MARCUS CICERO៖ បន្ទប់ដែលគ្មានសៀវភៅប្រៀបបានដូចរាងកាយដែលគ្មានវិញ្ញាណ

លោក Marcus Tullius Cicero ​ គឺជាទស្សនៈវិទូ​ ជារដ្ឋបុរស​ ជាអ្នកច្បាប់​ ជាអ្នកទ្រឹស្តីនយោបាយ​ ទីក្រុងរ៉ូមដ៏ល្បីឈ្មោះម្នាក់ និងជាអ្នកធម្មនុញ្ញនិយមផងដែរ ។ ​​លោកកើតនៅថ្ងៃទី​ ៣ ខែ មករា​​ ឆ្នាំ១០៦ មុនគ្រឹះសករាជ ក្នុងទីក្រុងរ៉ូម​ ប្រទេសអ៊ីតាលី​ ។ ក្នុងនាមជាអ្នកនយោបាយប្រចាំចក្រភពរ៉ូម​ និងជាអ្នកទទួលឥទ្ធិពលទស្សននយោបាយពីខាងក្រៅ ​លោកបានប្រឹងប្រែងធ្វើយ៉ាងណា​ ដើម្បីឲ្យវប្បធម៌នយោបាយទាំងពីរនេះ ​អាចបង្រួមចូលគ្នា ​និងឈានទៅដល់ការបង្កើតទស្សននយោបាយ​ និងច្បាប់ថ្មីមួយ សម្រាប់សង្គមរបស់ខ្លួន​ ​ហើយលោកបានទទួលមរណភាពនៅថ្ងៃទី​ ៧​ ខែ ធ្នូ ឆ្នាំ៤៣ មុនគ្រឹះសករាជ ក្នុងជន្មាយុ ៦៣ ឆ្នាំ ​​នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ។

​តួយ៉ាងទស្សនៈវិទូរូបនេះ ក៏បានបន្សល់ទុកនូវទស្សនៈដ៏មានតម្លៃជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ ដែលក្នុងចំណោមទស្សនៈទាំងអស់របស់លោកមានទស្សនៈមួយបានឡើងថា «បន្ទប់ដែល​គ្មាន​សៀវ​ភៅ​ប្រៀបបាន​ដូច​រាង​កាយ​ដែល​គ្មាន​វិញ្ញាណ» ជាការពិតណាស់សៀវភៅ​ពិត​ជាដើរ​តួសំខាន់​ និង​មាន​តម្លៃខ្លាំងណាស់សម្រាប់មនុស្សគ្រប់ៗរូប ​ព្រោះសៀវភៅវាប្រៀបដូចជាស្ពានចម្លងអ្នកឲ្យចាកចេញពីភាពងងឹត ភាពអវិជ្ជា ​អាច​ជួយឱ្យ​អ្នក​មាន​ចំណេះដឹង​ជ្រៅជ្រះ​ និង​ទូលំ​ទូលាយ​បាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនអានសៀវភៅនោះទេ ​ អ្នក​នឹង​គ្មាន​ចំណេះដឹង មានតែភាពល្ងង់ខ្លៅ ​គ្មាន​គំនិត​វែងឆ្ងាយ ​វាប្រៀប​បាន​ដូចជា​រូបកាយ​ដែល​គ្មាន​វិញ្ញាណដូច្នោះដែរ។ មួយវិញទៀត លោកក៏ចង់ដាស់តឿនឲ្យមនុស្សជំនាន់ក្រោយស្រលាញ់សៀវភៅ ស្រលាញ់ការអាន ជាជាងយកពេលវេលាទៅធ្វើរឿងផ្សេងដែលឥតប្រយោជន៍។ ជាក់ស្ដែងនាពេលបច្ចុប្បន្នសម័យកាលកាន់តែមានភាពជឿនលឿន មនុស្សភាគច្រើនបណ្ដែតបណ្ដោយខ្លួនចំណាយពេលវេលាទៅលើការប្រើប្រាស់បណ្ដាញសង្គម ច្រើនជាងការចាប់សៀវភៅយកមកអាន។ អ្នកត្រូវដឹងថា បុគ្គលជោគជ័យ ភាគច្រើនតែចំណាយពេលវេលាជាច្រើនរបស់ពួកគេទៅលើការអានសៀវភៅជាងការធ្វើអ្វីទាំងអស់។

ជារួមមក សៀវភៅគឺជាវត្ថុដ៏មានតម្លៃសម្រាប់មនុស្សគ្រប់គ្នា អ្នកគប្បីចំណាយពេលទំនេររបស់អ្នកទៅលើការអានសៀវភៅដើម្បីទទួលបានចំណេះដឹងកាន់តែច្រើន ព្រោះចំណេះដឹងដែលអ្នកទទួលបានពីសៀវភៅទាំងអស់នោះនឹងផ្ដល់ជាប្រយោជន៍ដល់អ្នកនៅថ្ងៃអនាគតជាក់ជាមិនខាន៕

អត្ថបទដោយ៖ ស្រីពេជ្រ