៧ ខែដំបូងឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្ដរជាតិសរុបប្រមាណ ១.២ លាននាក់

គិតត្រឹម ៧ ខែដំបូងនៃឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្ដរជាតិសរុបប្រមាណ ១.២ លាននាក់ ដែលធ្លាក់ចុះ ៦៨.៧ ភាគរយ ពី ៣.៨៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ នេះបើយោងទៅតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃ សុក្រ ម្សិលមិញ។

តាមរយៈរបាយការណ៍ដដែលបានឲ្យដឹងទៀតថា ភ្ញៀវទេសចរដែលចូលមកកម្សាន្ដនៅ កម្ពុជា ច្រើនជាងគេគឺជាជនជាតចិន វៀតណាម និងថៃ។ ដោយក្នុងនោះជនជាតិចិនមានចំនួន ២៨៣,០៦៣ នាក់ ជនជាតិវៀតណាមចំនួន ១៧៩,៧៨៤ នាក់ និងជនជាតិថៃចំនួន ១៧១,៦៧៧ នាក់ ធ្លាក់ចុះ ៨១ ភាគរយ ៦២ ភាគរយ និង ១៤ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

យ៉ាងណាមិញ សម្រាប់ខែ កក្កដា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសតែ ២០,៦៨៩ នាក់ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះ ៩៦ ភាគរយពី ៥០២,៤២១ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១ ៩។ ហើយការធ្លាក់ចុះដ៏ធំនៃចំនួនភ្ញៀវអន្តរជាតិ គឺដោយសារតែជំងឺរាតត្បាតប្រភេទទី ១៩ ដែលបានបង្ខំឲ្យ កម្ពុជា ដាក់កម្រិតការចូលសម្រាប់អ្នកដំណើរបរទេសទាំងអស់ចាប់តាំងពីខែ មីនា មកម្ល៉េះ។

សូមបញ្ជាក់ផងដែរ បើយោងទៅតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ កាលពីដើមខែ កញ្ញា កន្លងទៅនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ « កម្ពុជា បាត់បង់ចំណូលប្រមាណ ៥ពាន់លានដុល្លារ ពីវិស័យទេសចរណ៍ នេះបើតាមការសិក្សាជំហានដំបូងពីផលប៉ះពាល់។ ហើយវាប៉ះពាល់ខ្លាំងទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបណ្ដាលមកពីការរីករាលដាលនៃ កូវីដ ១៩»។

តែដោយសារមើលឃើញពីវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព ហើយការចេញដើរកម្សាន្ដរបស់ភ្ញៀវទេសចរចាប់ផ្ដើមមានសកម្មភាពឡើងវិញ ដូច្នេះ រាជរដ្ឋាភិបាល កម្ពុជា រំពឹងថាចុងឆ្នាំ២០២០នេះ វិស័យទេសចរណ៍កម្ពុជា ទំនងជាអាចរកចំណូលបានយ៉ាងហោចណាស់ពីចន្លោះ ១០០ទៅ ៥០០ លានដុល្លារអាមេរិក។

ខណៈ កម្ពុជា ជាប្រទេសតែមួយគត់នៅក្នុងតំបន់ អាស៊ី ដែលអ្នកឆ្លងជំងឺ កូវីដ ១៩ ត្រូវបានជាសះស្បើយស្ទើរទាំងអស់គ្មានសល់ និងគ្មានអ្នកស្លាប់នោះទេ ក្នុងចំណោមអ្នកឆ្លង ២៧៤ នាក់។ នេះបើយោងទៅតាមក្រសួងសុខាភិបាល កម្ពុជា នាថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២០៕

ដោយ៖ ស្រីពេជ្រ