៨ ខែឆ្នាំ ២០២០ នេះ វិស័យអាកាសចរណ៍កម្ពុជា បានធ្លាក់ចុះ ៧៥ ភាគរយ

គិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ ២០២០ នេះ វិស័យយអាកាសចរណ៍ កម្ពុជា ត្រូវបានមើលឃើញថាទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយចំនួនអ្នកដែលធ្វើដំណើរមកអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ បានធ្លាក់ចុះរហូតដល់  ៧៥ ភាគរយ។

តាមរយៈ ​លោក ខែ​ក ណូរី​ន​ដា ប្រធាន​ផ្នែក​ទំនាក់ទំនង​ផ្លូវអាកាស ​និង​ទំនាក់ទំនង​សាធារណៈ ​នៃ​អាកាសចរណ៍​កម្ពុជា បានបញ្ជាក់ប្រាប់ឲ្យបានដឹងយ៉ាងដូច្នេះថា «ដោយសារតែវិបត្តិកូវីដ-១៩ ជាសកល បានធ្វើឲ្យចរាចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង»។

លោកបានបន្តថា៖ «បើទោះជាជើងហោះហើរខ្លះបានចាប់ផ្ដើមមានដំណើរការសារជាថ្មីក៏ដោយ ប៉ុន្តែការបន្តធ្វើដំណើរតាមផ្លូវអាកាសនៅតែមានសភាពយឺតយ៉ាវ។ សូម្បីតែជើងហោះហើរក្នុងស្រុករបស់យើងក៏ស្ថិតនៅសភាពតិចតួចដែរ ជាពិសេសគឺនៅអាកាសយានដ្ឋានខេត្ត សៀមរាបតែម្ដង»។

ជាមួយគ្នានេះ លោកក៏បានប្រាប់ទៀតថា «ចំពោះការធ្លាក់ចុះនៃវិស័យអាកាសចរនេះ  ក៏បណ្ដាលឲ្យ ចំនួននៃការដឹកទំនិញ និងការធ្វើពាណិជ្ជកម្មមានការថយចុះទៅតាមនឹងដែរ។ ហើយវាក៏មានផលប៉ះពាល់ដល់អាជីវកម្មនៅក្នុងអាកាសយានដ្ឋានផងដែរ ដូចជាអាហារ ភេសជ្ជៈ និងហាងលក់រាយផងដែរ»។

លោកបន្ថែមថា «កង្វះអតិថិជន មានន័យថាការងាររបស់បុគ្គលិកអាកាសយានដ្ឋានក៏រងផលប៉ះពាល់ បែបនេះហើយដើម្បីទ្រទ្រង់អនាគតរបស់ក្រុមហ៊ុន វិធានការនានាត្រូវបានបង្កើតឡើងដើម្បីសម្របខ្លួន។ ហើយអាកាសយានដ្ឋានក៏បានផ្អាកការងារខ្លះ និងបានផ្ដល់ប្រាក់ក្រៅម៉ោងខ្លះសម្រាប់អ្នកកាត់បន្ថយម៉ោងការងារ»។

យ៉ាងណាមិញ ថ្វីបើ ៨ ខែដំបូងក្នុងឆ្នាំ ២០២០ នេះ វិស័យអាកាសចរណ៍នៅកម្ពុជាមានការធ្លាក់ចុះរហូតដល់ ៧៥ ភាគរយ ប៉ុន្ដែចំនួននេះបើប្រៀបធៀបទៅកាលពីរយៈពេល ៣ ទៅ ៤ខែមុន គឺមានភាពល្អប្រសើរជាងមុនបន្ដិច ព្រោះថាមួយរយៈមុខបានធ្លាក់ចុះរហូតដល់៩៨% ឯណោះ៕

ដោយ៖ ស្រីពេជ្រ