Tesla ជិតមកដល់ខ្មែរហើយ! ចង់ដឹងអត់ថាពេល Tesla ជិះនៅខ្មែរ យើងសាកភ្លើងនៅកន្លែងណា?

មួយរយៈមុនមានផ្ទុះដំណឹងមួយថារថយន្ត Tesla Model X របស់អាមេរិកនឹងមកដល់ខ្មែរឆាប់ៗនេះ ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះជារបស់មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk ដែលជាបុគ្គលជោគជ័យមួយរូប និងបានធ្វើឲ្យពិភពលោករបស់យើងមួយនេះផ្លាស់ប្ដូរជាច្រើន។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងល្អមួយនេះហើយគេហទំព័រ Dr.Business របស់ពួកយើងក៏ បានចុះផ្សាយពីលក្ខណៈសម្បត្តិទាំង ១០ចំណុចរបស់ Tesla Model X នេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានដឹង និងបានបញ្ជាក់ប្រាប់ពីតម្លៃរបស់វាផងដែរគឺចាប់ពី ៨១,១៩០ដុល្លារអាមេរិក (តម្លៃក្នុងប្រទេសអាមេរិក) ។

ជាថ្មីម្ដងទៀត ពេលនេះពួកយើងក៏បានពាំនាំយកមកនូវចំណុចពិសេសមួយទៀតដែលមនុស្សជាច្រើន ចង់ដឹងនោះគឺ របៀបនៃការសាកថ្មរថយន្តអគ្គិសនីមួយប្រភេទនេះនៅលើដីកម្ពុជារបស់យើង ថាតើវាខុសប្លែកពីការសាកថ្មនៅក្នុងប្រទេសអាមេរិកយ៉ាងដូចម្ដេច?

បើយើងក្រឡេកទៅមើលប្រទេសអាមេរិកនោះយើងនឹងឃើញថា របៀបនៃការសាកថ្មនេះមានពីររបៀប គឺការសាកថ្មនៅតាមផ្ទះ និងការសាកថ្មនៅតាមស្ថានីយ៍បញ្ចូលថ្មសម្រាប់រថយន្តអគ្គិសនី ហើយសម្រាប់សហរដ្ឋអាមេរិកផ្ទាល់គឺ Tesla បានបង្កើតស្ថានីយ៍បញ្ចូលថ្មនៅតាមទីសាធារណៈរាប់ពាន់កន្លែងឯណោះដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ ការសាកថ្មនៅតាមផ្ទះ និងនៅតាមស្ថានីយ៍ក៏មានលក្ខណៈខុសគ្នាផងដែរ ដោយការសាកថ្មនៅតាមផ្ទះគឺសាកថ្មនៅក្នុងល្បឿនយឺត ចំណែកឯការសាកថ្មនៅតាមស្ថានីយ៍គឺសាកថ្មនៅក្នុងល្បឿនលឿន។

ដោយឡែក ចំពោះការសាកថ្មរថយន្ត Tesla នៅកម្ពុជាយើងវិញក៏មិនខុសគ្នានោះដែរព្រោះថាជាទូទៅ បើទោះបីជាស្ថិតនៅក្នុងប្រទេសណាក៏ដោយក៏សាកថ្មនេះគឺមិនមានការប្រែប្រួលអ្វីឡើយដោយយើងអាចសាកថ្មនៅតាមផ្ទះរបស់យើងដោយខ្លួនឯង ឬក៏ទៅសាកនៅតាមស្ថានីយ៍សាកភ្លើងរថយន្តអគ្គិសនីផ្សេងៗដែលមាននៅតាមទីសាធារណៈ និងតាមផ្សារទំនើបមួយចំនួនដូចជា ផ្សារទំនើប AEON Mall ជាដើម៕

អត្ថបទដោយ៖ វ៉ាន់ ចន្ថា

- Advertisment -

ព័ត៌មានថ្មីបំផុត