិញ និយាយបែបនេះ? ហេតុអ្វីបានជាយើងចាំបាច់ដាក់ខ្លួន ដើម្បីអ្វី? នៅត្រង់ចំណុចនេះ មិនមែនមានន័យថាឲ្យយើងដាក់ខ្លួនរហូតដល់ឲ្យគេជាន់ឈ្លីតាមតែអំពើចិត្តនោះទេ តែវាជាការដាក់ខ្លួនដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមព្រោះថាបើយើងតាំងខ្លួនជាមនុស្សដូចដែលទឹកពេញកែវ នោះយើងនឹងមិនទទួលបានអ្វីទាំងអស់ តែប្រសិនបើយើងធ្វើជាមនុស្សដូចដែលទឹកកន្លះកែវ នោះយើងអាចទទួលបានចំណេះថ្មីៗ បទពិសោធន៍ល្អៗ និងអាចរៀនសូត្រនូវមេរៀនដែលយើងមិនធ្លាប់បានជួបជាច្រើនទៀត តាមរយៈការដាក់ខ្លួនមួយនេះ។ អ្នកទាំងគ្នាត្រូវចាំថា គ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលអួតក្អែងក្អាងនោះទេហើយក៏គ្មានអ្នកណាចូលចិត្តមនុស្សដែលតាំងខ្លួនប្រៀបដូចជាទឹកពេញកែវនោះដែរ។

មួយទៀត ហេតុអ្វីបានជាចាំបាច់លាក់សមត្ថភាព ដើម្បីអ្វី? ការលាក់សមត្ថភាពនេះ មិនមែនមានន័យថាឲ្យយើងធ្វើជាមនុស្សល្ងង់រហូតនោះទេ តែអ្នកដែលមានចំណេះដឹងពិតប្រាកដគឺគេ ដឹងច្បាស់ណាស់ថា កន្លែងណាដែលគេអាចបញ្ចេញសមត្ថភាពទាំងនោះហើយកន្លែងណាដែលគេគួរតែលាក់បាំងសមត្ថភាពទាំងនោះ។ ដោយសារតែកន្លែងខ្លះនៅពេលដែលយើងបញ្ចេញសមត្ថភាពរបស់យើងទៅគឺអាចធ្វើឲ្យមានបញ្ហាកើតឡើងក៏ថាបាន ហើយកន្លែងខ្លះទៀតពេលដែលយើងបញ្ចេញសមត្ថភាពបែរជាធ្វើឲ្យស្ថានភាពបានល្អប្រសើរឡើងវិញ។ ដោយសារបែបនេះហើយបានជាគេនិយាយថាឲ្យយើងចេះបត់បែនទៅតាមកាលៈទេសៈ និងធ្វើជាមនុស្សដែលចេះលាក់បាំងសមត្ថភាពរបស់ខ្លួន ព្រោះអ្វីគ្រប់យ៉ាងគឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

៥ចំណុចជួយអ្នកឲ្យក្លាយជាមេដឹកនាំល្អសម្រាប់ក្រុមហ៊ុន បុគ្គលិក គ្រួសារ និងខ្លួនឯង

ភាពជាមេដឹកនាំកំពូល៣ចំណុចរបស់ CEO Apple លោក Tim Cook ដែលអ្នកមិនអាចមើលរំលង

- Advertisment -

ព័ត៌មានថ្មីបំផុត