ទំព័រដើម ព័ត៌មាន ឯកអគ្គរដ្ឋទូត...

ឯកអគ្គរដ្ឋទូត៖ ក្រុមហ៊ុនសឹង្ហបុរីបានបោះទុនជាង ១៧០ លានដុល្លារអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន ហុង ឡៃ ហួត ជាក្រុមហ៊ុនវិនិយោគដោយជនជាតិសិង្ហបុរី បានបន្តសកម្មភាពវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា បើទោះជាកំពុងស្ថិតនៅក្នុងក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។ គិតចាប់ពីឆ្នាំ ២០១៦ មកទល់បច្ចុប្បន្នក្រុមហ៊ុនមួយនេះ បានទុនប្រមាណជា ១៧០លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍអចលនទ្រព្យ និងវិស័យកសិកម្មនៅកម្ពុជា។

ជាមួយគ្នានេះ លោក ម៉ៃឃើល តាន់ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងពេលអញ្ជើញចូលរួមដាក់បង្ហាញគំនូរសិល្បៈដើម្បីអបអរសាទរចំណងសហប្រតិបត្តិការការទូតកម្ពុជា-សិង្ហបុរី ខួបលើកទី៥៥ឆ្នាំ បានលើកឡើងថា សិង្ហបុរីក៏ជាវិនិយោគិនលំដាប់ទី៤ នៅកម្ពុជាក្នុងឆ្នាំ២០១៩ ដោយបានវិនិយោគទឹកប្រាក់ប្រមាណ ២១៦លានដុល្លាអាមេរិក។ លោកបន្តថា ទោះបីជាជំងឺកូវីដ១៩ កំពុងរាតត្បាត និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក្តី តែលោកនៅតែជំរុញអ្នកវិនិយោគសិង្ហបុរីបន្តវិនិយោគនៅកម្ពុជា។

លោក ម៉ៃឃើល តាន់ បានថ្លែងកត់សម្គាល់ថា ក្នុងរយៈពេលជាង ៤ឆ្នាំនៃការធ្វើជាឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅកម្ពុជា លោកបានឃើញការរីកលូតលាស់ជាលំដាប់របស់ក្រុមហ៊ុន ហុង ឡៃ ហួត ស្របពេលកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគួរឱ្យចាប់អារម្មណ៍ មុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។

លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់ពីការវិនិយោគរបស់ក្រុមហ៊ុន ហុង ឡៃ ហួត ផងដែរ។ លោកទូត បានឱ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុន ហុង ឡៃ ហួត បានវិនិយោគជាង ១៧០លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍអចលនទ្រព្យ និងក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោក ម៉ៃឃើល តាន់ បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំក៏មានសេចក្តីរីករាយផងដែរ ដែលបានដឹងថា ហុង ឡៃ ហួត នឹងវិនិយោគយ៉ាងហោចណាស់ ១០០លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ ខ្ញុំរីករាយដែលក្រុមហ៊ុន ហុង ឡៃ ហួត បានឆ្លើយតបនឹងការអំពាវនាវរបស់ខ្ញុំ»

សូមបញ្ជាក់ថា ក្រុមហ៊ុន ហុង ឡៃហ៊ួត ជាក្រុមហ៊ុវិនិយោគធំមួយរបស់សិង្ហបុរីនៅកម្ពុជា ដោយវិនិយោគផ្តោសំខាន់ទៅលើវិស័យអចលនទ្រព្យ និងកសិកម្ម។ បច្ចុប្បន្នគម្រោងក៏បានសាងសង់ខុនដូរ D’Seaview នៅក្នុងទឹកដីខេត្តព្រះសីហនុ។

ទន្ទឹមនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានហៅការវិនិយោគរបស់ក្រុមហ៊ុន ហុង ឡៃហួត លើទឹកដីព្រះសីហនុ ជាសក្ខីភាពបង្ហាញឱ្យពីការជឿទុកចិត្ត និងជឿជាក់របស់អ្នកវិនិយោគលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកអភិបាលខេត្ត ក៏បានចាត់ទុកការវិនិយោគនេះ ជាការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុតែម្តង៕

ដោយ៖ ស្រីពេជ្រ

- Advertisment -

ព័ត៌មានថ្មីបំផុត