Tim Chen៖ ប្រើលុយ ៨០០ដុល្លារ បង្កើតវេបសាយធ្វើរឿងមួយ ១០ឆ្នាំក្រោយអាចរកប្រាក់បានជាង ៥០០លានដុល្លារ

លោក Tim Chen  ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមួយឈ្មោះថា NerdWallet ដែលធ្វើការផ្ដល់សេវាកម្មទៅលើការគ្រប់គ្រង និងការដោះស្រាយបញ្ហាហិរញ្ញវត្ថុនានា។ នៅក្នុងដំណើរការនៅលើទីផ្សារអស់រយៈពេលជាង ១០ ឆ្នាំ មកនេះ NerdWallet បានបង្កើតនូវប្រាក់ចំណូលប្រមាណជាង ៥០០ លានដុល្លារអាមេរិក តាមរយៈការបំពេញសេវាកម្មរបស់ខ្លួន នៅក្នុងការប្រឹក្សាយោបល់ទាក់ទងការគ្រប់គ្រងហិរញ្ញវត្ថុ។ នៅក្នុងនោះ Chen ក៏បានបង្ហាញពីការចាប់ផ្ដើមដ៏សាមញ្ញមួយ នៃ NerdWallet ដំបូង ដែលលោកមិននឹកស្មានថា វាជាគំនិតបែបសហគ្រិនភាព និងអាចរកប្រាក់បានច្រើនបែបនោះសោះឡើយ។

បើក្រឡេកទៅមើលកាលពី ឆ្នាំ ២០០៨ Chen ស្ថិតនៅក្នុងស្ថានភាពមួយ ដែលមិនមានការងារធ្វើសមរម្យនៅឡើយ ហើយលោកបានធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងគ្រាន់តែបានចិញ្ចឹមក្រពះតែប៉ុណ្ណោះ។ ក្នុងពេលនោះ Chen បានទទួលសំណួរមួយបងស្រីរបស់លោកទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏ប៉ុន្ដែលោកមិនអាចរកវាឃើញនៅលើបណ្ដាញ Google ឡើយ។ បន្ទាប់មក Chen បានឲ្យក្បួននៃការគ្រប់គ្រងប្រាក់ផ្ទាល់ខ្លួនទៅកាន់បងស្រី ហើយរឿងមិនគួរឲ្យជឿ គឺក្បួននៃការគ្រប់គ្រងហិរញ្ញវត្ថុមួយនោះ ត្រូវបានសមាជិកគ្រួសារលោកយកទៅប្រើប្រាស់ទាំងអស់។

ដោយឃើញនូវប្រសិទ្ធភាពនៃវិធីសាស្រ្ដរបស់ខ្លួន Chen ក៏បានសម្រេចចិត្តប្រើប្រាស់ប្រាក់ ៨០០ ដុល្លារនៅក្នុងការបង្កើតវេបសាយមួយទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុនោះ។ យ៉ាងណាមិញ គ្រប់ការជោគជ័យទាំងអស់មិនមែនកើតឡើងដោយស្រួលៗនោះទេ​។ នៅឆ្នាំដំបូង Chen ត្រូវធ្វើការពី ១៦ ទៅ២០ ម៉ោងនៅក្នុងមួយថ្ងៃ តែមិនអាចសូម្បីរកប្រាក់ទិញបាយញ៉ាំគ្រប់គ្រាន់ ដូច្នេះលោកត្រូវញ៉ាំនំប៉័ងជាប្រចាំ។

នៅឆ្នាំបន្ទាប់ស្រាប់តែវេបសាយមានអ្នកចូលទស្សនាកើនឡើងយ៉ាងគំហុគ ដែលធ្វើឲ្យ Chen អាចរកប្រាក់ចំណូលបានរហូតដល់ ៦ម៉ឺនដុល្លារក្នុងឆ្នាំ ហើយអត្រាអ្នកចូលទស្សនាបានកើនឡើងយ៉ាងច្រើន ពីមួយខែទៅមួយខែ។ តាមរយៈសន្ទុះនៃការកើនឡើងនេះ បញ្ជាក់ថាមានមនុស្សជាច្រើនមានកំពុងតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ ជាឱកាសល្អChen ក៏ចាប់ផ្ដើមប្រើប្រាក់មួយចំនួនសម្រាប់ជួលអ្នកជំនាញផ្នែកសរសេរ ដើម្បីធ្វើការបង្កើតនូវអត្ថបទដែលទាក់ទាញចិត្តរបស់អ្នកអាន និងបង្កើនចំនួនអត្ថបទឲ្យច្រើនជាងមុន។

បន្ទាប់មកនៅក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនមានការរីកចម្រើនយ៉ាងខ្លាំង ទាំងសន្ទុះនៃការគាំទ្រ ជាមួយប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន ដែលធ្វើឲ្យ NerdWallet បង្កើតនូវសេវាកម្មថ្មី ដោយមាន App ផ្ទាល់ខ្លួន ជាមួយនឹងការបង់ថ្លៃសមាជិកសម្រាប់ការប្រើប្រាស់សេវាកម្មផងដែរ។ ដោយភាពរីកចម្រើនកាន់តែខ្លាំង ជាមួយការជឿជាក់ពីសំណាក់អ្នកប្រើប្រាស់សេវាកម្មនោះ បានធ្វើឲ្យ NerdWallet ក្លាយជាក្រុមហ៊ុនជំនាញខាងការផ្ដល់នូវចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុមួយរហូតមកទល់បច្ចុប្បន្ន៕

អត្ថបទដោយ៖ ច័ន្ទរស្មី

- Advertisment -

ព័ត៌មានថ្មីបំផុត